ក្រសួងធនធានទឹកឲ្យប្រុងប្រយ័ត្នខ្ពស់ពីបាតុភូតភ្លៀងនិងខ្យល់កន្ត្រាក់​

ដោយ លោក ណាត សុភាព​​ | ថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 9:51 AM | បរិស្ថាន | 0 | 6290 រូបអគារស្ថានីយ៍ឧតុនិយមនៃ​ក្រសួងធនធានទឹក​និង​ឧតុនិយមកម្ពុជា

ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ប្រជាពលរដ្ឋទូទំាងប្រទេសមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះ​ទឹកភ្លៀងដែលនាំមានបាតុភូតផ្គរន្ទះ និងខ្យល់កន្ត្រាក់ ​ចាប់ពីថ្ងៃ១៤មេសាដល់ថ្ងៃ២១ឧសភានេះ។

ក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលVODទើប​ទទួល​បាន​នៅថ្ងៃ​ទី១៦​ឧសភា​នេះ មានខ្លឹមសារថា ភ្លៀងអាចនឹងបន្តធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ក្នុងកំរិតពីមធ្យមទៅច្រើន​ចាប់ពី​ថ្ងៃទី១៤ដល់ថ្ងៃទី២១ខែឧសភាខាងមុខ​នេះ​។ ថ្ងៃទី២១ខែឧសភានេះ​ ភ្លៀង​នឹង​កាន់​តែ​បង្កើន​ការធ្លាក់​រា​យ​ប៉ាយពីបង្គួរទៅច្រើនស្ទើរទូទំាងប្រទេស​ ដោយសីតុណ្ហភាពអតិបរមាពី ៣០ទៅ៣៣អង្សាសេ ឬសីតុ​ណ្ហ​​ភាព​អប្បបរមាពី ២២ទៅ២៤អង្សាសេ។

ករណីខាងលើនេះ ក្រសួងធនធានទឹក និងឧតុនិយម ប្រាប់ប្រជាពលរដ្ឋទូទំាងប្រទេសប្រុងប្រយ័ត្នខ្ពស់ ចំពោះ​បាតុភូតផ្គរន្ទះ និងខ្យល់កន្ត្រាក់​ដែលអាចនឹងបន្តកើតមានឡើងញឹកញាប់នៅក្នុង​ពេល​មាន​ភ្លៀង​ធ្លាប់។

កាលពីដើមសប្តាហ៍មុន​ របាយការណ៍ឲ្យដឹងថា មនុស្សយ៉ាងតិច៤នាក់ស្លាប់និង៣នាក់ទៀតរងរបួស ខណៈផ្ទះប្រជាពលរដ្ឋច្រើនខ្នងទៀតបានរងការបំផ្លិចបំផ្លាញ ក្រោយភ្លៀងខ្យល់ និងផ្គររន្ទះ បានបោកបក់ លើខេត្តមួយចំនួនដូចជា ខេត្តស្វាយរៀង កំពង់ឆ្នាំង កណ្តាល និងបាត់ដំបងជាដើម៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required