អាជ្ញាធរថា ជនជាតិចិនសម្រុកទៅក្រុងប៉ោយប៉ែតច្រើននិងត្រូវប្រយ័ត្នបទល្មើស

អាជ្ញាធរខេត្តបន្ទាយមានជ័យជំរុញទៅសមត្ថកិច្ចពាក់ព័ន្ធ ឲ្យប្រុងប្រយ័ត្នចំពោះបទល្មើសដែលអាចកើតមានឡើង ខណៈរបាយការណ៍ខេត្តមួយនេះលើកឡើងថា មានកំណើនភ្ញៀវទេសចរនិង អ្នករកស៊ី​ចិនកើនឡើង បន្ទាប់ពីខេត្តព្រះសីហនុ។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក អាត់ ខែម ប្រាប់ VOD នៅថ្ងៃនេះថា កំណើនជនជាតិចិន បានកើនឡើងដល់ទៅជាង៣ពាន់នាក់ហើយ ដោយលោកអះអាងថា ពួកគេសុទ្ធសឹងជាភ្ញៀវទេសចរ និងអ្នកវិនិយោគល្អៗ ដែលចូលមកស្នាក់នៅ និងបណ្ដាក់ទុនរកស៊ីក្នុងប្រទេសកម្ពុជា។

ប៉ុន្ដែ លោកថា បើជនបរទេសទាំងនោះ ប្រព្រឹត្តបទល្មើសលើទឹកដីកម្ពុជានោះ អាជ្ញាធរនឹងចាត់វិធានការប្រឆាំងពួកគេ។

លោកថា៖ «យើងបើកទូលាយការងារវិនិយោគ ប៉ុន្ដែគ្រាន់តែយើងប្រុងប្រយ័ត្នក្រែងលោមានបទល្មើសហ្នឹងណា និងការពារអ្នកវិនិយោគឲ្យបានល្អ ប៉ុន្ដែបើទាក់ទងនឹងបទល្មើស យើងនឹងចាត់វិធានការតាមផ្លូវច្បាប់។ នៅខាងប៉ោយប៉ែតជាង៣ពាន់នាក់ មានតិចទេ នៅខាងខេត្តកំពង់សោម បានគេច្រើន»។

មន្ដ្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា ឲ្យដឹងថា លោកមានក្ដីព្រួយបារម្ភខ្លាំង ​បន្ទាប់ពីឃើញជនជាតិចិនចូលមករស់នៅច្រើន ដោយថា ពួកគេទាំងនោះច្រើនរកស៊ីតាមប្រព័ន្ធអនឡាញ បើកបនល្បែងកាស៊ីណូ និងវាយតប់គ្នាតាមដងផ្លូវសាធារណៈ។

លោកថា៖ «យើងគិតថា ជនជាតិចិនល្អ ឬអាក្រក់ ប៉ុន្ដែថ្មីៗនេះ ឃើញចិនបានមកធ្វើការនៅស្រុកខ្មែរហើយបណ្ដេញខ្មែរចេញអត់ឲ្យធ្វើការ ទី២ យើងឃើញដូចជាមានការដេញកាប់គ្នាអីអញ្ចឹងដែរ ប៉ុន្ដែភាគច្រើននៃការរកស៊ីរបស់ជនជាតិចិន គឺយើងឃើញក្នុងក្រុងប៉ោយប៉ែត ទាក់ទងទៅនឹងអនឡាញ ដែលបង្កប់ដោយគ្មានអ្នកណាមួយបានទៅធ្វើការស៊ើបអង្កេត បានទៅមើលអីលើហ្នឹង»។

ខេត្តបន្ទាយមានជ័យ ទំនងជាខេត្តទី២ ដែលមានជនជាតិចិនចូលមករស់នៅច្រើនជាងគេ បន្ទាប់ពីខេត្តព្រះសីហនុ ដែលមាន ចិនជាង៤ពាន់នាក់(៤ ៤៩៨នាក់)។

កាលពីថ្ងៃទី២៤មករា អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន ក៏បានគូសបញ្ជាក់ពីផលប៉ះពាល់នៃកំណើនជនជាតិចិនក្នុងខេត្តនេះទៅរដ្ឋាភិបាលផងដែរ ដូចជា ក្រុមម៉ាហ្វីយ៉ាជាជនជាតិចិនបានបន្លំខ្លួនចូលមកប្រព្រឹត្តបទល្មើស និងបង្កអសន្ដិសុខ ចាប់ជម្រិតអ្នកវិនិយោគ និងវាយតប់គ្នានៅតាមទីសាធារណៈ។

ប៉ុន្ដែ ក្នុងសន្និសិទសារព័ត៌មានមួយកាលពីថ្ងៃទី៧កុម្ភៈ ស្ថានទូតចិនប្រចាំនៅកម្ពុជា​ អះអាងថា រដ្ឋាភិបាលចិន មិនគាំទ្រឲ្យជនជាតិរបស់ខ្លួន យកកម្ពុជាធ្វើជា China Town ទី២ឡើយ ហើយក៏ប្រកាសមិនគាំទ្រឲ្យពួកគេបង្កើតបនល្បែងស៊ីសង ឬកាស៊ីណូខុសច្បាប់ក្នុងប្រទេសកម្ពុជាផងដែរ។

បើតាមរបាយការណ៍ក្រសួងទេសចរណ៍ នៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវអន្ដរជាតិសរុបជាង៥លាន៦សែននាក់ (៥,៦០២,១៥៧នាក់) ក្នុងនោះ ជនជាតិចិនមានច្រើនជាងគេ គឺជាង១លាន២សែននាក់ (១,២១០,៧៨២នាក់)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ