បក្សប្រឆាំងបបួលបក្សកាន់អំណាចចូលគាល់ស្តេច ខណៈមិនទាន់មានដំណោះស្រាយនយោបាយ

លោក សុន ឆ័យ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​កាល​ពីពេលកន្លង

គណបក្សសង្គ្រោះជាតិអះអាងថាខ្លួននៅតែមានជំនឿលើអង្គព្រះមហាក្សត្រក្នុងការស្វែងដំណោះស្រាយនយោបាយពេលនេះ ហើយបានបបួលគណបក្សកំពុងគ្រប់គ្រងអំណាចចូលគាល់ព្រះមហាក្សត្ររួមគ្នាដើម្បីសុំព្រះរាជយោបល់ស្វែងរកដំណោះស្រាយនយោបាយ។

នៅថ្ងៃទី១៦ខែមិថុនានេះមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ប្រាប់អ្នកសារព័ត៌មាននិងអ្នកគាំទ្រនៅស្នាក់ការគណបក្សថា គណបក្សទាំងពីរមិនទាន់បានឯកភាពកំណត់ថ្ងៃជួបចរចា ដើម្បីស្វែងរកដំណោះស្រាយនៅឡើយទេ។

លោក សុន ឆ័យ បន្តថាករណីនេះមានតែព្រះមហាក្សត្រទេដែលលោកថាជាតួអង្គអព្យាក្រិត្យមានឥទ្ធិពលអាចជំរុញឲ្យមានដំណោះស្រាយនយោបាយណាមួយបាន។ លោកបានអំពាវនាវឲ្យគណបក្សប្រជាជនកម្ពុជាចូលគាល់ព្រះមហាក្សត្ររួមគ្នា ដែលលោកថាដើម្បីទទួលយកព្រះបន្ទូលពីព្រះអង្គក្នុងការស្វែងរកដំណោះស្រាយនយោបាយ។

លោកថា៖ «ខ្ញុំថាបើមិនយល់ទាស់ទេជាឱកាសមួយដែរគណបក្សទាំងពីរគឺគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិ ចូលគាល់ព្រះករុណារួមគ្នា ដើម្បីថ្វាយជូនព្រះមហាក្សត្រនូវបញ្ហាទាំងឡាយ[ស្ថា្ននការណ៍នយោបាយ]បច្ចុប្បន្ននេះ ហើយដើម្បីទទួលបានព្រះរាជឱវាទដើម្បីដោះស្រាយ។ យើងជឿថាពេលព្រះមហាក្សត្រមានព្រះរាជបន្ទូលផ្តល់ជាឱវាទ គណបក្សនីមួយៗនឹងយកចិត្តទុកដាក់ខ្ពស់បំផុត»។

បើតាមលោក សុន ឆ័យ គណបក្សសង្គ្រោះជាតិបានដាក់លិខិតថ្វាយព្រះមហាក្សត្ររួចហើយកាលពីថ្ងៃទី១៤ខែមិថុនា សុំចូលគាល់និងដង្ហែញត្តិដែលមានស្នាមមេដៃពលរដ្ឋរាប់ម៉ឺននាក់ជូនព្រះអង្គស្វែងរកដំណោះស្រាយនយោបាយនិងស្វែងយល់ពីទុក្ខលំបាករបស់ព្រះអង្គដែលលោកថាមិនទាន់អាចបំពេញតួនាទីក្នុងការអន្តរាគមន៍បញ្ចុះកម្តៅនយោបាយនៅពេលនេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានច្រានចោលការលើកឡើងនេះដោយលោកអះអាងថាគណបក្សប្រជាជនគ្មានជម្លោះជាមួយគណបក្សសង្គ្រោះជាតិទេ លោកថាបញ្ហាទាំងអស់ជាចំណាត់ការរបស់តុលាការ។

លោកថា៖ «អត់មានរឿងអីត្រូវចូលផង អាហ្នឹងរដ្ឋាភិបាលលោកធ្វើការតាមប្រតិទិនការងារដែលមានចែងក្នុងរដ្ឋធម្មនុញ្ញប្រចាំសប្តាហ៍ នាយករដ្ឋមន្ត្រីឡើងទៅថ្វាយព្រះករុណាពីសភាពការណ៍ពីប្រទេសជាតិ មានរឿងអីទៅដឹកដៃជាមួយ CNRP ឬមួយក៏CNRPដឹកដៃCPPទៅ»

កាលពីសម្តេចព្រះ នរោត្តម សីហនុ មិនទាន់ចូលទីវង្គត ព្រះអង្គធ្លាប់ធ្វើព្រះរាជអន្តរាគមន៍ពេលជាប់គាំងនយោបាយពិសេសក្រោយការបោះឆ្នោតម្តងៗ ដោយពេលនោះព្រះអង្គបានកោះហៅមេដឹកនាំដែលមានអាសនៈក្នុងសភារួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ជួបពិភាក្សារកដំណោះស្រាយនៅក្នុងព្រះបរមរាជវាំង ដោយមានផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិទៀតផង។

ប៉ុន្តែសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯក សុវណ្ណារ៉ា ធ្លាប់អះអាងថាព្រះមហាក្សត្របច្ចុប្បន្ននេះហាក់មិនសូវមានឥទ្ធិពលលើមេដឹកបច្ចុប្បន្នទេ តែលោកនៅតែគិតថាព្រះមហាក្សត្រមានតួនាទីសំខាន់ក្នុងការធ្វើព្រះរាជអន្តរាគមន៍ដល់អ្នកនយោបាយស្របតាមរដ្ឋធម្មនុញ្ញ។

រដ្ឋធម្មនុញ្ញមាត្រា៩ចែងដែរថាព្រះមហាក្សត្រទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តិទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់។

គួរំឭកថាក្រោយពីសមត្ថកិច្ចតាមចាប់ខ្លួនប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនបានសម្រេចនិងមានការចាប់ឃុំខ្លួន អ្នកតំណាងរាស្ត្របក្សប្រឆាំងទាំងមានអភ័យឯកសិទ្ធិសភារួចមកនោះ តំណាងរាស្ត្របក្សប្រឆាំងជាង៥០រូបបានធ្វើពិហិការមិនចូលប្រជុំសភាដោយអះអាងថាមានការភ័យខ្លាចពីការរំលោភបំពានអភ័យឯកសិទ្ធិសភាដែលធានាដោយមាត្រា៨០នៃរដ្ឋធម្មនុញ្ញ។

ចំណែបក្សប្រកាន់អំណាចវិញអះអាងថាខ្លួនមិនវិលទៅរកតុចរចាទេ បើបក្សប្រឆាំងលើកយកបញ្ហាអ្នកជាប់ឃុំនិងអ្នកដែលតុលាការកំពុងដំណើរនីតិវិធីមកដាក់លើតុចរចានោះ បើទោះជាសហគន៍អន្តរជាតិរួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមួន ជំរុញឲ្យគណបក្សទាំងពីរវិលទៅរកតុចរចាតាមរយៈវប្បធម៌សន្ទនាក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ