តុលាការជាន់ខ្ពស់​ច្រានចោលសំណើសុំនៅក្រៅឃុំរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី

អតីត​អ្នកព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ ធ្វើដំណើរចេញពីតុលាការ (ជន ចាន់រ៉ែន)

តុលាការជាន់ខ្ពស់​សម្រេច​ច្រានចោលសំណើសុំនៅក្រៅឃុំរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប ដោយថា កុំ​ឲ្យប៉ះ​ពាល់ដល់នីតិវិធីស៊ើបអង្កេតរបស់តុលាការ។

​លោក កែវ​ វ៉ាន្នី​ ជាមេធាវី​ការពារឲ្យអតីតបុគ្គលិកវិទ្យុអាស៊ីសេរី បានបញ្ជាក់ថា ចៅក្រមតុលាការកំពូល​សម្រេច​តម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ ដោយមិនអនុញាតឲ្យអតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និង ​យាង សុជាមេត្តា​ បាននៅក្រៅឃុំបណ្តោះអាសន្ននោះទេ ដោយថា ​ងាយស្រួល​តុលាការ​កោះហៅ​សាក​សួរតាមនីតិវិធីនិង​ការពារកុំ​ឲ្យបុគ្គល​ទាំង​ពីរ​នោះ​រត់គេចខ្លួន ឬ ត្រូវ​រ៉ូវជាមួយបរទេស។

ករណីនេះ មេធាវី​រូបនោះ មានប្រសាសន៍ថាថា ការសម្រេច​របស់តុលាការកំពូលនៅថ្ងៃនេះ ធ្វើឲ្យប៉ះពាល់​ដល់​សិទ្ធិ​របស់​កូន​ក្តីរបស់លោក ដោយថា ពួកគេមិនបានធ្វើខុសដូចការចោទប្រកាន់​នោះទេ។

លោកថា៖ «ខ្ញុំយល់ថា វាមិនមានភាពយុត្តិធម៌ចំពោះពួកគាត់ ដោយសារតែអ្វីៗ ដែលតុលាការលើកឡើង​គឺអត់មានការ​គាំទ្រ​អំណះអំណាង​របស់គាត់គាត់គ្រាន់តែថា គាត់សម្រេ​ចឃុំខ្លួនចង់រក្សាជនត្រូវ​ចោទតាមនីតិវិធី កុំឲ្យ​ជនត្រូវ​​ចោទទៅឃុំខិតជាមួយអ្នកផ្សេងនៅក្រៅពន្ធនាគារ​»។​

ទោះជាយ៉ាងណាមេធាវីរូបនោះ អះអាងថា លោកបានដាក់ពាក្យប្តឹងសុំនៅក្រៅឃុំជា​លើកទីពីរទៅ​សាលា​ឧទ្ធរណ៍វិញ​កាលពីថ្ងៃទី១៤ ខែមីនានេះ​ ដោយថា ដើម្បីសុំឲ្យកូនក្តីរបស់លោកបាននៅក្រៅឃុំ​។

អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក អួន ឈិន និង​​លោក យាង សុជា​មេត្តា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅក្នុង​ផ្ទះសំណាក់មួយនៅ​ក្នុង​ខណ្ឌ​មានជ័យ ដោយ​សមត្ថកិច្ច​ចោទ​ថា បានលួច​ផលិត​ព័ត៌មាន​ពីប្រទេសកម្ពុជា​ ផ្ញើ​រទៅ​ឲ្យ​វិទ្យុ​អាស៊ី​សេរី នៅ​សហរដ្ឋអាមេរិក។

ការចាប់ខ្លួននិងឃុំខ្លួនអតីតបុគ្គលិកទាំងពីររូបនេះ កើតឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី ​បានបិទការិយាល័យរបស់ខ្លួននៅកម្ពុជា​ កាលឆ្នាំមុន បន្ទាប់ពីមានបញ្ហាប្រឈម​មួយ​​ចំនួន​​ជាមួយរដ្ឋាភិបាល។ ​ ក្រោយការបិទការិល័យនេះ ក្រសួងព័ត៌មាន​កម្ពុជាបានប្រកាសចាត់វិធាន​ការ​​ បើសិន​ជា​បុគ្គលិក​អាស៊ីសេរីនៅតែបន្តចុះយកព័ត៌មានទៀតនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ