កម្ពុជា-វៀតណាម សន្យា​ជាថ្មីពន្លឿនការបោះ​បង្គោល​ព្រំ​ដែន​ឲ្យឆាប់​ចប់

ប្រ​ធានាធិបតីវៀតណាម លោក​ ត្រាន់ ដាយក្វាង និងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុក លោក ហ៊ុន សែន)

កម្ពុជា-វៀតណាម បានសន្យាជាថ្មីទៀតថាភាគីទាំងពីរនឹងពន្លឿនការបោះបង្កោលព្រំដែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ក្នុងសេចក្តីថ្លែងការណ៍រួមមួយរវាងកម្ពុជានិងវៀតណាមចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៃដំណើរទស្សនកិច្ចផ្លូវការពីរថ្ងៃរបស់ប្រធានាធិបតីវៀតណាម លោក ត្រាន់ ដាយក្វាង ភាគីទាំងពីរសន្យាបន្តពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេរភាគីឲ្យមាន “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង

ភាគីទាំងពីក៏បានប្តេជ្ញាចិត្តថានឹងស្វែងរកដំណោះស្រាយបញ្ហាមួយចំនួននៅតាមបន្ទាត់ព្រំដែនដែលនៅសេសសល់ ដោយថាដើម្បីពន្លឿនឲ្យមានការបោះបង្គោលព្រំដែនឲ្យឆាប់ចប់តាមដែលអាចធ្វើទៅបាន។

ទាក់ទងនឹងបញ្ហាព្រំដែន សាស្ត្រាចារ្យនិងអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី មានប្រសាសន៍ថា វៀតណាមចង់ឲ្យមានការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរឲ្យបានចប់សព្វគ្រប់ទាន់ពេលដែលគណបក្សប្រជាជនកាន់អំណាច ដោយលោកថាវៀតណាមគិតថាបើមានគណបក្សផ្សេងដឹកនាំរដ្ឋាភិបាលថ្មី ការបោះបង្គោលព្រំដែននឹងមានភាពស្មុគស្មាញជាងនេះ។

លោកបន្ថែមថា៖ “បង្គោលព្រំដែននេះអាចបោះទៅរលូតបានតែក្នុងសម័យរដ្ឋាភិបាលសព្វថ្ងៃទេ បើសិនជាមានរដ្ឋាភិបាលថ្មី…ខ្ញុំគិតថាវានឹងអាចមានភាពចម្រូងចម្រាសគ្នាច្រើន បើសិនជាមានការចុះពិនិត្យព្រំដែននេះឲ្យត្រឹមត្រូវ ព្រោះឥឡូវនេះគ្មានអ្នកណាហ៊ាននិយាយរឿងព្រំដែន ទី២ការចុះទៅមើលក៏គេមិនឲ្យយើងទៅមើលទៀត អ៊ីចឹងយើងមិនដឹងថាមានអ្វីខ្លះកើតឡើតនៅតាមព្រំដែន

បញ្ហាព្រំដែនកម្ពុជា-វៀតណាមនេះ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ត្រូវតុលាការសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នទាំងនៅមានអភ័យឯកសិទ្ធិពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។

រីឯសមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ក៏ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ គឺប៉ុន្មានថ្ងៃបន្ទាប់ពីលោក ហ៊ុន សែន ចេញបញ្ជាឱ្យចាប់ខ្លួននិងចោទលោកថាជាជនក្បត់ជាតិករណីលោកបកស្រាយសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាមឆ្នាំ១៩៧៩នៃសម័យប្រជាមានិតកម្ពុជាដែលលោក ហេង សំរិន ជាប្រមុខរដ្ឋ៕

កាលពីខែកក្កដា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាសព្វថ្ងៃនេះការបោះបង្គោលព្រំដែនជាមួយវៀតណាមសម្រេចបាន៨៣ភាគរយហើយនៅលើខ្សែព្រំដែនប្រមាណ១២៦០គីឡូម៉ែត្រ។ ជាមួយគ្នានេះដែររដ្ឋាភិបាលបានចេញសេចក្តីសម្រេចមួយចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ បង្កើតគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជាវៀតណាមដោយឲ្យអនុវត្តឲ្យបានសម្រេចជាស្ថាពរនូវសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ និងអនុសញ្ញានៃការយោគយល់ផ្សេងៗទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ