បទយកការណ៍៖ ជំនាញ​ចម្លាក់​ឈើនិង​កាត់​ដេរ​​នៅ​ក្នុង​វត្ត​ថាន់​ ផ្ដល់​ពន្លឺ​ជីវិត​ថ្មី​ដល់​ជន​ពិការ

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨​ ម៉ោង 2:16 PM | បទយកការណ៍ | 0 | 1254 សិប្បករវត្តថាន់​កម្ពុជា របស់ជន​ពិការ (ឃុត សុគន្ធ)

នេះជាសកម្មភាពក្រុមជនពិការកំពុងបំពេញការងារនៅក្នុង​សិប្បកម្ម​មួយ ស្ថិតក្នុងបរិវេណវត្តថាន់ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយពីពួកគេទទួលបានការបណ្តុះបណ្តាលផ្ទាល់នៅទីនោះ។

មានដើមកំណើតនៅភ្នំពេញ និង​ជើង​ទាំង​ពីរ​ស្វិត​តាំង​ពី​អាយុ ៥​ខែ​ បន្ទាប់​ពី​រង​ជំងឺ​គ្រុន​ក្ដៅ​នោះ អ្នកស្រី ប៉ែន ច័ន្ទរតនា រៀបរាប់ថា ដោយសារតែរៀនសូត្របានតិចតួចត្រឹមកំរិតថ្នាក់ទី៥ អ្នកស្រី​មិនអាចរកការងារល្អបានធ្វើ ហើយ​អ្នកស្រីសម្រេចចិត្តចាប់យកជំនាញដេរនៅក្នុងសិប្បកម្មមួយឈ្មោះថា «សិប្បករវត្តថាន់​កម្ពុជា» ដោយផ្តោតលើជំនាញដេរកាបូប ស្រោមខ្នើយ និងរបស់របរផ្សេងៗទៀត។

អ្នកស្រីបន្ថែមថា៖ «ពីព្រោះគ្រួសារខ្ញុំខ្វះខាត ហើយខ្ញុំកូនទី១ ហើយអញ្ចឹងម៉ាក់ខ្ញុំត្រូវមើលប្អូនៗ ប៉ាខ្ញុំគាត់ត្រូវទៅធ្វើឆ្ងាយ អត់មានអ្នកជូនខ្ញុំទៅរៀន ហើយណាមួយកាលណោះ ខ្ញុំខ្មាសគេទៀតពេលទៅរៀនម្តងៗ ហើយខ្ញុំក៏គិតខ្លីថា ខ្លួនឯងពិការអញ្ចឹង ប្រហែលធ្វើអីមិនកើតទេ រៀនបានតែត្រឹមអានអក្សរទៅបានហើយ ខ្ញុំគិតអញ្ចឹងបានជាខ្ញុំឈប់រៀនត្រឹមថ្នាក់ទី៥ហ្នឹង»។

ស្រ្តីពិការវ័យ៣៤ឆ្នាំរូបនេះបន្តថា ក្រៅពីគិតថា ខ្លួនមិនអាចធ្វើអ្វីបាន អ្នកជិតខាងក៏បានបបន្តុះ​បង្អាប់​ផង​ដែរ ដែលធ្វើឲ្យរូបគាត់សម្រេចចិត្តឈប់រៀនត្រឹមថ្នាក់ទី៥ ហើយបានធ្វើឲ្យអ្នកស្រីរស់នៅក្នុងជីវិតលំបាកអស់រយៈពេលជាច្រើនឆ្នាំ និងបាត់បងឱកាសរៀនសូត្រតាំងពីអាយុជាង ១០ឆ្នាំ។

អ្នកស្រីបន្ថែមថា៖ «អ្នកស្រុក អ្នកភូមិគាត់រើសអើង​ថាឲ្យខ្ញុំ ពិការអញ្ចឹងធ្វើអីកើតទេ រាល់ថ្ងៃចាំតែម៉ែឪ បើអត់ពីម៉ែឪទៅ ខ្ញុំច្បាស់ជារស់វេទនា ច្បាស់ជាទៅសុំទោនគេហើយ និងពេលទៅរៀន គេធ្វើតម្រាប់តាមខ្ញុំអញ្ចឹង។ ខ្ញុំអត់ហ៊ានទៅរៀនទៀត ហើយគេអត់សូវលេងជាមួយយើង»។

ស្ត្រីពិការជិះរទេះរុញរូបនេះ បាន​ឲ្យដឹង​ទៀត​ថា ជីវិតចាប់ផ្តើមប្រសើរឡើងវិញ នៅពេលដែលមិត្តភ័ក្រ្តរបស់គាត់ផ្តល់យោបល់ឲ្យចាប់យកជំនាញអាជីពជាអ្នកដេរ ដោយគាត់ទទួលបានការងារធ្វើ និងទទួលបានប្រាក់កម្រៃសមរម្យ ក្រោយរៀនចប់នៅក្រុមហ៊ុន «សិប្បករវត្តថាន់ កម្ពុជា»។

អ្នកស្រីបន្ថែមថា៖ «ពេលឥលូវនេះ ខ្ញុំលេងខ្មាសគេហើយ ព្រោះខ្ញុំអាចធ្វើដំណើរដោយខ្លួនឯងបានហើយ មានលុយខ្លួនឯងចង់ទិញអ្វីៗដែលខ្លួនឯង​ចង់​បាន មិនចាំបាច់សុំប៉ាម៉ាក់ដូចពេលមុនទៀត ហើយអ្នកដែលរើសអើងយើងហ្នឹង គេបែរជាមកសរសើរយើងវិញ​ថា មិននឹកស្មានថា ខ្ញុំអាចមានការងារធ្វើបែបនេះ»។

ក្រៅ​ពី​ស្ត្រី​ពិការ​ខាង​លើ លោក ប្រាក់ វុទ្ធី គឺ​ជា​បុរស​ម្នាក់​ទៀត​ដែល​ជើង​ទាំង​ពីរ​របស់​លោក​ពិការ​ស្វិត​ផង​ដែរ​នោះ ក៏​កំពុង​បម្រើ​ការងារ​ក្នុងរោងសិប្បកម្មនោះដែរ ដោយ​បាន​ចាប់​យក​ជំនាញ​ចម្លាក់​ឈើ បន្ទាប់​ពី​លោក​បញ្ចប់​ការ​សិក្សា​កម្រិត​វិទ្យាល័យ​នៅ​ឆ្នាំ​២០០៨។

បុរស​រូប​នេះ​រៀបរាប់​ថា លោក​បាន​ចាប់​យក​ជំនាញ​នេះ ក៏​ព្រោះ​តែ​ស្ថានភាព​​គ្រួសារ​របស់​លោក​ក្រីក្រ​ គ្មាន​លទ្ធភាព​បង់​ថ្លៃ​សិក្សា​នៅ​មហាវិទ្យាល័យ ខណៈ​ដែល​ពិការភាព​រាងកាយ​របស់​លោក បាន​រារាំង​រូប​លោក​មិន​ឲ្យ​ធ្វើ​ដំណើរ​ឡើង​អគារ​ខ្ពស់​នៅ​តាម​សាកលវិទ្យាល័យ​បាន​នោះ​ឡើយ។

លោកបន្ថែមថា៖ «ខ្ញុំចាប់យកជំនាញនេះ ព្រោះអីខ្ញុំទៅរៀនមហាវិទ្យាល័យអត់កើត ខ្ញុំពិបាកក្នុងការធ្វើដំណើរ អញ្ចឹងពេល​នោះខ្ញុំគិតថា មានតែចាប់យកជំនាញហ្នឹងជាអាជីពសម្រាប់ចិញ្ចឹមជីវិត»។

ជនពិការដោយសារជំងឺគ្រុនស្វិតដៃជើងរូបនេះ បាន​ឲ្យ​ដឹង​ថា លោក​បាន​សម្រេច​ចាប់​យក​ជំនាញ​ចម្លាក់​ឈើ​នេះ មិន​មែន​ដោយ​ចៃដន្យ​នោះ​ឡើយ ប៉ុន្តែ ក៏​ជា​ចំណង់​ចំណូល​ចិត្ត​របស់​លោក​ផង​ដែរ ខណៈ​ដែល​លោក​អះ​អាង​ថា ជំនាញ​នេះ​បាន​ផ្ដល់​ប្រាក់​ចំណូល​សមរម្យ​សម្រាប់​លោក​ចិញ្ចឹម​ជីវិត ហើយ​លោក​មាន​បំណង​បើក​អាជីវកម្ម​នេះ​ដោយ​ខ្លួន​ឯង​នា​ពេល​អនាគត។

លោកបន្ថែថា៖ «នៅថ្ងៃខាងមុខ ខ្ញុំចង់បើកខ្លួនឯង ប្រសិនបើមានដើមទុនគ្រប់គ្រាន់ ឬរកស៊ីអ្វីផ្សេងក៏មានដែរ ព្រោះយើងមិនអាចនៅ​មួយកន្លែងរហូតបានទេ»។

អ្នកគ្រប់គ្រងទូរទៅនៅក្រុមហ៊ុន​សិប្បករវត្តថាន់​កម្ពុជា លោក តាំង ភីរក្ស មានប្រសាសន៍ថា សិប្បកម្មនេះបានបណ្តុះបណ្តាល ជំនាញដល់ជនពិការចំនួនពីរមុខជំនាញ គឺជំនាញចម្លាក់ឈើ ​និងជំនាញដេរកាបូប និងរបស់របផ្សេងៗទៀត។

លោកបន្តថា ការផ្តល់ឱកាសឲ្យជនពិការបានបម្រើការងារនៅទីនោះ គឺ​ដើម្បីចូលរួមលើកកម្ពស់សិទ្ធិ និងជួយឲ្យជនពិការមានមុខរប ហើយថា សិប្បកម្មនេះ ធ្លាប់ជួយជនពិការប្រមាណជាង ២០០នាក់ ឲ្យមានការងារធ្វើ ក្រោយរៀនចប់ ដោយជនពិការខ្លះបន្តធ្វើការនៅ​សិប្បកម្មផ្ទាល់ និងខ្លះទៀតបានទៅបម្រើការងារនៅ​កន្លែងផ្សេង។

លោកបន្ថែមថា៖ «យើងយកតែពីរ​ជម្រើស​ទេ មួយផ្នែកដេរ មួយទៀតផ្នែកចម្លាក់ ដោយសារតែផ្នែកដេរ ផ្នែកចម្លាក់ហ្នឹងអត់ទាមទារកំរិតវប្បធម៌ខ្ពស់ទេ។ គាត់អត់ចេះអក្សរក៏គាត់អាចធ្វើការបានដែរ។ អញ្ចឹងហើយ ជំនាញមួយហ្នឹង វាមានភាពងាយស្រួលសម្រាប់ជនពិការ ទាមទារតែកម្លាំងចិត្តរបស់គាត់ទេ សូម្បី​តែពិការដៃម្ខាងក៏អាចដេរបានដែរ ផ្នែកចម្លាក់​វិញ យើងត្រូវមាន​ដៃពីរ ប៉ុន្តែ បើគាត់ពិការជើងទាំងពីរក៏អាចធ្វើបានដែរ»។

លោកបន្តថា ក្នុងក្រុមហ៊ុន​សិប្បករវត្តថាន់កម្ពុជា បច្ចុប្បន្នមានបុគ្គលិកជនពិការបម្រើការងារជាង ១០នាក់ ដោយពួកគេមួយចំនួនទទួលបានប្រាក់កម្រៃជាប្រាក់ខែ និងមួយចំនួនទៀតទទួលបានប្រាក់កម្រៃជាភាគរយ ហើយថា ផលិតផលដែលជនពិការទាំងនោះផលលិតបាន គឺក្រុមហ៊ុនជាអ្នករកទីផ្សារលក់ជូន។

លោកបន្ថែម៖ «និយាយពីស្នាដៃរបស់ពួកគាត់ នៅកន្លែងខ្ញុំ គឺយើងសម្រិតសម្រាំង យើងធ្វើមិនមែនធ្វើឲ្យបានៗទេ យើងធ្វើទៅឲ្យ​គេអាណិតទេ យើងមិនលក់ភាពអាណិតទេ គេមកទិញឥវ៉ាន់យើងមិនមែនដោយសារគេ​អាណិតទេ គឺគេមក​ទិញឥវ៉ាន់យើងដោយ​សារតែឥវ៉ាន់យើងមានគុណភាពល្អស្អាត។ សិប្បកម្មវត្តថាន់យើងហ្នឹង គឺមាននាំចេញទៅក្រៅប្រទេសទៀត ដូចជា នាំទៅ​ជប៉ុន អង់គ្លេស ស្វ៊ីស និងប្រទេសផ្សេងៗទៀត»។

នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន មានប្រសាសន៍កាលពីខែមករាថា បើទោះបីជាប្រមុខរដ្ឋាភិបាលប្រកាសយកចិត្តទុកដាក់រកការងារឲ្យជនពិការធ្វើ និងច្បាប់ហាមមិនឲ្យមានការរើសអើងជនពិការយ៉ាងណាក៏ដោយ ប៉ុន្តែ ជនពិការ​មួយចំនួននៅតែលំបាកក្នុងការស្វែងរកការងារធ្វើ ដោយសារមានការរើសអើង និងជនពិការទាំងនោះខ្វះជំនាញពិតប្រាកដ។

ជនពិការមានជំនាញដេរ អ្នកស្រី ប៉ែន ច័ន្ទរតនា បានអំពាវនាវទៅជនពិការទាំងអស់ ជាពិសេសអ្នកដែលមានកំរិតវប្បធម៌ទាប ត្រូវចាប់យកជំនាញណាមួយឲ្យបានពិតប្រាក ដើម្បីងាយស្រួសស្វែងរកការងារធ្វើ និងបង្កើតមុខរបខ្លួនឯង។

អ្នកស្រីមន្ថែមថា៖ «ខ្ញុំចង់ប្រាប់ពួកគាត់ថា សូមកុំឲ្យពួកគាត់តូចចិត្តនឹងខ្លួន ឯងគិតថា ខ្លួនឯងធ្វើអីអត់កើត សំខាន់គឺទឹកចិត្តខ្លួនឯង ជំរុញខ្លួនឯង ទោះបីជាយើងពិការ យើងត្រូវព្យាយាម ហើយគាត់ត្រូវចាប់យកជំនាញ មានដេរកាបូប ឆ្លាក់ និងជំនាញ     ផ្សេងៗជាច្រើនទៀត។ បើគាត់នៅរៀនអក្សរ សូមកុំឲ្យគាត់គិតខ្លីដូចខ្ញុំកាលពីមុនថា ខ្លួនពិការធ្វើអីមិនកើត អញ្ចឹងសូមឲ្យពួកគាត់ខំប្រឹង តែយើងមានចំណេះនៅក្នុងខ្លួន មិនខ្វះទេការងារធ្វើ»។

របាយការណ៍របស់ក្រសួងសង្គមកិច្ចឆ្នាំ២០១៤ ឲ្យដឹងថា ជនពិការមានប្រហែល ៤%នៃចំនួនប្រជាជនសរុប ឬ​ប្រហែល ៥២៤ ០០០នាក់ ប៉ុន្តែ បើអង្គការសង្គមវិល​លើក​ឡើង​ថា ចំនួន​ជន​ពិការ​​អាចច្រើនជាងនេះ។

របាយការណ៍របស់ក្រសួងដដែលឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦ ជនពិការចូលបម្រើការងារនៅក្នុងក្រសួង និងស្ថាប័នរដ្ឋមានចំនួន២៥៧៦នាក់ គិតជាភាគរយស្មើនឹង ១.៧២% ហើយ​ជនពិការបម្រើការងារក្នុងវិស័យឯកជនចំនួន ១៩ស្ថាប័នមានជនពិការចំនួន២១២៤នាក់។ ជារួម ជនពិការចូលបម្រើការងារទាំងវិស័យរដ្ឋ និងឯកជន គឺមានចំនួន ៤៧០០នាក់៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required