លោក សម រង្ស៊ី អរគុណព្រះមហាក្សត្រដែលមិនឡាយព្រះហស្តលើច្បាប់ចម្រោងចម្រាស់

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង បានសំដែងការអរគុណដល់ព្រះមហាក្សត្រដែលទ្រង់បានចេញពីប្រទេសកម្ពុជា មុនពេល​ច្បាប់ស្តីពីគណបក្សនយោបាយទៅដល់​ព្រះបរមរាជវាំង។

លោក សម រង្ស៊ី បានសរសេរនៅហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៦ខែមីនានេះថា «សូមអរព្រះគុណ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គមិនយល់ព្រមចុះហត្ថលេខា លើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលបើកផ្លូវឲ្យគណបក្សប្រជាជនកម្ពុជា រំលាយគណបក្សសង្គ្រោះជាតិ តាមតែអំពើចិត្ត»។

អតីតប្រធានគណបក្សប្រឆាំងដែលលាលែងពីតំណែងដោយសារតែរងសម្ពាធពីច្បាប់ដ៏ចម្រោងចម្រាស់នេះបន្តថា «វិសោធនកម្មនេះ រំលោភរដ្ឋម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ ជាពិសេស ត្រង់ចំណុចដែលតម្រូវឲ្យព្រះរាជាណាចក្រកម្ពុជា អនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ សព្វថ្ងៃនេះ មានគណបក្សតែ ២ នៅរដ្ឋសភា ហើយបើគណបក្សប្រជាជនកម្ពុជា រំលាយគណបក្សសង្គ្រោះជាតិ នោះគឺជាការវិលត្រឡប់ទៅរករបប បក្សតែមួយ ដូចកាលសម័យកុម្មុយនីស្ត គឺមិនអាចហៅថាពហុបក្ស(ច្រើនបក្ស)បានទេ»។ លោក សម រង្ស៊ី អះអាងថា «ដោយសារតែព្រះអង្គមិនយល់ព្រមចុះហត្ថលេខា លើវិសោធនកម្មដ៏ព្រៃផ្សៃនេះ ទើបព្រះអង្គបានយាងទៅស្រុកចិន ដើម្បីកុំឲ្យមានព្រះនាមអាក្រក់ក្នុងប្រវត្តិសាស្ត្រ»។

អ្នកនាំពាក្យគណបក្សប្រជាជន លោក សួស យ៉ារ៉ា មានប្រសាសន៍ថា គណបក្សនេះមិនចាប់អារម្មណ៍នឹងសាររបស់លោក សម រង្ស៊ី នោះទេ ដោយលោកថាសម្តីបុគ្គលរូបនោះជាការញុះញង់ធ្វើឲ្យបែកបាក់ជាតិ ខណៈបក្សកាន់អំណាចអនុវត្តតាមគោលការនីតិរដ្ឋ និងប្រជាធិបតេយ្យ។ លោកនិយាយថា«លោក សម រង្ស៊ី ជាទណ្ឌិតម្នាក់ អ្វីៗដែលគាត់និយាយមិនចំឡែកពេកទេ គឺគាត់ធ្វើអ្វីក៏ដោយដើម្បីបង្កភាពញុះញង់ និងបង្កអស្ថេរភាពក្នុងប្រទេសជាតិ សម្តីរបស់គាត់គ្មានតម្លៃផលប្រយោជន៍សាធារណៈ និងប្រទេសជាតិទេ គណបក្សប្រជាជនកម្ពុជានៅតែគោរពនូវគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស គោរពគោលការណ៍នីតិរដ្ឋ និងធ្វើអ្វីៗទំាងអស់ ដើម្បីប្រយោជន៍ប្រជាជន និងស្ថេរភាព និងសន្តិភាព»។

លោក សម រង្ស៊ី បានរំលឹកទៀតថា «សម្តេចព្រះនរោត្តម សីហនុ កាលពីឆ្នាំ ២០០៤ ក៏ព្រះអង្គមិនបានយល់ព្រមឡាយព្រះហស្តលេខា លើច្បាប់ព្រៃផ្សៃមួយទៀត គឺ វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតិឲ្យតំណាងរាស្ត្របោះឆ្នោតជាកញ្ចប់ជ្រើសរើសនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា តាមរយៈការបោះឆ្នោតតែមួយ តែម្តង ហៅថាបោះឆ្នោតជាកញ្ចប់»។

លោកថា «ពេលនោះ ក៏ព្រះមហាក្សត្របានគេចខ្លួន ដោយយាងទៅប្រទេសចិន ទុកឲ្យប្រមុខរដ្ឋស្តីទីចុះហត្ថលេខាជំនួសព្រះអង្គ តាមបញ្ជាលោក ហ៊ុន សែន។ សូម្បីតែសម្តេច ជា ស៊ីម ក៏បានគេចខ្លួនទៅប្រទេសថៃ ដោយសារតែលោកក៏មិនយល់ព្រមចុះហត្ថលេខា លើវិសោធនកម្មនោះដែរ ហើយទុកឲ្យលោក ញឹក ប៊ុនឆៃ ចុះហត្ថលេខាជំនួស ក្នុងឋានៈជាអនុប្រធានព្រឹទ្ធសភា»។

VOD មិនអាចសុំការឆ្លើយតបពីមន្រ្តីព្រះបរមរាជវាំងបាននៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ