អតីតប្រធាន គជប មួយរូប​ជាប់ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ​

អតីតប្រធានគ.ជ.ប លោក អុឹម សួស្តី

អតីតប្រធាន (គ.ជ.ប) មួយ​រួប ត្រូវ​បានរដ្ឋសភាជ្រើសតំាងជា​សមា​ជិក​​ក្រុម​ប្រឹក្សា​​​ធម្មនុញ្ញ ជំនួស លោក​​​ ​ពិត តំាងសាន ដែល​ទទួលមរណភាព។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់VODនៅថ្ងៃអង្គារនេះថា លោក អ៊ឹម សួស្តី ត្រូវ​បានសមាជិក​សភា​ភាគ​ច្រើន​លើស​លប់​​​​មក​​ពី​បក្សកាន់អំណាច​ ​បោះឆ្នោ​ត​ជ្រើស​តំាង ជា​សមា​ជិក​​ក្រុម​ប្រឹក្សា​​​ធម្មនុញ្ញ ដោយ​៦៦​សំឡេង​។

លោក ប៉េងឡុង ថាមូលហេតុដែលសភាជ្រើសរើស លោក សួស្តី ធ្វើជាសមាជិកក្រុម​ប្រឹក្សា​​​ធម្មនុញ្ញ ដោយសារបេក្ខជនរូបនោះបានបំពេញគ្រប់លក្ខខណ្ឌដែលច្បាប់តម្រូវ​។

លោកនិយាយថា«លក្ខ័ណ្ឌទីមួយគឺថា សមាជិករដ្ឋសភាយ៉ាងតិចបោះឆ្នោតគំាទ្រ១៣រូប លក្ខ័ណ្ឌទីពីរ មានសញ្ញាប័ត្រឧត្តមសិក្សាថ្នាក់រដ្ឋបាល សេដ្ឋកិច្ច និងការទូត លក្ខ័ណ្ឌទី៣ មានបទពិសោធន៍ធ្វើការរាជការ១៥ឆ្នាំលក័្ខណ្ឌមានអាយុយ៉ាងតិច៤៥ និងលក្ខ័ណ្ឌទី៥ មិនធ្លាប់ប្រព្រឹត្តិបទឧក្រិដ្ឋ ឬមជ្ឈិមជាដើម និងមានសំបុត្រថ្កោលទោសក្រៅពីលោក អ៊ឹម សួស្តី អត់មានអ្នកណាបំពេញល័ក្ខណ្ឌនេះបានទេ​»

កាល​ពី​ឆ្នាំ​២០១៥ អតីត​ប្រធាន (គ.ជ.ប) លោក អ៊ឹម សួស្តី ត្រូវ​ប្តូរ​តំណែង​ចេញ​ពី​ប្រធាន គ.ជ.ប ក្រោយ​ពេល​​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀ​គ្នា​កែ​ទម្រង់​សមាស​ភាព​ក្បាល​​ម៉ាស៊ីន គ.ជ.ប ថ្មី។ ការផ្លាស់ប្តូរលោក សួស្តីនៅពេលនោះ ធ្វើឡើងបន្ទាប់ពីបក្សប្រឆំាង​ប្រកាស​មិន​ទទួលស្គាល់លទ្ធផលបោះឆ្នោតកាលពីឆ្នាំ២០១៣ ដោយថាលទ្ធផលនោះ មានភាពមិនប្រក្រតី ពោល​ក្នុ​ង​ការគ្រប់គ្រងស្ថាប័ន គជប នៅពេលនោះ​ គឺ​លោក សួស្តី រងការរិះគន់ថា ដឹកនាំស្ថាប័ន​​លំអៀង​ទៅ​គណ​បក្ស​​កាន់​អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ