ចង្វាក់​បែកស្លុយឆ្នាំនេះ​ត្រូវដំបង​ខ្លាំង

(ប្រភព៖ ហ្វេសប៊ុក)

ក្រោយ​ឡាវ​​ប្រកាស​ដាក់​​​ចង្វាក់រាំវង់ ជា​បេតិកភណ្ឌពិភពលោកក្នុងប៉ុន្មានថ្ងៃនេះ ​​​គំនិត​ស្នេហា​​​​​​ជាតិនិង​​ចង្វាក់​​ប្រពៃណី​​ខ្មែរ​ចាប់​ផ្ដើម​មានការ​​​​យកចិត្តទុក្ខ​​គួរអោយកត់សម្គាល់ ​បន្ទាប់​តារា​សិល្បៈ និងមហាជន​ច្រើនរូបចេញមុខ​រិះគន់​​ចង្វាក់​បែក​ស្លុយ​​​​​និង​អ្នកបំផុសបទបែកស្លុយ ​​​​​​​បន្ទាប់​ពីឡាវប្រកាសថា​​​​​នឹង​ដាក់​ចង្វាក់​រាំវង់​ជាសម្បត្តិ​​បេតិកភណ្ឌជាតិ ​សម្គាល់ជា​​​​ចង្វាក់​​តែមួយគត់របស់ខ្លួន។

នៅលើបណ្ដាញ​ហ្វេសប៊ុក គេ​ឃើញ​តារា​ល្បីៗ​ច្រើន​ឡើង ​​​ចេញមុខ​​​វាយ​​ប្រហារ​បទបែកស្លុយ​ដែលធ្វើ​អោយ​បទចម្រៀង​​បែកស្លុយ​ហាក់​​រង​សម្ពាធ​​​ខុសប្លែកពី​២ឆ្នាំមុន ដែល​​​​​មានអ្នក​​កញ្ជ្រោល​ភ្លូកទឹក​ភ្លូកដីតាំងពី​ចុងខែ​​​​២ មុនចូលឆ្នាំ​។

​​​​​​​​ការ​រិះគន់​ដែលបានផ្ទុះឡើងនេះ កាន់តែកំដៅខ្លាំងឡើង​ដោយ​សារតែ​បទប្រពៃណីខ្មែរ​​ស្ទើរតែបាត់​រូបរាង​​​​​​​​នៅរាល់​​អំឡុង​ពេល​ចូលឆ្នាំមកដល់ម្ដងៗ ដែលធ្វើអោយ​ចង្វាក់​រាំវង់និង​​​ចង្វាក់​​​​​​​ផ្សេង​ទៀត​របស់ជាតិ ត្រូវបាន​ជំនួស​ដោយ​ចង្វាក់​បែកស្លុយហើយ​លែងមាន​ការ​​​​និយម​​។

​នៅ​​​​​ក្នុង​ទីលាន​​​រាំរែក​មិនថា​​​មង្គលការ​ជប់​លៀង​ចាក់​​​ធុង​បះរាប់បញ្ចូល​ទាំង​​​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន​​​​​​​​​​ប្រចាំឆ្នាំ
គេឃើញ​សន្ទុះ​​អ្នក​​​​​ចាប់អារម្មណ៍លើ​ចង្វាក់​ញាក់​ៗបែកស្លុយ មានការ​កើនឡើងរហូត​ធ្វើអោយ​យុវវ័យ និងក្មេង​ៗភាគច្រើន​​​​​​​​​កញ្ជ្រោលតែ​ចង្វាក់​​​​​​​​​​​ដែលមិនមែនជារបស់ខ្មែរមួយនេះ ហើយមើល​រំលង​​​​​បទចម្រៀងដែលមាន​​​​ចង្វាក់បែបខ្មែរ​ស្ទើរ​​​​​អស់ភាគរយ។

​​​​​​​​២ឆ្នាំកន្លងទៅ បទចម្រៀង​ប្រពៃណី​ស្ទើរតែ​​​​កប់​បាត់ឈឹងនោះផង ​ដោយសារតែ​បណ្ដា​ផលិតកម្មសម្រុក​​​ធ្វើតែបទ​​បែកស្លុយ ហើយ​​នៅក្នុងកម្មវិធី​ទូរទស្សន៍តូចធំ ក៏​​​ផ្ដោត​តែបទ​​បែកស្លុយ ធ្វើអោយ​​​​​​បទចម្រៀង​បែប​ជាតិ​​​លែងមាន​​​​ការពេញនិយម​។

យ៉ាងណាមិញ ​​សម្រាប់​ឆ្នាំនេះ គ្រាន់តែ​​​បើក​ឆាក​​​​​ប្រកួតប្រជែង​គ្នា​​​ក្នុងបទ​បែកស្លុយ ទើបតែ​បាន​​​​មួយ​ទឹកមិនទាន់បានស្រួលបួលផង ​​​​​​​ក៏ផ្ទុះការ​រិះគន់​​​​​យ៉ាង​ផុស​​ផុល​​តែម្ដង ​​​​​បន្ទាប់ពីអ្នកនាង ខាត់​ សុឃីម ចេញបទចម្រៀង ​​«​រងារ»
ដែលមានខ្លឹម​សារ​​​សង្វេ​គ​ចំពោះ​​​សិល្បៈបុរាណរបស់ខ្មែរ ដែលត្រូវ​​​វាយ​លុក​ដោយ​​​បទបែកស្លុយ ​ហើយប្រឈម​នឹង​បាត់រូប​រាង។

​ស្របជាមួយគ្នានោះ ​នៅឯប្រទេស​ឡាវ ក៏បាន​ប្រកាសជាសាធារណៈ​លើបណ្ដាញសារព័ត៌មានថា​នឹង​​​រៀបគម្រោង​ដាក់​ ចង្វាក់​​​រាំវង់ ជា​​​​​​​​សម្បត្តិ​បេតិកភណ្ឌពិភព​លោក​ផង ទើ​ប​កាន់តែ​​​​​​​កញ្ជ្រោល​ដោយការរិះគន់​​​យ៉ាងពេញបន្ទុក​តែម្ដង ​​ចំពោះបទចម្រៀងបែកស្លុយ ដែល​តារា​ភាគច្រើន​​​​​​​​​​​​​​បញ្ចេញប្រជែង​គ្នា​ដណ្ដើម​ការ​ចាប់អារម្មណ៍។

​លោក ដួង សុខគា បានសរសេររិះគន់ថា «បង្ហោះការងារអូសរំលង បង្ហោះ​​រឿងខុសទំនង​​ដណ្ដើមគ្នា​ Like គិតតែ​ជេរគ្នាទៅកូន កុំប្រឹង​រៀន​​ ​​បែកស្លុយទៅកូន ទុក​អូន​​រាំវង់​​​​អោយគេថែ! ​​ស្ដាយ​ធ្វើអី​​បើ​មិន​​​​​នាំគ្នារវល់​ផង! អូនរាំវង់ ​ត្រូវការ​ប្ដីថ្មី​ចេះថ្នម​រក្សា!! ​បន្តិចទៀត​ មានអូនផ្សេងទៀត​ទៅដែរ​ហើយ!! កុំចោទថា​ គេ​ចិត្ត​​​ចើកណា! សម្ដី​ចំអក​ទាំង​​​ទឹក​ភ្នែក របស់​​មនុស្ស​ស្រវឹងម្នាក់»។

​​​មិនខុសគ្នាដែរ ​​តារា​ពហុជំនាញ​អ្នកនាង​ ​ខាត់ សុឃីម បាន​សរសេរ​បង្ហោះ​​​​​​​​​​​រិះគន់​នឹង​បទ​បែកស្លុយ​​​ដូច​​គ្នាដែរថា «សូមថ្លែងអំណរគុណ​​យ៉ាងជ្រាលជ្រៅ​ដល់​ឡាវ ដែលបានមើលឃើញ​​និង​យល់តម្លៃ​​​នៃចង្វាក់​​​​​​រាំវង់ ​​ហើយបាន​​​ដាក់បញ្ចូល​​​​​​ទៅជា​​​បេតិកភណ្ឌរបស់ខ្លួន។ សង្ឃឹមថា​​​ម្ចាស់​ថ្មី​នៃ​​ចង្វាក់​រាំវង់​​ នឹង​ផ្ដល់​​ភាពយកចិត្តទុក​ដាក់​​​​​ទៅ​លើរូប​អ្នកជារៀងរហូត​។ នៅធ្វើអី​​​​បើគេ​មើលមិនឃើញ​​តម្លៃអ្នក​ផង!»។

អាចារ្យធំ ដែលជាតារាមួយរូប​ល្បីរូប​នៅលើ​​ហ្វេសប៊ុកក៏បា​នចេញមុខរិះចង្វាក់​បែកស្លុយ​យ៉ាង​ចាស់ដៃផងដែរ
ដោយលោកសរសេរថា​ «ឡាវសម្រេច​​ដាក់​​​​បញ្ចូលចង្វាក់​​​រាំវង់ក្នុងបញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ខណៈទំពាំង​​​​ខ្មែរកំពុង​​​​​នាំគ្នាឆ្កួតនឹង​​​​​ចង្វាក់​បែកស្លុយ​ពេញប្រទេស! ខំទៀតណាកូនជិត​រលាយហើយ​»។​

មិនខុសគ្នាដែរតារាចម្រៀង​​​​​​​​សំលេង​​​២ លោក​ ដួង តារា​ផាឌីន ក៏បានរិះគន់ចំៗចំពោះ​ការ​បំផុស​បទចម្រៀងបែកស្លុយ និង​ការគាំទ្រ​​​​បទចម្រៀង​បែកស្លុយ​ស្ទើរតែ​​​រាល់ថ្ងៃនៅលើហ្វេសប៊ុករបស់ខ្លួនផងដែរ ដោយលោក​​​​បានទាំង​បង្ហោះ​ឃ្លីប​​រាំ​ចង្វាក់​រាំ​វង់ដោយស្នើអោយ​​យុវវ័យ​ចេះគិត​ឡើង​​វិញ។

នៅលើបណ្ដាញ​ហ្វេសប៊ុក​ផ្សេងទៀត​ក៏​​​ឃើញមានការរិះគន់​​យ៉ាង​កញ្ជ្រោលបែបនេះផងដែរ ទើប​​​​​​​​មានការ​កត់សម្គាល់ថា​ចង្វាក់បែកស្លុយឆ្នាំនេះ​​ត្រូវបានសំពង​​ខុសពីឆ្នាំមុន ទើប​​បទចម្រៀង​​បែកស្លុយ​របស់តារា​​យុវវ័យ​​​​ច្រើនបទហាក់មិនសូវ​​​​​​សង្គ្រប់បាន​​ការគាំទ្របានខ្លាំង​​ក្លា បើទោះជាបទខ្លះ​​​​​​​​​​​​​​​​ចង់ល្អជាង​បទ​បែកស្លុយកាលពីឆ្នាំមុន។

លោក ​ថៃ នរៈសត្យា រដ្ឋ​លេខាក្រសួង​​​​វប្បធម៌ក៏បានបន្ទោស​ថា​ហេតុផលដែលឡាវ​ឆ្លៀត​​ដាក់​​​​​​​ចង្វាក់រាំវង់​​​​​​​​ជាសម្បត្តិ​បេតិកភណ្ឌជាតិ ក៏ដោយសារតែ​​ការ​បំផុសពីក្រុមផលិតករនិងអ្នកចម្រៀងដែល​​​​បំផុសតែបទ​​បែកស្លុយ​​​​​​​រាល់​រដូវចូលឆ្នាំ​ខ្មែរមកដល់ម្ដងៗនោះផងដែរ។

លោកថា​ផលិតករ​​​​ទាំងអស់គួរ​ងាកមកគិត​​​​​​​​​​ពីការ​​​​​​កាត់បន្ថយឬ​បញ្ឈប់ទាំងស្រុង​នូវការ​ផលិត​បទ​​​​បែកស្លុយ ទើបអាចអោយ​​​​​ជួយបង្វែរអារម្មណ៍ខ្មែរ អោយ​​​​​ចាប់អារម្មណ៍នឹង​បទ​​​ប្រពៃណី​របស់ខ្លួនជាថ្មី។ យ៉ាងណាមិញ លោកថា​មិន​ទាន់មាន​ចំណាត់ការ​បិទ​​​ឈប់​ផលិតករ​​ចេញបទ​បែកស្លុយ​នោះទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ