លោក គឹម សុខ ថាមានអ្នកផ្តល់យោបល់ឲ្យលោកជជែកជាមួយ លោក ហ៊ុន ម៉ាណែត

លោក ហ៊ុន ម៉ាណែត និង លោក គឹម សុខ

អ្នកវិភាគបញ្ហានយោបាយ លោក គឹម សុខ ដែលត្រូវបានលោក ហ៊ុន សែន ប្តឹងនោះ បានអះអាងថា មានអ្នកផ្តល់យោបល់ឲ្យលោកជជែកជាមួយលោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បងរបស់នាយករដ្ឋមន្រ្តី ដោយថាទើបអាចបន្ថូរបន្ថយស្ថានការណ៍តានតឹង។

ក្រោយពីចូលទៅដាក់ពាក្យស្នើសុំពន្យារពេលចូល​បំភ្លឺនៅតុលាការនៅព្រឹកនេះ លោក គឹម សុខ  ថ្លែងថា «កន្លងមកមានអ្នកទូរសព្ទមកខ្ញុំថា ឥឡូវយើងគួរជជែកគ្នា គេប្រើពាក្យថា ជជែក​ជាមួយឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីបន្ថូរបន្ថយភាពតានតឹង»។

ប៉ុន្តែលោក គឹម សុខ បញ្ជាក់ថា លោកមិនមានទំនាស់ជាមួយលោក ហ៊ុន ម៉ាណែត ទេហើយ​មិន​មាន​ហេតុផលអីទៅជជែកគ្នានោះដែរ ដោយលោកថាគណបក្សប្រជាជនកម្ពុជា​ជាអ្នក​ប្តឹងគាត់។ លោកថា «ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំអាចជជែកបាន ប៉ុន្តែអ្វីដែលជជែក​ ខ្ញុំ​សូមបញ្ជាក់ថា ខ្ញុំមិនជជែក​ស្ងាត់ៗបិទបាំងភ្នែកពលរដ្ឋទេ។ ជជែកទៅលើ​កញ្ចក់ទូរទស្សន៍ ទទក ក្តី បាយ័នក្តី»។

លោក ហ៊ុន សែន បានប្តឹងអ្នកវិភាគរូបនេះ ពីពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រឈមជាប់ទោសពីរឆ្នាំ។ បណ្តឹងនេះធ្វើឡើងបន្ទាប់ពីលោក គឹម សុខ ថ្លែងថា ករណីបាញ់សម្លាប់ លោក កែម ឡី អាចជាប់ពាក់ព័ន្ធបក្សកាន់អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ