លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានថ្លែងថាកម្ពុជាពិតនិងកម្ពុជាលើបណ្តាញសារព័ត៌មានខុសគ្នា ដោយលោកបានរិះគន់សារព័ត៌មាននិងអ្នកនយោបាយមួយចំនួនថាសរសេរនិងនិយាយធ្វើឲ្យខូចកេរ្តិ៍ឈ្មោះកម្ពុជា។
លោកនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយអ្នកដំណើរថ្មីនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។ លោកបានថ្លែងថារដ្ឋាភិបាលបានអភិវឌ្ឍប្រទេសជាបន្តបន្ទាប់ រហូតដល់មានការពង្រីកព្រលានយន្តហោះ ដើម្បីទទួលភ្ញៀវទេសចរណ៍។ លោកបន្តថានេះជាកម្ពុជាពិត មិនមែននៅលើសារព័ត៌មាននោះទេ។ លោកបានរិះគន់អ្នកនយោបាយនិងសារព័ត៌មានមួយចំនួន ដែលលោកថានិយាយអាក្រក់ពីកម្ពុជាខុសពីការពិត។
លោកមានប្រសាសន៍ថា៖ “ប៉ុន្តែនេះដោយសារវាជាកម្ពុជាពិត ទើបខ្ញុំនិយាយលេងសើច។ បើសិនជាកម្ពុជាលើទំព័រលើសារព័ត៌មាន គឺយើងគ្មានឱកាសនឹងលេងសើចទេ ព្រោះវាជាឋាននរកលោកិយរបស់អ្នកនយោបាយខ្លះដែលដើរសំអុយកេរ្តិ៍ឈ្មោះកម្ពុជា ស្របនឹងសារព័ត៌មានដែលមិនសុចរិតភាព តែហ្នឹងជាសិទ្ធិបញ្ចេញមតិរបស់គេទេ”។
លោកនាយករដ្ឋមន្រ្តីបានអំពាវនាវឲ្យអាជ្ញាធរនិងបុគ្គលិកទាំងអស់ដែលបម្រើការនៅព្រលានយន្តហោះភ្នំពេញ ធ្វើការងារឲ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជា។
កម្ពុជាត្រូវបានជនបរទេសស្គាល់ថាឆ្លងកាត់របបសម្លាប់រង្គាលប៉ុលពតនិងដឹកនាំដោយលោក ហ៊ុន សែន ដែលគេហៅថាបុរសខ្លាំង។ លោក ហ៊ុន សែន បានកាន់អំណាចជានាយករដ្ឋមន្រ្តីជាង៣០ឆ្នាំមកហើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)កាលពីខែមករា ឆ្នាំ២០១៥ បានចេញរបាយការណ៍មួយកម្រាស់ជាង៧០ទំព័រដែលនិយាយពីការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយបានចាត់ទុកការដឹកនាំ៣០ឆ្នាំរបស់លោក ហ៊ុន សែន ពោរពេញទៅដោយហិង្សា ការគាបសង្កត់ និងអំពើពុករលួយ។
កន្លងទៅ មេដឹកនាំគណបក្សប្រឆាំងបានហៅការដឹកនាំរបស់លោក ហ៊ុន សែន បែបកុម្មុយនីស្តនិងរិះគន់ថាមិនមានការគោរពសិទ្ធិមនុស្សនិងដើរតាមលទ្ធិប្រជាធិបតេយ្យ។ បញ្ហារំលោភសិទ្ធិមនុស្ស ការបណ្តេញចេញ បញ្ហាដីធ្លី ឃាតកម្មលើសកម្មជន ការបំបិទសិទ្ធិសេរីភាពអ្នកនយោបាយ សកម្មជនបក្សប្រឆាំង និងអំពើពុករលួយ ត្រូវបានចុះផ្សាយជាបន្តបន្ទាប់នៅលើទំព័រកាសែតទាំងក្នុងស្រុកនិងអន្តរជាតិមួយចំនួន។
អ្នកជំនាញខាងអភិបាលកិច្ចនិងលទ្ធិប្រជាធិបតេយ្យ លោក ចាន់ វិបុល មានប្រសាសន៍ថាអ្នកនយោបាយមួយចំនួននិងសារព័ត៌មាន បានលើកឡើងពីតម្រូវការរបស់សង្គមនិងចំណុចខ្វះខាតរបស់រដ្ឋាភិបាល ក្នុងបំណងជំរុញឲ្យរដ្ឋាភិបាលបំពេញការងាររបស់ខ្លួនបានកាន់តែប្រសើរ។ លោកបន្តថាអ្វីដែលសារព័ត៌មាននិងអ្នកនយោបាយមួយចំនួនលើកឡើងសុទ្ធជាអ្វីដែលបានកើតឡើងនៅកម្ពុជា។
លោកបន្ថែមថា៖ “ខ្ញុំគិតថាការរិះគន់ទាំងអស់នោះមិនមែនជាកំហុសទេគឺជារឿងដែលប្រសើរ ប្រសិនបើប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីថាការចោទប្រកាន់ហ្នឹងមិនត្រឹមត្រូវទេ។ ខ្ញុំគិតថាប្រតិកម្មហ្នឹងមិនអាចទទួលយកបានទេ ក្នុងក្រមខណ្ឌមួយប្រសិនលោកចង់ធានាឲ្យសង្គមមានការវិវត្តទៅមុខទៀត”។
លោក ចាន់ វិបុល ដែលមានបទពិសោធន៍បម្រើការក្នុងអង្គការមិនមែនរដ្ឋាភិបាលនៅប្រទេសស្វីសចំនួន១ឆ្នាំឲ្យដឹងដែរថាជនបរទេសបានស្គាល់កម្ពុជាតាមរយៈប្រាសាទអង្គរវត្ត របបប៉ុល ពតនិងការទន្ទ្រានផ្នែកសេដ្ឋកិច្ចពីប្រទេសជិតខាងជាដើម។ លោកថាជនបរទេសនៅមិនទាន់ឲ្យតម្លៃលើសមត្ថភាពប្រជាពលរដ្ឋខ្មែរឲ្យបានពេញលេញនៅឡើយ ដោយលោថាសូម្បីតែនៅក្នុងអង្គការក្រៅរដ្ឋាភិបាលក៏ជនបរទេសមិនសូវឲ្យតម្លៃមិនលើសមត្ថភាពជនជាតិខ្មែរដែលបម្រើការងារក្នុងស្ថាប័នជាមួយគ្នា ដូចដែលគេជឿលើជនបរទេសនោះទេ៕ ដោយ ទូច សុខា និងស៊ុន ណារិន