ឧទ្ទាម​កុំម្មុយនីស្ត​ហ្វីលីពីន​សម្លាប់​ទាហាន​៣​នាក់

(រូបភាពពី AFP)

ក្រុមឧទ្ទាមកុំម្មុយនីស្តបានសម្លាប់ទាហានហ្វីលីពីន៣នាក់នៅក្នុងការប្រយុទ្ធគ្នាយ៉ាងស្លាប់រស់ជាលើកដំបូងចាប់តាំងប្រធានាធិបតីទើបជាប់ឆ្នោតថ្មីបានអនុញ្ញាតឲ្យចាប់ផ្ដើមកិច្ចពិភាក្សាសន្តិភាពដែលបានជាប់គាំង។

ដោយបានដកស្រង់របាយការណ៍របស់យោធាទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថាទាហានស្ថិតនៅលើកោះ Negros ភាគកណ្ដាលប្រទេសហ្វីលីពីនកាលពីថ្ងៃសៅរ៍កន្លងមកនេះ ដោយបានស៊ើបអង្កេតសេចក្ដីរាយការណ៍នានាដែលបាននិយាយថាក្រុមឧទ្ទាមកងទ័ពប្រជាជនថ្មីកំពុងសម្លុតយកលុយពីអ្នកភូមិនៅពេលពួកគេបាញ់ប្រហារគ្នាប្រហែល១០នាទីដោយបណ្ដាលឲ្យទាហាន៣នាក់ស្លាប់និង២នាក់រងរបួស។

AFP បានរាយការណ៍បន្តថាអំពើហិង្សានេះបានកើតឡើងតែប៉ុន្មានថ្ងៃក្រោយពីប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Rodrigo Duterte បាននិយាយថា លោកបើកចំហចំពោះការចាប់ផ្ដើមការពិភាក្សាអំពីសន្តិភាពឡើងវិញក្នុងបំណងបញ្ចប់ការបះបោរចំណាស់មួយទសវត្សនេះ ដែលបានសម្លាប់ជីវិតមនុស្ស១ម៉ឺននាក់។

បន្ទាប់ពីទទួលជោគជ័យក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៩ ខែឧសភាកន្លងមកថ្មីៗនេះ អ្នកនាំពាក្យលោក Duterte បាននិយាយថា អ្នកនយោបាយឆេវឆាវរូបនេះអាចដោះលែងពួកបះបោរកុំម្មុយនីស្តជាប់ឃុំឃាំងដែលជាការព្យាយាមបើកកិច្ចពិភាក្សាអំពីសន្តិភាពឡើងវិញ។

លោកប្រធានាធិបតី Benigno Aquino បានបញ្ចប់ការចរចាជាមួយបក្សកុំម្មុយនីស្តហ្វីលីពីនកាលពីឆ្នាំ២០១៣ ដោយសារតែពួកបះបោរទាមទារឲ្យមានការដោះលែងដោយឥតលក្ខខណ្ឌនូវសមមិត្តជាប់ឃុំរបស់ពួកគេ ប៉ុន្តែរដ្ឋាភិបាលលោក Benigno Aquino ពុំយល់ព្រមនោះឡើយ។

លោក Duterte គឺជាអភិបាលក្រុងប្រកាន់តឹងរឹងម្នាក់ ហើយលោករងការចោទប្រកាន់ថាបានបង្កើតក្រុមពិឃាតដែលបានសម្លាប់ជនសង្ស័យជាឧក្រិដ្ឋជនជាង១ពាន់នាក់នៅទីក្រុង Davao ស្ថិតនៅភាគខាងត្បូងហ្វីលីពីន។ អតីតអភិបាលក្រុង Davao រូបនេះគឺជាមិត្តភក្តិនឹងលោក Jose Maria Sison ដែលបានបង្កើតបក្សកុំម្មុយនីស្តកាលពីឆ្នាំ១៩៦៨និងកំពុងរស់នៅប្រទេសហូឡង់។

លោក Duterte ដែលនឹងត្រូវចូលកាន់តំណែងប្រធានាធិបតីនៅថ្ងៃទី៣០ខែមិថុនាខាងមុខ កាលពីមុនធ្លាប់បានចាត់ទុកខ្លួនលោកជាជនសង្គមនិយមម្នាក់។

យោងតាមការប៉ាន់ប្រមាណដោយយោធាហ្វីលីពីន បានឲ្យដឹងថាពួកបះបោរកុំម្មុយនីស្តបានផ្ដាច់ជីវិតមនុស្ស៣ម៉ឺននាក់ បន្ទាប់ពីបានបង្កើតឡើងជិតកន្លះសតវត្សរ៍ហើយនោះ។

កម្លាំងរបស់ពួកបះបោរបានធ្លាក់ចុះពី២៦០០០នាក់កាលពីចុងទសវត្សរ៍១៩៨០មកនៅមិនដល់៤ពាន់នាក់ទេរហូតមកដល់បច្ចុប្បន្ននេះ។ ទោះជាយ៉ាងណា ពួកឧទ្ទាមកុំម្មុយនីស្តនៅតែទទួលបានការគាំទ្រពីប្រជាជនក្រីក្រីខ្លាំងនៅតំបន់ជនបទនៃប្រទេសហ្វីលីពីន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ