លោក សម រង្ស៊ី ថាលោក ហ៊ុន សែន ដើរតាមគន្លង ប៉ុល ពត

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

អតីតមេដឹកនាំបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួន បានប្រដូចការដឹកនាំបច្ចុប្បន្នថា កំពុង​ដើ​រតា​ម​គន្លង ប៉ុល ពត ខណៈលោក ហ៊ុន សែន ចោទថាមេបក្សរូបនោះជាជន «ក្បត់ជាតិ» ដែលថាបានសន្យាកាត់​ដីខ្មែរ​ជាប់ព្រំដែនមួយចំនួន​ឲ្យ​ទៅ​វៀត​​ណាម បើសិនឈ្នះឆ្នោតបានឡើងកាន់អំណាច។

កាលពីថ្ងៃទី១៤ខែមីនាឆ្នាំ២០១៨ ក្នុងពិធិសម្ពោធស្ពាននៅខេត្តកំពង់ចាម លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន បានចោទ លោក សម រង្ស៊ី ថាជាជនក្បត់ជាតិ ដោយថាបានចុះហត្ថលេខាជាមួយប្រធានមូលនិធីម៉ុងតាញ៉ា លោក កុក ស និងបាន សន្យា​កាត់ដី​​ខ្មែរចំនួន៤ខេត្តឲ្យទៅវៀតណាម។

ប៉ុន្តែ លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៦មីនានេះថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន កំពុងដើរ​តាម​គន្លង ប៉ុល ពត តាមរយៈរកលេសគ្រប់យ៉ាងចោទលោក កឹម សុខា និងរូបលោក ដែល​ជាសំឡេ​ងប្រឆាំងដោយថាជាជនក្បត់ជាតិ។

លោកសរសរថា៖ «កាលពី៤០ឆ្នាំមុន ជំងឺសសៃប្រសាទរបស់ ប៉ុល ពត បានធ្វើឲ្យគាត់ឃើញតែសត្រូវជុំវិញខ្លួន ហើយ​ដើរ​ចោទ​គេចោ​ទឯង ថាជា “ជនក្បត់” ដែលធ្វើការឲ្យ CIA (របស់សហរដ្ឋអាមេរិក) KGB (របស់ស​ហ​ភាពសូវៀត) ឬក៏ធ្វើការឲ្យយួន​តែម្តង។ ឥ​ឡូ​វនេះ ហ៊ុន សែន ដែលធ្លាប់ធ្វើជាមេ​កងពលក្រោមបញ្ជារបស់ ប៉ុល ពត​ កំ​ពុងតែ​ដើ​រតាម​គ​ន្ល​​ងរបស់ ប៉ុល ពត»។​

បើតាមប្រវត្តិសាស្ត្រ លោក ប៉ុល ពត បានឡើងកាន់អំណាចចាប់ពីឆ្នាំ១៩៧៥ និងបានដួលរលំទៅវិញនៅឆ្នាំ១៩៧៩។ រយៈពេល​​​នៃការកា​ន់​អំ​ណា​ចជាង៣ឆ្នាំលោក ប៉ុល ពត ត្រូវបានប្រវត្តិសាស្ត្រកត់ត្រាថា បានសម្លាប់មនុស្ស​អស់ជាង​១,៧​លាន​នាក់។

អ្នក​នាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលការលើកឡើងរបស់លោក សម រង្ស៊ី។

បើតា​មលោក សុខ ឥសាន លោក សម រង្ស៊ី​ ទៅវិញទេ ដែលអនុវត្តគោលនយោបាយ ប៉ុល ពត ដោយថាក​ន្លង​ទៅ​​អតីត​មេប​​ក្សប្រឆាំងរូបនេះ ធ្លាប់ប្រកាសថា បើខ្លួនឡើងកាន់អំណាច នឹងរឹបអូ​សកម្មសិទ្ធិអ្នកមាន និង​ញុះ​ញង់​ឲ្យ​ក​ម្មករស្អ​ប់​អ្នក​វិនិយោគ​ជា​ដើម។

លោកថា៖ «យើងត្រូវកត់សម្គាល់ថា បើ សម រង្ស៊ី និយាយថាស រឿងហ្នឹងវាខ្មៅ បើ សម រង្ស៊ី និយាយខ្មៅរឿងហ្នឹងវាស។ ​​អញ្ចឹងទេ​ ឥឡូវគាត់ចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែល​ជា​​​ប្រមុខ​គណបក្ស​ប្រជាជនក​ម្ពុជាថាអនុវត្តរបប ប៉ុល ពត បានសេចក្តីថា គាត់ហ្នឹងហើយ ជា​អ្នកអនុ​វត្តតា​មនយោបាយនៃរបប ប៉ុល ពត»។

យ៉ាងណាក៏ដោយ ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ យល់ថា ការដែលមេដឹកនាំខ្មែរ ព្យាយា​មរ​កលេស​ចោទ​ប្រកាន់​គ្នាទៅវិញទៅមកដូចបច្ចុប្បន្ននេះ លោកថាបានបង្កភាពភ័យខ្លាចដល់អ្នកវិនិយោគនិងប​ង្កឲ្យ​មាន​ការ​​បែកបាក់ជាតិ។

លោក ហង្ស វិទូ រំឭកថា អ្នកនយោបាយគួរបង្កើតវប្បធម៌ជជែកគ្នា ស្វែងរកដំណោះស្រាយ ដើម្បីពន្លឿនកា​រអ​ភិវ​ឌ្ឍ ជា​ជាង​បង្កើត​វប្បធម៌យកគ្នាជាសត្រូវហើយជំរុញឲ្យបែកបាក់ជាតិ។

លោកថា៖ «ឃើញមានការរីកចម្រើខ្លះៗផ្នែកហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងអីក៏ពិតមែន ក៏ប៉ុន្តែ យើងមើ​លពី​ជីវភា​ព​របស់ប្រជាពលរដ្ឋ​យើងភាគច្រើន មិនទាន់មានតម្លាភាពទេ អ្នកក្រ ក៏ក្រខ្លាំង អ្នកមានក៏មានខ្ពស់កម្រិត ដែលយើងពិបាកនឹងដឹង​ថា​គាត់​មាន​ដោយ​សា​រ​អី! ហើយអ្នកនយោបាយ បើគាត់នៅព្យាយាមដូចនេះទៀត ទាំង​គ​ណ​​​ប​ក្សប្រឆាំងក៏ដោយ ទាំងគណបក្សកា​ន់អំ​ណា​​ច​ក៏​ដោយគាត់ត្រូវបានអ្នកនយោ​បាយជំនាន់ថ្មីនឹ​ងម៉ាក់​ងា​យ…»។

សហគមន៍អន្តរជាតិនៃប្រទេសលោកសេរី កំពុងផ្តោតយកចិត្តទុកដាក់ពីរបត់នយោបាយនៅកម្ពុជា ដែលឈា​នទៅចា​ប់ឃុំខ្លួន មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ការរំលាយគណបក្សសង្គ្រោះជាតិ ការបិទប្រ​ព័ន្ធផ្ស​​ព្វផ្សា​​​​យឯករាជ្យ ការគំរាម​សកម្មភាព​​អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងបិទលំហ ប្រជាធិបតេ្យជាដើម។

ករ​ណីនេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បាននាំមុខគេផ្តាច់ជំនួយដល់ ​គ.ជ.ប និងគំរាមដាកទណ្ឌនានា បើរដ្ឋា​ភិបាល​មិន​ស្តា​ប្រជាធិបតេយ្យឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ