មន្រ្តីក្រសួង​​ថា​ករណី​​ឆេះ​ព្រៃបំផ្លាញរថយន្តជាង​២០គ្រឿង​ ​មិន​មែន​ជា​ការ​លួច​ដុតនោះទេ

មន្រ្តី​ក្រសួង​កសិកម្មរុក្ខា​ប្រមាញ់​និងនេសាទ​លើក​ឡើង​ថា​​ការ​ឆេះ​ព្រៃ​នៅ​ក្នុង​បរិវេណ​រដ្ឋ​បាល​ព្រៃ​ឈើ​ភ្នំក្រវាញ​ខេត្ត​ពោធិ៍សាត់​ដែល​បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​ជាង​២០គ្រឿង ​មិន​មែន​ជា​ការ​លួច​ដុតបំបាត់​ភស្តុតាង​នោះ​​ទេ។

កាល​រសៀល​ថ្ងៃ​ទី១៣ ខែ​មីនា មាន​ករណី​ឆេះ​ព្រៃ​នៅ​ក្នុង​បរិវេណ​នៃ​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ​ដែល​​មាន​ទី​តាំ​ង​នៅភូមិព្រែក១​ ឃុំ​សំរោង​ទង​ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ​បណ្តាល​ឲ្យ​ខូច​ខាត​រថយន្ត​ចំនួន​២៧គ្រឿ​ង​ដែល​រដ្ឋ​បាល​ព្រៃ​ឈើ​ចាប់​បាន​ពី​ជនល្មើស​ព្រៃ​ឈើ។

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម លោក អ៊ាង​ សុផលែ្លត មានប្រសាសន៍ថា​រហូត​មក​ដល់​ពេលនេះ ​លោក​​​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ពិតដែល​បណ្តាល​ឲ្យ​មាន​ការ​ឆេះ​រាល​ដាល​ដល់​រដ្ឋ​បាល​ព្រៃឈើ​នៅ​ឡើយទេ តែ​លោក​​បាន​បដិ​សេ​ធ​ថាការ​ឆេះ​ព្រៃ​នេះ​មិន​មែន​បណ្តាល​មក​ពី​មាន​អ្នក​លួច​ដុត ​ដើម្បី​បំផ្លាញ​ភស្ភុតាង​នោះ​ទេ។

លោកមានប្រសាសន៍ថា៖ “មិនទេ​នោះ​គឺ​ជា​ការ​វាយ​តម្លៃ​មួយដែល​មិន​មាន​មូល​ដ្ឋាន​ជាក់លាក់ ឯក​ឧត្តម​រដ្ឋមន្ត្រីក្រោ​យពី​បាន​ទទួលដំណឹងភ្លាម​លោក​បាន​អញ្ចើញ​ទៅ​ដល់​ភ្លាម ហើយ​ក៏បាន​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ដែនដី​ផង ជាមួយរដ្ឋបាល​ព្រៃ​ឈើ​ដែល​ជា​អង្គភាព​ទទួល​ខុស​ត្រូវផង​ហើយ​បាន​សិក្សា​ពិនិត្យ​ឃើញថា​ស្រាវជ្រា​វ​ឃើញ​ថា​ពុំ​មាន​ការ​ដុត​ដោយ​ចេតនាទេ គឺ​ជាបណ្តាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​តែម្តង​បាទ

បើ​តាម​លោក អ៊ាង សុផលែ្លត រថយន្តនិងឈើ​ដែល​ត្រូវ​បាន​ឃាត់​ទុក​នេះត្រូវ​បាន​អាជ្ញាធរ​តម្កល់​ទុក​ធ្វើ​ជា​វត្ថុ​តាងជូនតុលាការ ​ដើម្បី​ឲ្យ​តុលាការ​ធ្វើ​ការ​សម្រេចជា​ចុងក្រោយ។ លោក​បន្ថែម​ថា​ការ​រាល​ដាល​នៃការ​ឆេះ​នេះមិន​បណ្តាល​ឲ្យ​ឆេះ​ដល់​ឈើ​ដែល​ចាប់​បាន​ទេ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក អ៊ុក រ៉ាប៊ុន បាន​ដឹកនាំមន្រ្តី​ទៅ​ពិនិត្យ​មើល​ទីតាំងឆេះកាលពីថ្ងៃ​អង្គារ​ម្សិលមិញនេះ។​

ទោះ​ជា​យ៉ាង​ណាមន្ត្រី​សមាគមអាដហុក​ប្រចាំ​ខេត្ត​ពោធិ៍សាត់ ​លោក ភួង សុធា បានប្រាប់​វី​អូ​ឌី​ថាលោក​នៅ​តែមាន​ការ​សង្ស័យ​ថា​នេះ​ជាការ​លួច​ដុតពី​ខាង​ក្នុង​បរិវេណ​​នៃ​រដ្ឋ​បាល​ព្រៃ​ឈើវិញ ក្រោម​ហេតុ​ផលថា​​រដ្ឋបាល​ព្រៃ​ឈើ​ភ្នំក្រវាញ​នោះ​មាន​​របង​​ព័ទ្ធ​ជុំវិញសុទ្ធ​តែ​ថ្ម។ លោក​បន្តថាសមាគមអាដហុក​នៅតែ​ទទូច​​ឲ្យ​រដ្ឋបាល​ព្រៃ​ឈើ ក៏ដូច​ជា​តុលាការ​​បន្តការ​ស៊ើបអង្កេត​ទៅលើ​រឿង​ហ្នឹង​ឲ្យ​បានច្បាស់។

លោក​មានប្រសាសន៍ថា៖ “ចំណុចយើង​សង្ស័យ​ក្រោយ​ពី​មាន​បង្កើត​គណៈកម្មការ​ហើយ​យើង​ឃើញ​មាន​ឆេះ​នេះ ​ឆេះ​នោះ​រហូត​ណា បើកាល​អត់ទាន់​បង្កើត​ដូច​មិនដែលឭ​ឆេះ។ អាច​ក្នុង​ការ​បំបាត់ភស្ភុតាងដែរ​ព្រោះ​អី អ្នក​ទាំង​អស់​ហ្នឹង​សុទ្ធតែមាន​បន្ទុក​ក្នុង​តុលាការ ចង់​មិនចង់គេបំបាត់​ភស្ភុតាងមួយ អាហ្នឹង​វា​ជាបញ្ហា​មួយ ​នៅ​ពេល​ដែល​តុលាការយឺត​យ៉ាវ​ក្នុង​ការ​ដោះ​ស្រាយ​រឿង​ហ្នឹង​ភស្ភុតាង​ត្រូវ​បាន​បាត់​ហើយ”

គួរបញ្ជាក់ថា​កាលពីខែមករា ឆ្នាំ​២០១៦ លោកនាយក​រដ្ឋ​មន្ត្រី​​ហ៊ុន សែន ​បាន​សម្រេច​បង្កើត​គណៈ​កម្ម​ការ​​​មួយ​​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​សកម្មភាព​អនា​ធិបតេយ្យ​កាប់​ព្រៃ​ឈើ ការនាំ​ចេញ​ឈើ​ខុសច្បាប់ និង​បទ​ល្មើ​ស​ព្រៃឈើ​នានា ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ ចាប់​ជនល្មើស និង​វត្ថុតាង​នៃ​បទល្មើស សហការ​ជាមួ​យ​​ភាគី​វៀតណាម​និងឡាវ។ គណៈកម្មការនេះ​កំពុង​ដឹកនាំកម្លាំង​ចុះទៅពិនិត្យ​មើលការស្តុក​ឈើ​និង​ការ​កាប់បំផ្លាញព្រៃឈើ​ក្នុងខេត្ត​មួយចំនួន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ