រដ្ឋមន្ត្រីបរិស្ថានព្រមានចាប់ខ្លួនយោធាដែលប្រើងារឧកញ៉ារកស៊ីឈើ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់

រដ្ឋមន្ត្រីក្រសួងបរិស្ថានបានព្រមានចាប់ខ្លួនមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ ដែលប្រើងារជាឧកញ៉ា ដើម្បីរកស៊ីឈើយកទៅលក់នៅប្រទេសវៀតណាម។

យោងតាមព័ត៌មានក្នុងស្រុកមួយ ចេញផ្សាយកាលពីថ្ងៃ១៣ ខែឧសភា ឆ្នាំ ២០១៧ ឲ្យដឹងថា រដ្ឋមន្ត្រីក្រសួង បរិស្ថាន លោក សាយ សំអាល់ ថ្លែងថា   ប្រសិនបើមានការដឹកឈើ​ខុសច្បាប់ទៀត លោកនឹងដាក់កម្លាំងឲ្យចាប់មន្ត្រីយោធានោះតែម្ដង។ លោកបញ្ជាក់បន្ថែមថា ប្រសិនបើជាករណីកាប់បំផ្លាញព្រៃឈើនៅតាមតំបន់ ពាក់ព័ន្ធ ឧទ្យានជាតិ និង កន្លែងសំខាន់ៗ មួយចំនួនទៀត ក្រសួងបរិស្ថាននឹងចាត់វិធានការ  ដោយចាប់ខ្លួនមន្ត្រីម្នាក់នោះតែម្ដង។

លោកថា«បើមានការដឹកជញ្ជូនមែន យើងដាក់កម្លាំងប៉េអឹមចាប់តែម្ដង»

បើតាមព័ត៌មានសៀមរាបប៉ុស្ដិ៍នោះឲ្យដឹងទៀតថា មន្ត្រីយោធាម្នាក់នោះបានប្រើងារជាឧកញ៉ា គង់ ក្រឹង  ដើម្បីរកស៊ីទិញ ឈើខុសច្បាប់ ពីខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ហើយយកទៅលក់នៅប្រទេសវៀតណាម តាមច្រករបៀង D2 ស្ថិតក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ដោយយកឈើនោះទៅស្តុកទុក នៅត្រង់ចំណុចក្រោលគោ ខាងក្រោយបន្ទាយទាហានវរៈ ២០។  ព័ត៌មាននោះឲ្យដឹងបន្តថា  នៅភាគឦសាន លោក គង់ ក្រឹង គឺជាឈ្មួញធំជាងគេ   ហើយក្នុងមួយថ្ងៃៗ លោកបានទិញ  ដោយដឹកតាមរយៈរថយន្តចំណុះ៥តោន រថយន្តប៉ែន ឬរថយន្តកុងតឺន័រ និងដឹកតាមម៉ូតូផងដែរ។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពី មេបញ្ជាកង រាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា  ដែលទទួលបន្ទុកការងារថ្មីមួយទៀតខាងបង្រ្កាបបទល្មើសព្រៃឈើនោះបាននៅឡើយទេ ​ដោយអ្នកទទួលទូរសព្ទថាលោក ជាប់ប្រជុំ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក  សៅ សុភាព មានប្រសាសន៍ថា   លោកមិនទាន់ទទួលបានព័ត៌មាននេះច្បាស់នោះឡើយ  ប៉ុន្តែបើមានមន្ត្រីណាម្នាក់ជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើនោះ ក្រសួងតែងវិធានការ​។​

លោកថា«ករណីមួយនេះក៏អត់ច្បាស់ដែរថាទាល់តែទុកពេលឲ្យខ្ញុំបន្តិចព្រោះអត់ដឹងមូលហេតុអី»

មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក លោក  សុខ រដ្ឋា  មានប្រសាសន៍ថា  ចំពោះការប្រកាសរបស់ក្រសួងបរិស្ថានគឺជាសញ្ញាវិជ្ជមានមួយ ដើម្បីរឹតបន្តឹងនៅការអនុវត្តច្បាប់ព្រៃឈើ និងការអនុវត្តបទបញ្ជាផ្សេងៗផងដែរ។ លោកបន្តថា ដើម្បីបង្ក្រាបបទល្មើសព្រៃឈើ ឲ្យមានប្រសិទ្ធភាព រដ្ឋាភិបាលគួតែវិធានការឲ្យបានតឹងរឹងជាងនេះ ដោយសារ  បច្ចុប្បន្ននេះ បទល្មើសព្រៃឈើភាគច្រើនកើតឡើងនៅពេលយប់ ហើយចាប់ជនតែពាក់ព័ន្ធមកផ្ដន្ទាទោស។

លោកថា«បទល្មើសព្រៃឈើវាច្រើនកើតឡើងនៅពេលយប់មានការលួចលាក់ ក៏ដូចជាត្រូវរ៉ូវ ក៏ដូចការអនុគ្រោះ ផ្សេងៗពីមន្ត្រីអភិរក្សជាដើមក៏មានការកើនឡើងខ្លះដែរ។  យើងមិនដឹងថាគាត់ជាប់ពាក់ព័ន្ធពីបទឃុតឃិតគ្នាយ៉ាងណាទេ ប៉ុនគ្រាន់ថា អ្វីដែលបទល្មើសព្រៃឈើកើតឡើងគឺកើតនៅតំបន់អភិរក្សដូចជា ស្រុកកែវសីមាគឺកើតឡើងច្រើនជាងគេ។  អាហ្នឹងហើយដែលយើងអាចសន្មត់ថា អាជ្ញាធរនៅមូលដ្ឋាន ក៏ដូចមន្ត្រីជំនាញដែលគ្រប់គ្រង់នៅតំបន់អភិរក្សហ្នឹង  គាត់អាចមានជាប់ពាក់ព័​ន្ធខ្លះដែរ  ហើយយើងក៏អាចនិយាយបានថា គាត់អាចមានការអនុគ្រោះមានការលើកលែងចំពោះបទល្មើស មួយចំនួនចឹងទៅក្នុងនោះក៏មានមន្ត្រីមួយចំនួនគាត់អាចជាប់ពាក់ព័ន្ធផលប្រយោជន៍ពីបទល្មើសព្រៃឈើហ្នឹង»

កាលពីកន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតក្រុមការងារពិសេសមួយដែលដឹកនាំដោយនាយឧត្តមសេនីយ៍ លោក សៅ សុខា ឲ្យចុះទប់ស្កាត់បទល្មើសព្រៃឈើដែលកំពុងកើតមាននៅភូមិភាគឦសាន។ ជាលទ្ធផលរដ្ឋាភិបាលអះអាងថា រឹបអូសបានឈើល្មើសច្បាប់ជាង៧០ម៉ឺនម៉ែត្រគូប ប៉ុន្តែអ្នកពាក់ព័ន្ធមិនត្រូវបានយកមកផ្តន្ទាទោសទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ