ចន ច័ន្ទ​លក្ខិណា ​​ថា​ការ​ជេរប្រទេច​រឿង​​ស្រីមុំជា​ករណីភាន់​ច្រឡំ

អ្នក​នាង​​ចន ច័ន្ទ​លក្ខិណា និងម្ចាស់ស្នេហ៍ លោក ហេង ឡុង

បើទោះជាមានការរិះគន់យ៉ាងពេញទំហឹងពីសំណាក់អ្នកលេងហ្វេសប៊ុកលើការបង្ហោះទាក់ទងនឹងអ្នកនាងខុម ចាន់ តារ៉ាទី ហៅស្រីមុំ ក្នុងប៉ុន្មានថ្ងៃនេះក៏ដោយ ក៏តារាសម្ដែងល្បីឈ្មោះអ្នកនាងចន ច័ន្ទលក្ខិណា បានអះអាងថាអ្នកនាងនៅតែមានស្មារតីទទួលយក។ អ្នកនាងថាអ្វីដែលខ្លួនលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៤ខែឧសភា មិនមែនក្នុងបំណងកាន់ជើងគណបក្សម្ខាងៗ ពាក់ព័ន្ធនឹងករណីរបស់ស្រីមុំ ដែលត្រូវបានទម្លាយតាមខ្សែអាត់សំឡេងថាជានារីកំណាន់របស់លោក កឹម សុខា ប្រធានទីស្តីគណបក្សសង្រ្គោះជាតិ។ អ្នកនាងយល់ថាការជេរប្រទេចគឺជាភាន់ច្រឡំចំពោះការបញ្ចេញយោបល់របស់នាង។

ក្នុងបទសម្ភាសន៍ជាមួយVOD ក្រោយពីផ្ទុះការជេរប្រមាថលើហ្វេសប៊ុក អ្នកនាងនិយាយថាអ្វីដែលអ្នកនាងលើកឡើងគឺចង់ឲ្យមានយុត្តិធម៌ចំពោះអ្នកនាងស្រីមុំ ដោយថាអ្នកនាងមិនបានសំដៅឲ្យត្រូវតែចាប់ភាគីដែលបានពាក់ព័ន្ធស្នេហាជាមួយស្រីមុំមកទទួលកំហុសតែម្ខាងនោះទេ។ អ្នកនាងថានាងចង់សំដៅឲ្យជនដែលបានយករឿងឯកជនរបស់ស្រីមុំ មកលាតត្រដាងធ្វើឲ្យជនរងគ្រោះរូបនេះខូចឈ្មោះ មានការទទួលខុសត្រូវផងដែរ។ អ្នកនាងថាខ្លួនអត់មានកាន់ជើងគណបក្សណាហើយទម្លាក់កំហុសឲ្យគណបក្សណានោះទេ ប៉ុន្តែអ្វីដែលខ្លួនចង់សំដៅគឺសុំឲ្យច្បាប់ជួយរកយុត្តិធម៌ឲ្យស្រីមុំ បន្ទាប់ពីនាងត្រូវបានគេយករឿងរ៉ាវឯកជន មកលាតត្រដាងដែលនាំឲ្យស្រីមុំបាត់បង់កិត្តិយសក្នុងនាមជាស្រ្តីខ្មែរម្នាក់។

ចន ច័ន្ទលក្ខិណា និយាយថា៖ “ខ្ញុំដឹងថាអ្នកជេរប្រមាថខ្ញុំគាត់ចង់សំដៅថាខ្ញុំយ៉ាងម៉េច ប៉ុន្តែអ្វីដែលខ្ញុំបញ្ចេញយោបល់គឺខ្ញុំចង់ឃើញច្បាប់ជួយដល់ ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដោយត្រូវតែយករឿងនាងមកលេងសើច មកទទួលខុសត្រូវប៉ុណ្ណោះ ហើយអ្នកយករឿងនាងមកលេងសើចមិនមែនតែអ្នកយកនាងជាស្រីកំណាន់ទេ គឺអ្នកបញ្ចេញខ្សែអាត់សំឡេងរឿងឯកជនរបស់នាងមកលាតត្រដាងធ្វើឲ្យនាងខ្មាសគេក៏ត្រូវតែប្រឈមមុខផងដែរ!”

អ្នកនាងបញ្ជាក់បន្ថែមថា៖ “ខ្ញុំនៅតែបញ្ជាក់រឿងនយោបាយខ្ញុំអត់លូកដៃទេ ហើយខ្ញុំក៏អត់កាន់ជើងគណបក្សណាដែរ ប៉ុន្តែមកពីខ្ញុំឃើញទាស់ភ្នែកចំពោះករណីហ្នឹង ទើបខ្ញុំចង់ឲ្យមានយុត្តិធម៌ ហើយពាក្យយុត្តិធម៌ចំពោះខុម ចាន់តារ៉ាទីហ្នឹង គឺទាំង២ ព្រោះបើគ្មានអ្នកពាក់ព័ន្ធជាមួយគាត់យកគាត់ទៅធ្វើជាស្រីកំណាន់ក៏គាត់មិនក្លាយជាជនរងគ្រោះ ហើយបើគ្មានការបញ្ចេញសំឡេងឯកជនគាត់ធ្វើឲ្យខ្មាសគេ ក៏គាត់មិនត្រូវបានចាត់ទុកជាជនរងគ្រោះ ចឹងសម្រាប់ខ្ញុំក្នុងនាមជាស្រ្តីម្នាក់ខ្ញុំយល់ថាបញ្ហាទាំង២គឺខុសដូចគ្នា ចឹងបើមិនរកយុត្តិធម៌ឲ្យ គាត់តម្លៃរបស់ស្រ្តីយើងនៅណា”?

សារដែលអ្នកនាងចន ច័ន្ទលក្ខិណា បង្ហោះលើហ្វេសប៊ុករបស់នាង កាលពីថ្ងៃទី១៤ខែឧសភា
សារដែលអ្នកនាងចន ច័ន្ទលក្ខិណា បង្ហោះលើហ្វេសប៊ុករបស់នាង កាលពីថ្ងៃទី១៤ខែឧសភា

ក្រោយពីការបង្ហោះសាររបស់អ្នកនាង ចន ច័ន្ទលក្ខិណា អ្នកលេងហ្វេសប៊ុកមួយចំនួនបានប្រតិកម្មទៅនឹងសារមួយនេះ ដោយអ្នកខ្លះបានជេរប្រទេចរូបនាងនិងថាកុំឲ្យនាងចូលក្នុងនយោបាយដែលអាចនាំឲ្យបាត់បង់ប្រជាប្រិយភាព។ អ្នកលេងហ្វេសប៊ុកមួយចំនួនបានបង្ហោះរូបនាងនិងម្ចាស់ស្នេហ៍ ពេលថតជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយារបស់លោកក្នុងកម្មវិធីកាកបាទក្រហមកាលពីកន្លងទៅ ដោយលើកឡើងថាអ្នកនាងចន ច័ន្ទលក្ខិណា កំពុងចូលរួមក្នុងរឿងនយោបាយ។

លោក ហេង ឡុង ម្ចាស់ស្នេហ៍របស់អ្នកនាងចន ច័ន្ទលក្ខិណា និងត្រូវគេស្គាល់ថាមានទំនាក់ទំនងជិតស្និទ្ធនឹងមន្រ្តីរដ្ឋាភិបាល បានមានប្រសាសន៍ថាសារដែលបានបង្ហោះពាក់ព័ន្ធនឹងករណីរបស់ខុម ចាន់តារ៉ាទី គឺលោកជាអ្នកសរសេរ ប៉ុន្តែលោកថាជាទស្សនៈឈឺឆ្អាលរបស់អ្នកនាង ចន ច័ន្ទលក្ខិណា។ លោកនិយាយថា៖ “សារហ្នឹងខ្ញុំសរសេរ តែជាគំនិតរបស់គាត់(ចន ច័ន្ទលក្ខិណា) ហើយពួកយើងអត់មានចង់សរសេរអីប៉ះពាល់ទៅគណបក្សណាទេ គឺពួកយើងចង់សំដៅលើកំហុសទាំងសងខាងតែម្ដង ដែលនាំឲ្យខុម ចាន់តារ៉ាទី ក្លាយជាឈ្នាន់របស់អ្នកនយោបាយ”។ ចំពោះករណីដែលមានគេចោទថាហេតុអ្វីបានជាលោកនិងអ្នកនាងចន ច័ន្ទលក្ខិណា មិនប្រកាសស្វែងរកយុត្តិធម៌ឲ្យតារាសិល្បៈដទៃទៀតផង ដូចជាអ្នកនាងពិសិដ្ឋ ពិលីកា ជាដើម លោក ហេង ឡុង ពន្យល់ថាករណីរបស់តារាទាំងនោះបានកើតឡើងនៅក្នុងបរិបទដែលពួកលោកមិនសូវដឹងច្បាស់។ លោកថារូបលោក ក៏ដូចជាអ្នកនាងចន ច័ន្ទលក្ខិណា មិនខ្លាចចំពោះការរិះគន់នោះឡើយ ហើយមិនចង់តបតចំពោះការជេរប្រមាថណាមួយនោះដែរ។ លោកបញ្ជាក់ថាសារទស្សនៈ បើមើលមួយភ្លែត ហាក់ដូចជាលម្អៀងលើគណបក្សកាន់អំណាច ប៉ុន្តែលោកថាធាតុពិតគឺអ្នកនាងចន ច័ន្ទលក្ខិណា ចង់ឃើញយុត្តិធម៌ដែលសំដៅឲ្យអ្នកបញ្ចេញរឿងរ៉ាវឯកជនធ្វើឲ្យនាងខុម ចាន់តារ៉ាទី ខូចឈ្មោះទទួលខុសត្រូវដូចគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ