លោក ហ៊ុន សែន ទៅដល់អូស្ដ្រាលីមានទាំងអ្នកគាំទ្រនិងអ្នកធ្វើបាតុកម្មប្រឆាំង

អ្នកធ្វើបាតុកម្មប្រឆាំងនិងអ្នកគាំទ្រលោក ហ៊ុន សែន (ប្រភពពីហ្វេសប៊ុក)

នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានទៅដល់ប្រទេសអូស្ដ្រាលីហើយ ដោយដំណើរទស្សនកិច្ចនេះ គេឃើញមានទាំងក្រុមអ្នកគាំទ្របក្សកាន់អំណាច និងអ្នកតវ៉ាមិនពេញចិត្តការដឹកនាំរបស់លោក។

នៅព្រឹកថ្ងៃសុក្រទី១៦មីនានេះ លោក ហ៊ុន សែន បានជួបជាមួយនាយករដ្ឋមន្ដ្រី​អូស្ដ្រាលី លោក ម៉ាល់ខូម ថើនប៊ុល និងថា រដ្ឋាភិបាលអូស្ដ្រាលី បានសន្យាផ្ដល់ប្រាក់ជំនួយ ៨៧លានដុល្លារអូស្ដ្រាលី សម្រាប់ជំរុញការអភិវឌ្ឍនៅកម្ពុជាទៀតផង។ នេះ ដោយយោងតាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ដ្រីផ្សាយនៅថ្ងៃនេះ។

បើតាមហ្វេសប៊ុកនាយករដ្ឋមន្ដ្រី ក្រោយជំនួបនោះ លោក ហ៊ុន សែន បានជួបសំណេះសំណាលជាមួយក្រុម អ្នកគាំទ្រ​ប្រមាណ​៨រយ​នាក់ ដែលពួកគេមានលើកបដារូបលោកនាយករដ្ឋមន្ដ្រីនិងស្រែកថា«គាំទ្រសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជា»។

ប៉ុន្ដែ នៅថ្ងៃនេះដែរ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ដ្រាលី បាននាំគ្នាស្រែកតវ៉ាប្រឆាំងវត្តមានលោក ហ៊ុន សែន ហើយក្រុមអ្នកតវ៉ាទាំងនោះ ត្រូវបានដឹកនាំដោយលោក ហុង លីម សមាជិកព្រឹទ្ធិសភាប្រចាំនៅរដ្ឋវ៉ិកតូរីយ៉ា។ ក្នុងនោះ ក្រុមអ្នកតវ៉ាស្រែកថា «រដ្ឋាភិបាលបានសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា» «កម្ពុជាត្រូវការសង្គ្រោះពីអន្ដរជាតិ» «បញ្ឈប់ការគំរាមកំហែងលើ​អង្គការសង្គមស៊ីវិល» និង «ដោះលែងលោក កឹម សុខា» និង «ឲ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោត»។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអ្នកគាំទ្រនៅប្រទេសអូស្ដ្រាលី លោក ហ៊ុន សែន ចោទថា អ្នកដែលធ្វើបាតុកម្មប្រឆាំង​វត្តមានរបស់លោក គឺស្មើនឹងប្រឆាំងផលប្រយោជន៍កម្ពុជានិងជាតិសាសន៍ខ្លួនឯង។ ​

តាមការគ្រោងទុក លោក ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ដ្រាលីនាថ្ងៃទី១៧និង១៨មីនាខាងមុខនេះ។ ប៉ុន្ដែ វត្តមានលោកនាយករដ្ឋមន្ដ្រី បានធ្វើឲ្យប្រជាពលរដ្ឋខ្មែររស់នៅទីនោះ​ សំដែងការមិនពេញចិត្ត និងប្រកាសធ្វើបាតុកម្មប្រឆាំងរូបលោក។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន ធ្លាប់បានប្រកាសថា លោកក៏មានអ្នកគាំទ្រនៅអូស្ដ្រាលីដូចគ្នាដែរ និងព្រមាន​តាមវាយ​ក្រុមអ្នក​តវ៉ា​ដល់ផ្ទះ បើពួកគេហ៊ានដុតទីម៉ោងមានរូបលោកនាយករដ្ឋមន្ដ្រីនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ