គ.ជ.ប ថាសំណើរបស់បក្សសង្គ្រោះជាតិដែលសុំលុបឈ្មោះវៀតណាមធ្វើឡើងដោយមិនយល់ច្បាប់

គ.ជ.ប

ទីប្រឹក្សារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលើកឡើងថា បណ្ដឹងរបស់គណបក្សប្រឆាំងដែលសុំលុបឈ្មោះជនជាតិវៀតណាមចេញពីបញ្ជីបោះឆ្នោតធ្វើឡើងដោយមិនយល់ពីច្បាប់។ ប៉ុន្ដែបក្សប្រឆាំងឆ្លើយតបវិញថា នេះជាការដោះសារដោយពុំសមហេតុផល។

បន្ទាប់ពីត្រូវបានចោទសួរដោយមន្ដ្រីបក្សប្រឆាំងក្នុងកិច្ចប្រជុំមួយ នៅថ្ងៃព្រហស្បតិ៍នេះ លោក កែវ ផល្លា ទីប្រឹក្សា គ.ជ.ប និងជាប្រធាននាយកដ្ឋានសេវាកម្មច្បាប់និងវិវាទកម្ម មានប្រសាសន៍ថា ការដែល គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ច្រាលចោលសំណើសុំលុបឈ្មោះជនជាតិវៀតណាមនោះជាការត្រឹមត្រូវស្របតាមបញ្ញត្ដិច្បាប់បោះឆ្នោត និងច្បាប់ផ្សេងទៀតរបស់កម្ពុជា ដោយលោកថា បណ្ដឹងតវ៉ា និងបណ្ដឹងសាទុក្ខរបស់បក្សប្រឆាំង ធ្វើឡើងដោយមិនយល់ពីគតិច្បាប់។

លោកបានរិះគន់បក្សប្រឆាំងថា គ្រាន់តែជនទាំងនោះនិយាយខ្មែរមិនច្បាស់ ឬនៅប្រកាន់ប្រពៃណីវៀតណាមនោះ មិនបានន័យថា ពួកគេជាជនជាតិបរទេសកាន់អត្ដសញ្ញាណខុសប្រក្រតីនោះទេ។

លោកថា៖ «កុំមើលឃើញរូបរាងគេប្ដឹងហ្មងហ្អាស យើងមើលទៅឃើញគេនិយាយភាសានិយាយភាសាយួនអ៊ីចឹងមែន និយាយឲ្យខ្លី ប្ដឹងយកតែម្ដង។ គេហៅថាបច្ចេកទេសនៃការប្ដឹងរបស់យើង ប្រហែលជានៅមានកម្រិត យើងអត់មានហាមគេថា នេះឯងអត់មានប្ដឹងគេបានទេ រឿងហ្នឹងប្ដឹងអត់បានទេ ប៉ុន្ដែដោយឡែកបើគជប ខ្ញុំអាចនឹងណែនាំបាន។ អ៊ីចឹងហើយមុននឹងប្ដឹងអីមួយករណីចឹងៗ សូមឲ្យមានការប្រយ័ត្នប្រយែង ចឹងបានខ្ញុំថាមើលច្បាប់បោះឆ្នោត យើងចង់ប្ដឹងរឿងច្បាប់បោះឆ្នោតមើលច្បាប់បោះឆ្នោតឲ្យច្បាស់»។

លោក កែវ ផល្លា លើកឡើងថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាការត្រឹមត្រូវ ដោយថា គ.ជ.ប គ្មានសមត្ថកិច្ចពិនិត្យមើលភាពត្រឹមត្រូវនៃការកាន់អត្ដសញ្ញាណបណ្ណនោះទេ ប៉ុន្ដែលោកថាគឺស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ លោកបន្ថែមថា ឲ្យតែបុគ្គលនោះមានកាន់អត្ដសញ្ញាណបណ្ណខ្មែរ គឺសុទ្ធតែមានសិទ្ធិចុះឈ្មោះ និងបោះឆ្នោតបានទាំងអស់ ដោយលោកថា  គ.ជ.ប មិនអាចបដិសេធឡើយ។

តំណាងឲ្យគណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ដ បានឲ្យ VOD ដឹងក្រោយកិច្ចប្រជុំនោះថា លោកមានការខកចិត្តចំពោះការលើកឡើងនេះ ដោយលោកថា គណបក្សប្រឆាំងក៏មានអ្នកជំនាញផ្នែកច្បាប់ និងមេធាវីការពារពាក់ព័ន្ធនឹងសំណើសុំលុបឈ្មោះជនជាតិវៀតណាមដែរ។

លោកថា គណបក្សសង្គ្រោះជាតិមានតែទទួលយកការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ ដោយថា នេះជាសេចក្ដីសម្រេចបិទផ្លូវតវ៉ា។ ប៉ុន្ដែលោកថា ក្នុងកំឡុងពេលបោះឆ្នោត ប្រជាពលរដ្ឋខ្មែរនឹងដឹងច្បាស់ដោយខ្លួនឯងថាតើ នៅកម្ពុជាមានជនជាតិវៀតណាមទៅបោះឆ្នោតឬអត់។

លោកថា៖ «ច្បាប់គេនិយាយអី យល់ដូចតែគ្នាហ្នឹង ប៉ុន្ដែនេះជាសិទ្ធរបស់គាត់ គាត់និយាយអីជារឿងរបស់គាត់ ប៉ុន្ដែយើងក្នុងនាមជាគណបក្សនយោបាយ យើងត្រូវប្រើប្រាស់សិទ្ធិរបស់យើង ក្នុងការចូលរួមអនុវត្តនិតិវិធី ជាពិសេសគឺតាមដាន និងឃ្លាំមើលនៅភាពមិនប្រក្រតីទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត។ ហើយការបន្ទោសលើគណបក្សសង្គ្រោះជាតិថាមិនយល់ពីបណ្ដឹង គឺជាការភាន់ច្រឡំ ពីព្រោះយើងក្រុមអ្នកច្បាប់របស់យើង និងទៅលើច្បាប់នីមួយៗ ហើយការអនុវត្តអត់មានខុសទៅតាមនិតិវិធី គ.ជ.ប ទេ»។

លោក ហ៊ីង សុខសាន្ដ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិនឹងព្យាយាមលាតត្រដាងឲ្យមជ្ឈដ្ឋានជតិ និងអន្ដរជាតិបានដឹងការពិតពីដំណើរការបោះឆ្នោតនាពេលខាងមុខ ដោយលោកថា ពិតជាមានជនបរទេសកំពុងចូលជ្រៀតជ្រែកកិច្ចការបោះឆ្នោតនៅកម្ពុជាមែន។

លោក គល់ បញ្ញា នាយកប្រតិបត្តិ​របស់​អង្គការ​ខុម​ហ្រ្វែល​យល់ថា បន្ទុកសើរើពីការចូលសញ្ជាតិរបស់ជនបរទេស មិនមែនស្ថិតលើ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញទាំងស្រុងនោះទេ។ បើតាមលោក គល់ បញ្ញា នេះក៏ជាភារកិច្ចរបស់ក្រសួងមហាផ្ទៃ តុលាការ​ និងអាជ្ញាធរពាក់ព័ន្ធផងដែរ ដើម្បីពិនិត្យពីភាពត្រឹមត្រូវនៃការចូលសញ្ជាតិ ដោយលោកថា ក្នុងករណីចាំបាច់ អាជ្ញាធរអាចដកហូតអត្តសញ្ញណាបណ្ណ ដោយមិនឲ្យជនដែលគេសង្ស័យថា វៀតណាមទាំងនោះអាចទៅបោះឆ្នោតបានទេ។

លោកថា៖ «វាមិនមែនគ្រាន់ជា​បន្ទុករបស់ គ.ជ.ប ហើយនិងក្រុមប្រឹក្សាធម្មនុញ្ញទេ​ ជាពិសេសទាក់ទិននឹងអ្នកដែលសិទ្ធិចុះឈ្មោះបោះឆ្នោត ដែលមានសញ្ជាតិខ្មែរ គឺពាក់ព័ន្ធទៅនឹងអាជ្ញាធរ ក្រសួងមហាផ្ទៃ ហើយនិងតុលាការបច្ចុប្បន្នដែលត្រូវពិនិត្យមើល។ ហើយនៅក្នុងគោលការណ៍ក្រសួងមហាផ្ទៃ គឺនៅក្នុងច្បាប់ គេថាដែរ ទោះបីអ្នកមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរក៏ដោយ ប៉ុន្ដែបើគេរកឃើញថាគាត់អត់មានសញ្ជាតិខ្មែរ គេអាចដកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរហ្នឹង»។

បើតាមមន្ដ្រីអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ជនអន្តោប្រវេសន៍រស់នៅកម្ពុជាមានប្រមាណជាង ១៦ម៉ឺននាក់ ក្នុងនោះ ជនជាតិវៀតណាមមានច្រើនជាងគេ គឺ ៩៩.៤៩ភាគរយ។ បើតាមមន្ដ្រីអន្ដោប្រវេសន៍ ជនជាតិវៀតណាមមានប្រមាណជាង៧ម៉ឺននាក់ បានកាន់កាប់ឯកសាររដ្ឋបាលខុសប្រក្រតី ដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើតអត្តសញ្ញាណបណ្ណសញ្ជាតិខែ្មរ លិខិតឆ្លងដែន និងឯកសារដទៃទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ