អាជ្ញាធរថៃឃាត់ទូកនេសាទជួញដូរពលករខ្មែរ១៥នាក់​

ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថាអាជ្ញាធរថៃបានឃាត់ទូកនេសាទថៃ ដោយសង្ស័យថាជួញដូរពលក​រខ្មែរ​១៥នា​ក់។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃពុធនេះ ក្រសួងការបរទេសបានឲ្យដឹងថាកាលពីថ្ងៃទី ២១ ខែមករា អាជ្ងាធរថៃបានឃាត់ទូកនេសាទថៃ​ចំនួន២គ្រឿងហើយឃើញមានព​លករខ្មែរ១៥នាក់ដែល​អាជ្ងា​ធ​រថៃសង្ស័យជាជនរងគ្រោះដោយសារការជួញដូរមនុស្ស។ សេចក្តីប្រកាសព័ត៌មានបន្តថាអា​ជ្ញាធរ​បាន​​នាំ​យកពលករខ្មែ​រទាំងនោះទៅរក្សាទុកនៅមជ្ឈមណ្ឌ​លស្តារនិតិសម្បទាជនរងគ្រោះដោយការជួ​ញដូរ​មនុស្សខេត្ត​Ranong។

ពលករខ្មែរទាំង១៥នាក់នោះ មានឈ្មោះ នឹម ញ៉ាវ(ខេត្តកំពង់ស្ពឺ) នឹម សុឃឿ(ខេត្តកំពង់ស្ពឺ) នឹម សុខា (ខេត្ត​កំពង់ស្ពឺ) មូល រឿន(ខេត្តកំពង់ស្ពឺ) សាម វុទ្ធី(ខេត្តកំពង់ស្ពឺ) ថុន ម៉ី(ខេត្តស្វាយរៀង) ថុន ភា(ខេត្ត​ស្វាយ​​រៀង) ថុន ពុធ(ខេត្តស្វាយរៀង) ធី រ៉េត(ខេត្តកំពង់ធំ)  ណែ មាន(ខេត្តកំពង់ធំ) ប៊ុន ធឿន(ខេត្ត​កំពង់ធំ​) ឈឹម ណន(ខេត្តកំពង់ធំ) ឃន់ សុឃិន(ខេត្តកំពង់ចាម) ពូន ភា(ខេត្តកំពត)និងទូច វ៉ាន់(ខេត្តកំពត)។

ក្រសួងបន្តថាបន្ទាប់ពីបានទទួលព័ត៌មាននេះ លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស កម្ពុជាបានណែ​នាំ​ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃឲ្យចុះសួរសុខទុក្ខនិងជំរុញឲ្យមានការដោះលែងពលករទាំង១៥នាក់បានឆាប់រហ័សហើយនិងទាមទារសំណងពីក្រុមហ៊ុនទូកនេសាទថៃជូនដល់ពលករទាំងអស់។

បើតាមក្រសួងការបរទេសកម្ពុជា អាជ្ងាធរមូលដ្ឋានថៃស្នើសុំឲ្យពលករទាំងអស់​ស្នាក់នៅក្នុងមជ្ឈមណ្ឌ​ល​មួយរយៈសិ​ន ដើម្បីធ្វើសាក្សីក្នុងការចោទប្រកាន់ក្រុមហ៊ុនទូកនេសាទថៃ ពីបទជួញដូរកម្លាំងពលកម្ម​មនុស្ស​​។ ក្រសួ​ងបញ្ជាក់ថានៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៦ តុលាការនឹងកោះហៅសា​ក្សីទាំងអស់ទៅផ្ត​ល់ចម្លើយ​។ តុលាការអាចពិចារណាអនុញ្ញាតឲ្យពលករចាកចេញពីថៃ ក្នុងករណីទទួលបានចម្លើយ​គ្រប់គ្រាន់​ហើ​យ។

ក្រសួងការបរទេសបន្តថា៖ “នៅពេលនេះ ក្រុមហ៊ុនទូកនេសាទបានយល់ព្រមទូទាត់ឲ្យ​ពលករនូវទឹកប្រា​ក់ចំ​នួន២៥០០​០បា​តក្នុងម្នាក់ៗរួចហើយ ដោយប្រគល់ឲ្យមជ្ឈមណ្ឌលរក្សាទុកជូនដល់​ជនរងគ្រោះ។​តាមការ​ពិនិ​ត្យ​រ​បស់ស្ថានទូត ពលករខ្មែរទាំងនេះត្រូវបានមជ្ឈមណ្ឌលយកចិត្តទុកដាក់មើលយ៉ាងល្អ ដោយមាន​កន្លែងស្នា​ក់នៅសមរម្យ ការហូប-ចុក៣ពេលក្នុងមួយថ្ងៃនិងម្ហូប៣មុខក្នុង១ពេល ។ល។”

ក្រសួបន្ថែមថា៖ “ស្ថានទូតក៏បានទំនាក់ទំនងជូនព័ត៌មានដល់គ្រួសារពលករទាំង១៥នាក់រួចហើយ ដើម្បីកុំ​ឲ្យមា​​នការព្រួយបារម្ភហើយក៏បានជួយសម្រួលឲ្យសាច់ញាតិរបស់ពលករមួយចំនួនបាន ធ្វើដំណើរទៅសួរសុ​ខទុក្ខដល់មជ្ឈ​មណ្ឌល”

គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៥ ប្រជានេសាទខ្មែររាប់រយនាក់ដែលរ​ងការធ្វើបាបនៅលើទូកនេ​សាទនៅប្រ​ទេ​សថៃ​ត្រូវបានបញ្ជូនមកម្ពុជាជាបន្តបន្ទាប់។

របាយការណ៍របស់អាមេរិកប្រចាំឆ្នាំ២០១៥ស្តីពីការជួញដូរមនុស្សបានដាក់កម្ពុជាក្នុងចំណាត់ថ្នាក់មួយដែលមិនទាន់គោរពតាមស្តង់ដារអប្បបរមានៃច្បាប់ការពារជនរងគ្រោះដោយការជួញដូរ(TVPA) ដោយលើក​ឡើងករណីការរំលោភសិទ្ធិមនុស្សលើបុរសខ្មែរដែលធ្វើការលើទូកនេសាទនៅប្រទេសថៃ។

កាលពីដើមខែកក្កដាឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថាក្នុងចំណោមប្រជាព​លរដ្ឋខ្មែរប្រមាណ១លា​ននាក់ដែលទៅធ្វើការ​នៅក្រៅប្រទេស៧០ភាគរយកំពុងបាន​ទទួលរងការប្រថុ​យ​ប្រថា​​ន​ធ្វើការងារគ្មានច្បាប់អនុញ្ញាត ការកេងប្រវ័ញ្ចនិងអំពើជួញដូរមនុស្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ