លោក ហ៊ុន សែន សង្ស័យថាចារកម្មអាមេរិកសម្លាប់លោក កែម ឡី

លោក ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ នៅប្រទេសអូស្ត្រាលីនាថ្ងៃនេះ (រូបថត៖ FB PM)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោកកំពុងឲ្យស៊ើបអង្កេតការបាញ់សម្លាប់លោក កែម ឡី ដោយ​លោក​​ដាក់ការសង្ស័យថាឃាតកម្មនេះបង្កឡើងដោយចារកម្មរបស់អាមេរិក។

លោក​ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ នៅប្រទេសអូស្ត្រាលីនាថ្ងៃនេះ ថ្លែងថា លោកសោកស្តាយ ដែ​ល​​​ប្រ​ពន្ធលោក កែម ឡី លោកស្រី ប៊ូ រចនា សម្រេចចិត្តចូលរួមធ្វើបាតុកម្មនៅប្រទេសអូស្តា្រលីប្រឆាំងនឹងវត្តមានរូបលោក ដោយ​ថា លោ​កជា​អ្នក​នៅពី​ក្រោយការបាញ់សម្លាប់ប្តីអ្នកស្រី។

លោក ហ៊ុន សែន បន្តថា  តាមការឲ្យដឹងពីភ្នាក់ងារចារកម្ម អ្នកដែល​បាញ់​សម្លាប់​ លោក កែម ឡី ជាចារកម្មអាមេរិក។ លោកថាលោកកំពុងឲ្យគេស៊ើបអង្កេតករណីនេះ ។

លោក ហ៊ុន សែន បង្ហើបថា អនុប្រធានវិទ្យុអាស៊ីសេរី លោក ជុន ចាន់បុត្រ ធ្លាប់និយាយរឿងនេះ ពេលអនុប្រធានវិទ្យុរូបនេះ ទៅជួបមេបញ្ជាការកងទ័ព និងកូនប្រុសលោក សុំជួយការពារសុវត្ថិភាព ដោយថាខ្លាចអាមេរិកសម្លាប់ដូច លោក កែម ឡី។

លោកថា៖ «ជុន ចាន់បុត្រ បានទៅជួបឧត្តមសេនីយឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច៧០ មុន ជុន ចាន់បុត្រ ជួប ហ៊ុន ម៉ា​ណែ​ត កូនប្រុសរបស់ខ្ញុំ។ តើ ជុន ចាន់បុត្រ និយាយថាម៉េចទេ គាត់សុំឲ្យឧត្តមសេនីយឯក ម៉ៅ សុផាន់ ជួយការពារផង ប្រយ័ត្ន​ពួ​កអាមេរិកសម្លាប់ដូច កែម ឡី»

លោក ហ៊ុន សែន អះអាងថា លោកគាំទ្រការវិភាគរបស់លោក កែម ឡី ដោយលោកថាលោក កែម ឡី មិនមែន​ប្រឆាំ​ង​នឹង​រដ្ឋាភិបាល។ លោកថា លោក កែម ឡី គ្រោងជួបលោកនៅថ្ងៃទី១៨ និង១៩ខែកក្កដាឆ្នាំ២០១៦ ប៉ុន្តែថា ជាអកុសលលោក កែម ឡី ត្រូវគេ​បាញ់សម្លាប់នៅថ្ងៃទី១០ខែកក្កដា។

VOD មិនទាន់សុំការឆ្លើយតបពី លោក ជុន ចាន់បុត្រ និងពីស្ថានទូតអាមេរិកប្រចាំកម្ពុជាបាននៅឡើយ។

លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅកណ្តាលរាជធានីភ្នំពេញកាលពីខែកក្កដាឆ្នាំ២០១៦ ហើយមានតែ​មនុស្សម្នាក់ប៉ុណ្នោះគឺ ជួប សំលាប់ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ