រដ្ឋាភិបាលថាបានទប់ស្កាត់មិនឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 11:11 AM | នយោបាយ | 0 | 1550 លោក នេត សាវឿន (រូបភាពពីគេហទំព័រអគ្គស្នងការដ្ឋានគរបាលជាតិ)

មន្រ្ដីជាន់ខ្ពស់កងកម្លាំងនគរបាលជាតិអះអាងថា រដ្ឋាភិបាលបានការពារសន្ដិសុខសណ្ដាប់ធ្នាប់ជាតិ អំពើភេរវកម្ម និងទប់ស្កាត់មិនឲ្យមានការធ្វើបដិវត្តន៍ព័ណ៌នៅកម្ពុជាដោយជោគជ័យ។ ប៉ុន្ដែអ្នកវិភាគថា ការលើកឡើងនេះជាការដោះសារ និងគេចវេសពីការទទួលខុសត្រូវចំពោះទុក្ខលំបាករបស់ពលរដ្ឋ។

ក្នុងលិខិតជូនពរដល់កងកម្លាំងនគរបាលជាតិចំខួបលើកទី៧២ឆ្នាំ នៃ​ថ្ងៃកំណើ​ត​នគរបាល​ជាតិ (១៦ខែឧសភា១៩៤៥ដល់២០១៧) នៅ​ទី​ស្តី​ការក្រសួង​មហា​ផ្ទៃ អគ្គស្នងការនគរបាលជាតិលោក នេត សាវឿន បានថ្លែងកោតសរសើរពីការខិតខំ និងសមិទ្ធផលនានា ដែលកងកម្លាំងក្រោមចំណុះរបស់លោកសម្រេចបាននៅឆ្នាំ២០១៦ ដោយថា កម្លាំងនគរបាលជាតិបានការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្ដិសុខសណ្ដាប់ធ្នាប់ បញ្ចៀសបានសកម្មភាពភេរវកម្ម និងទប់ស្កាត់ការប៉ុនប៉ងធ្វើបដិវត្តន៍ព័ណ៌ជាង១ពាន់ករណី។

លោក នេត សាវឿន ថ្លែងក្នុងលិខិតជូនពរនោះថា «ឆ្នាំ២០១៦កន្លងមកនេះ កងកម្លាំងនគរបាលជាតិគ្រប់ថ្នាក់គ្រប់ផ្នែក​……ការពារបាននូវអធិបតេយ្យភាពជាតិ បូរណាភាពទឹកដី ប្រឆាំងការឈ្លានពានពីសំណាក់ប្រទេសខាងក្រៅយ៉ាងអង់អាចក្លាហាន ធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ព្រំដែនបានយ៉ាងល្អប្រសើរ ដោយបញ្ចៀសបាននូវសកម្មភាពភេរវកម្ម ទប់ស្កាត់បានឧក្រិដ្ឋកម្មឆ្លងដែន ការពារពិធិបុណ្យជាតិ-អន្ដរជាតិជិត៨ពាន់ករណី ទប់ស្កាត់បានរាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ និងការពារសុវត្ថិភាពសណ្ដាប់ធ្នាប់នៃសកម្មភាពបាតុកម្ម-កូដកម្មចំនួនជាង១ពាន់ករណី»។

លោក នេត សាវឿន ក៏បានថ្លែងកោត​សរសើរពីការថយចុះនៃចំនួនបទល្មើស និងគ្រោះថ្នាក់ផ្សេងៗ ដោយថា បទល្មើសឧក្រិដ្ឋបានថយចុះ៥ភាគរយ គ្រោះថ្នាក់ចរាចរណ៍ថយចុះ១១ភាគរយ គ្រោះថ្នាក់ដោយអាវុធជាតិផ្ទុះថយចុះ៧០ភាគរយ។​ បន្ថែមលើសនេះ លោកថា កងកម្លាំងនគរបាលជាតិក៏បានចូលរួមក្នុងការបង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទខុសច្បាប់ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ និងបង្ក្រាបល្បែងស៊ីសង និងគ្រឿងញៀនជាដើម។

រដ្ឋាភិបាលកម្ពុជាតែងលើកឡើងថា ខ្លួនបានទទួលជោគជ័យក្នុងការទប់ស្កាត់ចលនា «ធ្វើបដិវត្តន៍ពណ៌​ និងយុទ្ធនាការ​អាវខ្មៅ» ដោយចោទថា ចលនាទាំងនេះមានគោលបំណងបះបោរ និងផ្ដួលរំលំរដ្ឋាភិបាល។  ប៉ុន្តែសង្គមស៊ីវិលចាត់​ទុកថា នេះជាលាបពណ៌របស់​រដ្ឋាភិបាល​មកលើអ្នកតស៊ូមតិដោយ​សន្តិវិធី។

តំណាងសហគមបឹងកក់ម្នាក់គឺលោក ចាន់ ពុទ្ធិស័ក ចាត់ទុកការលើកឡើងរបស់មន្ដ្រីរដ្ឋាភិបាលនេះថា ជាការដោះសារ និងកំពុងភ័យខ្លាចពីទង្វើអាក្រក់របស់ខ្លួន ដោយថា ក្នុងលទ្ធិប្រជាធិបតេយ្យ គឺពលរដ្ឋអាចប្រមូលផ្ដុំ និងបញ្ចេញមតិដោយសេរី និងបោះឆ្នោតដកសេចក្ដីទុកចិត្តពីរដ្ឋាភិបាលជាដើម។

លោកអះអាងថា សកម្មភាពរបស់អ្នកតវ៉ាជម្លោះដីធ្លី គឺកើតចេញពីការឈឺចាប់ ដែលរដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហាជូនពួកគាត់ ដូចជា ការរំលោភយកដីធ្លីពីសំណាក់អ្នកមានអំណាច ការចាក់ស្រេះដោយអំពើពុករលួយ គោលនយោបាយគ្មានប្រសិទ្ធិភាព និងការរំលោភសិទ្ធិពលរដ្ឋ។

លោកថា៖ «និយាយរួមប្រជាពលរដ្ឋ មិនទាន់ទាំងយល់អ្វីទៅហៅថាបដិវត្តន៍ពណ៌ផង នេះគ្រាន់ជាលេសមួយ ហើយជាភ័យខ្លាចរបស់រដ្ឋាភិបាល ដោយសារទង្វើរបស់ខ្លួនផ្សេងៗ ដែលផ្ទុយនឹងច្បាប់រដ្ឋ និងច្បាប់រដ្ឋធម្មនុញ្ញក៏ដូចជាសន្ធិសញ្ញាអន្ដរជាតិហ្នឹង។ ការតវ៉ាកើតឡើងដោយសារភាពមិនតម្លាភាព ភាពមិនប្រក្រតី អំពើពុករលួយ បក្ខពួកនិយម រំលោភសិទ្ធិពលរដ្ឋ អញ្ចឹងហើយ ទើបមានការតវ៉ាឡើង»។ 

សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា ការដែល​រដ្ឋាភិបាល​ចោទថា អ្នកតស៊ូមតិ​ប៉ុនប៉ងធ្វើ​បដិវត្តន៍ពណ៌នោះ គឺមិនសមហេតុផល​តាម​និយមន័យ​ពិត​នៃ​ពាក្យ​បដិវត្តន៍នោះទេ។​ លោកថា ការតវ៉ាទាំងនោះគឺគ្រាន់តែទាមទាររកយុត្តិធម៌ប៉ុណ្ណោះ តែរដ្ឋាភិបាល​បែរជាចោទប្រកាន់​ការតស៊ូមតិ​នោះថា​ជា​ប៉ុន​​​ប៉ង​ផ្តួល​រំលំរដ្ឋាភិបាល ហើយ​គេចវេសពីការ​ដោះស្រាយបញ្ហារបស់ពលរដ្ឋ​ដែល​កំពុង​ជួប​ប្រ​ទះ​ទៅវិញ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ការចាត់ទុករបស់រដ្ឋាភិបាលមិនទាន់ចំបដិវត្តន៍ពណ៌ ដូចនៅមជ្ឈិមបូព៌ា ឬនៅប្រទេសផ្សេងៗនោះទេ។ ការលើកឡើងនេះ គ្រាន់តែជាយន្ដការមួយ ឬការដោះសារមួយទេ ក្នុងការបង្ក្រាបទៅលើពលរដ្ឋមានការទាមទារ ហើយចោទថាអាហ្នឹងជាបដិវត្តន៍ពណ៌។ ខ្ញុំគិតថារដ្ឋាភិបាលមិនអាចគេចវេសបានទេ បើសិនបើរដ្ឋាភិបាលនៅតែគេចវេស ឬក៏ដោះសារនៅក្នុងការយកបដិវត្តន៍ពណ៌មក​ធ្វើឡប់ឡែក្នុង​ មិនឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ រដ្ឋាភិបាលនឹងបាត់ការគាំទ្រ បាត់ប្រជាប្រិយភាព និងការបោះឆ្នោត»។

ក្រោមលេសការពារមិនឲ្យមានបដិវត្តន៍ពណ៌នេះ រដ្ឋាភិបាលបានចាប់បញ្ចូនទៅឃុំខ្លួនមនុស្សមួយចំនួនដាក់ពន្ធនាគារ ដូចជា អ្នកតវ៉ាតំបន់បឹងកក់អ្នកស្រី ទេព វន្នី សកម្មជនការពារបរិស្ថានលោក គង់ រ៉ៃយ៉ា  រួមទាំងអ្នកតវ៉ាតំបន់បឹងកក់ និងសហគមបុរីកីឡាផ្សេងទៀត៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required