ក្រសួងពន្យល់ពីបាតុភូតចុះអ័ព្ទច្រើននៅព្រឹកនេះ​

អ័ព្ទ​គ្រប​ដណ្ដប់​លើ​រាជ​ធានី​ភ្នំពេញ កាលពីចុងខែធ្នូ ឆ្នាំ២០១៨។ រូបថត៖ ក្រសួងធនធានទឹក និងឧត្តុនិយម

ក្រសួងពន្យល់ថា បាតុភូតចុះអ័ព្ទខ្លាំងនៅក្នុងរាជធានីភ្នំពេញថ្ងៃនេះ កើតឡើងដោយសារខ្យល់ពីរក្រុមប៉ះគ្នា ហើយមិនមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ។​

អ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម លោក ចាន់ យុត្ថា ពន្យល់ថា ការចុះអ័ព្ទនេះកើតឡើងមកពីការជួបប្រសព្វគ្នារវាងម៉ាសខ្យល់ត្រជាក់ និងខ្យល់ក្តៅ ដោយសារឥទ្ធិពលនៃខ្យស់មូសុងឦសាន្តស្ងួតត្រជាក់ជួបជាមួយខ្យល់មកពីសមុទ្រជាខ្យល់ក្តៅ ដែលជាឥទ្ធិពលរបស់ព្យុះសាន់បា។

លោកបន្តថាបន្ទាប់ពីបាតុភូតនេះ​ នៅពេលថ្ងៃរសៀលឬយប់នេះនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយបន្តទៀត។

លោកបញ្ជាក់ថា អ័ព្ទរបៀបនេះមិនបង្កជាបញ្ហាអ្វីទេ គ្រាន់តែមើលទៅរាងអាប់អួរធ្វើឲ្យហប់ និងមានសភាពស្អុះស្អាប់នៅពេលថ្ងៃ ដែលជាបាតុភាពប្រទាញប្រទុងគ្នាមុនភ្លៀង។

លោបឲ្យដឹងដែរថា កម្ពុជាកំពុងទទួលរងឥទ្ធិពលព្យុះទី២ឈ្មោះសាន់បា ធ្វើដំណើរឆ្លងពីហ្វីលីពីនមកសមុទ្រចិនខាងត្បូង ហើយកំពុងតែបន្តដំណើរមកភាគអាគ្នេយ៍ប្រទេសវៀតណាម។ យប់នេះព្យុះនឹងធ្វើដំណើរមកគៀកតំបន់ធ្នេរប្រទេសវៀតណាម ធ្វើឲ្យកម្ពុជាអាចនឹងមានភ្លៀងធ្លាក់នៅតំបន់មាត់សមុទ្រ បណ្តាខេត្តមួយចំនួននៅតំបន់ខ្ពង់រាប និងខេត្តភាគខាងកើតជាប់ប្រទេសវៀតណាមរួមទាំងភ្នំពេញដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ