បទយកការណ៍៖ ស្រូវរាប់រយហិកតាកំពុងរងការបំផ្លាញដោយសារដង្កូវ

ការរាតត្បាត​នៃ​ហ្វូង​ស​ត្វ​ដង្កូវ​ដែលកំពុង​បំផ្លាញស្រូវវស្សា (ដោយ បូ សាវី)

ក្រសួងកសិកម្មបានប្រកាសថាស្រូវរបស់ប្រជាកសិករក្នុងខេត្តចំនួន៥កំពុងរងការបំផ្លាញដោយសារដង្កូវហ្វូង ដោយថាមកពីគ្រោះរាំងស្ងួតបានអូសបន្លាយយូរបង្កឲ្យមានការកកើតនិងរាលដាលពួកដង្កូវហ្វូងប្រភេទនេះ។ ក្រសួងកសិកម្មថាដង្កូវហ្វូងត្រូវបានចាត់ទុកជាសត្វល្អិតចង្រៃចម្បងមួយប្រភេទនៅអាស៊ី។

ប្រជាសិករនៅភូមិស្លែង ឃុំស្រណាល ស្រុកក្រឡាញ់ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានពីការរាតត្បាតនៃហ្វូងសត្វដង្កូវដែលកំពុងបំផ្លាញស្រូវវស្សារបស់ពួកគេ។ អ្នកភូមិបានសម្ដែងការព្រួយបារម្ភពីភាពអន្ដរាយដែលកើតឡើងរយៈពេលជាងមួយសប្ដាហ៍មកនេះ ដែលថានេះជាលើកដំបូងហើយដែលពួកគាត់ស្ទើរមួយជីវិតមិនដែលបានជួបប្រទះ។

ក្រុមអ្នកភូមិបានត្អូញតែ្អរថាពួកគាត់ប្រឈមនឹងការបាត់បង់ទិន្នផលស្រូវនិងខ្វះស្បៀងអាហារដែលអាចប្រឈមនឹងការធ្វើចំណាកស្រុកដោយសារតែការធ្វើកសិកម្មមិនបានផល។

អង្គុយក្រោមផ្ទះដំបូលប្រក់ស័ង្កសីជាមួយអ្នកភូមិជាច្រើនទៀតរស់នៅភូមិស្លែងគឺលោក បឿន ប៊ិន រៀបរាប់ពីភាពអស់សង្ឃឹមនៃដំណាំស្រូវរបស់លោកប្រមាណ៣ហិកតារងការខូចខាតដោយសារហ្វូងសត្វដង្កូវរាតត្បាតនិងស៊ីបំផ្លាញរយៈពេលជិតមួយប្ដាហ៍នេះ។ លោកបន្តថា៖ ”បើភូមិគេផ្សេងៗទៀតវាមិនទាន់ស៊ីទេ ស៊ីតែភូមនេះហើយមុនចុះវាស៊ីស្រែខ្ញុំអស់មួយហើយវាទៅស្រែមួយទៀត ស្រែខ្ញុំនៅខាងលិចមិនទាន់ទៅដល់ទេក្បែភូមបីនេះអស់ហើយវាឡើយទៅទាំងហ្វូងម៉ងមិនដឹងធ្វើម៉េចបានអង្គការអីគេជួយដឹងអរគុណប៉ុណ្ណាទេ”។

កសិករក្នុងវ័យជិត៥០ឆ្នាំរូបនេះមានសមាជិកគ្រួសារ៦នាក់។ លោកថាគាត់មិនហ៊ានប្រើវិធីសាស្ដ្រណាមួយដើម្បីកំចាត់ចង្រៃដែលបំផ្លាញដំណាំកសិកម្មនោះទេ ដែលលោកថាបានត្រឹមឈរសម្លឹងមើលដើមស្រូវដែលដង្កូវរាប់លានល្បាលកំពុងបំផ្លាញ។

ការរាតត្បាតនៃហ្វូងសត្វដង្កូវដែលកំពុងបំផ្លាញស្រូវវស្សា (ដោយ បូ សាវី)
ការរាតត្បាតនៃហ្វូងសត្វដង្កូវដែលកំពុងបំផ្លាញស្រូវវស្សា (ដោយ បូ សាវី)

ភូមិស្លែងមានពលរដ្ឋរស់នៅជាង២០០គ្រួសារមានចំងាយ៥០គីឡូម៉ែត្រភាគខាងលិចពីទីរួមខេត្ដសៀមរាប។ អ្នកភូមិទាំងអស់ជាកសិករប្រកបរបរកសិកម្ម។ ភូមិស្លែងស្ថិតនៅក្នុងឃុំស្រណាល ស្រុកក្រឡាញ់ដែលហ៊ុមព័ទ្ធដោយវាលស្រែធំល្វឹងល្វើយមានពណ៌ខៀវស្រងាត់នៅរដូវវស្សា។ ប៉ុន្ដែរយៈពេលមួយសប្ដាហ៍កន្លងមកនេះ អ្នកភូមិអះអាងថាស្រូវវស្សាដែលទើបមានអាយុប្រហែលពីរខែដែលមានពណ៌ខៀវស្រងាត់នោះខ្លះនៅសល់តែគល់និងខ្លះទៀតរុំព័ទ្ធដោយហ្វូងសត្វដង្កូវគ្រប់ប្រភេទ។

កំពុងបូមទឹកបញ្ចូលស្រែបុរសវ័យជាង៤០ឆ្នាំគឺលោក ផុន ភឿត បានឲ្យដឹងថាកន្លងមកពួកគេធ្វើស្រែវស្សានេះអាចទទួលផលបានជាងមួយតោនក្នុងមួយហិកតា ប៉ុន្ដែលោកថាបើមានសត្វល្អិតបំផ្លាញបែបនេះលោកថាទិន្នផលអាចធ្លាក់ជាងនេះស្របពេលដែលស្រូវខ្លះខ្វះទឹកទៀតផង។ បុរសសប្បុរខ្លៅរូបនោះសំឡឹងមើលគល់ស្រូវដែលសល់ពីសត្វដង្កូវស៊ី ហើយនិយាយថារូបគាត់មិនដែលជួបប្រទះពីបញ្ហានេះទេ។ លោកបន្ដថា៖ “បាទ! វាស៊ីចាប់ពីចុងមុនរហូតដល់គល់ខ្វះខាតគ្រប់បែបយ៉ាងបង ណាមួយអស់ពូជណាមួយអស់ជីទាំងអស់នោះឯងចឹងបានខ្ញុំចាំមើលទាំងអស់គ្នាចំាមើលគេចុះមកជួយ”។

ក្រោយពីមានសត្វដង្កូវហ្វូងបំផ្លាញដំណាំស្រូវនេះលោកថាមានអាជ្ញាធរនិងអង្គការខ្លះចុះពិនិត្យមើល ប៉ុន្ដែពួកគេគ្មានលទ្ធភាពជួយកំចាត់សត្វដង្កូវនោះទេហើយក៏មិនដឹងថាមូលហេតុអ្វីបានជាមានសត្វដង្កូវច្រើនបែបនេះដែរ។

ស្ដ្រីវ័យជាង៤០ឆ្នាំមួយរូបទៀតគឺអ្នកស្រី ឃុត ម៉ាឡា បានសម្ដែងការសោកស្ដាយនិងខ្លាចបាត់បង់ផលស្រូវដែលអ្នកស្រីថាសត្វល្អិតចង្រៃនោះបានធ្វើសកម្មភាពបំផ្លាញពីស្រូវស្រែមួយទៅស្រែមួយទៀត ហើយស៊ីបំផ្លាញស្រូវចាប់ពីស្លឹកស្រូវរហូតដល់គល់ស្រូវដែលធ្វើឲ្យដំណាំកសិកម្មនោះមិនអាចលូតលាស់បាន ខណៈដែលក្នុងស្រែគ្មានទឹកស្រោចស្រប់។ អ្នកស្រីបន្ដថា៖ “អស់ប្រហែលមួយហិតាជាងហើយវាស៊ីមិនទាន់អស់វាស៊ីហាប់អស់វាស៊ីទៅតាមហ្វូងតាមខ្សែនេះវាចុះទៅស្រែរាលៗទៅស្រែថ្មីទៀតគេវាស៊ីអស់មួយស្រែទៅមួយស្រែ បើយើងមិនមានអីទប់ស្កាត់វាស៊ីទាល់តែអស់”។

VODបានធ្វើបានធ្វើបទសម្ភាសន៍ជាមួយក្រុមប្រជាកសិករជាច្រើននាក់កាលពីថ្ងៃទី១៥ខែមិថុនានេះដោយពួកគាត់បានឲ្យដឹងស្រដៀងគ្នាថា បើទោះជាហ្វូងដង្កូវបានរាតត្បាតទៅលើស្រូវពួកគាត់យ៉ាងនេះក្តីក៏កសិករភាគតិចណាស់បានប្រើប្រាស់ថ្នាំពុលកំចាត់សត្វដង្កូវមិនឲ្យយាយីបន្ថែមទៀត ដោយពួកគាត់បារម្ភខ្លាចប៉ះពាល់ដល់សុខភាពមនុស្សនិងសត្វ។

អ្នកភូមិវ័យជាង៤០ឆ្នាំម្នាក់ទៀតអ្នកស្រី ឃុត សាលឿង បានឲ្យដឹងថាសត្វដង្កូវបានរាត្បាតលើស្រូវអ្នកស្រីប្រមាណ២ហិកតាក្នុងចំណោម៧ហិកតា ប៉ុន្ដែគាត់មិនហ៊ានប្រើប្រាស់ថ្នាំពុលនៅឡើយទេ ព្រោះតាមការណែនាំពីជំនាញផ្នែកកសិកម្មដែលចុះទៅដល់ស្រែកសិកម្មបានប្រាប់ថាកុំឲ្យប្រើថ្នាំពុលខ្លាចប៉ះពាល់ដល់សុខភាព។ ស្រ្ដីជាសមាជិកគណៈកម្មការភូមិរូបនោះសម្ដែងការភ័យខ្លាចមានពលរដ្ឋធ្វើចំណាកស្រុកក្រោយពីបាត់បង់ទិន្នផលស្រូវដោយសារសត្វល្អិតបំផ្លាញនោះ ខណៈអ្នកភូមិគ្មានមុខរបរអ្វីក្រៅធ្វើស្រែប៉ុណ្ណោះ។ អ្នកស្រីបន្ដថា៖ “ខ្ញុំឲ្យរដ្ឋអំណាចជួយដល់នាងខ្ញុំផងនិងប្រជាជនផង ធ្វើយ៉ាងណាផ្ដល់យោបល់ណាកំចាត់សត្វនេះឲ្យងាប់ ហើយប្រជាជនខ្លះគ្នាក្រីក្ររកប្រាក់ទិញថ្នាំមិនបាន ហើយណាមួយខ្លាចបាញ់ថ្នាំទៅប៉ះពាល់ដល់សុខភាពខ្លះក៏ហ៊ានបាញ់ទៅដូចខ្ញុំមិនទាន់ហ៊ានបាញ់ទេ ស៊ីអស់ហើយពីរហិកតា”។

ការរាតត្បាតនៃហ្វូងសត្វដង្កូវដែលកំពុងបំផ្លាញស្រូវវស្សា (ដោយ បូ សាវី)
ការរាតត្បាតនៃហ្វូងសត្វដង្កូវដែលកំពុងបំផ្លាញស្រូវវស្សា (ដោយ បូ សាវី)

ប្រធានមន្ទីរកសិកម្មខេត្ដសៀមរាបលោក មឿង សុនិត្យា មានប្រសាសន៍ថាក្រោយការពិនិត្យលើសត្វដង្កូវបំផ្លាញដំណាំស្រូវនោះលោកថា លោកបានណែនាំឲ្យពលរដ្ឋទប់ស្កាត់ដោយប្រើបច្ចេកទេសបុរាណ ប៉ុន្ដែលោកមិនបានបញ្ជាក់ពីវិធីសាស្ដ្រនោះទេដោយប្រាប់ថាលោកបានណែនាំកសិកររួចរាល់ហើយ។ លោកបន្ដថា៖ “មកយកឯកសារមើលទៅបានណែនាំដល់ប្រជាកសិករម្សិលមិញរួចរាល់ហើយពិធីទប់ស្កាត់វិធីបុរាណអីមានអស់ ហើយឯកសារគេមានហើយបាទខ្ញុំអត់មានពេលទេយកឯកសារមើលទៅ”។

ករណីនេះមេភូមិស្លែង លោក ប៊ិន ប៊ៀន មានប្រសាសន៍ថាវិធីសាស្ដ្រដែលមន្ទីរកសិកម្មខេត្ដណែនាំដល់ពលរដ្ឋនោះគឺឲ្យជីករណ្ដៅដាក់ផេះកាត់មុខហ្វូងសត្វដង្កូវ ប៉ុន្ដែលោកថាវិធីនេះគ្មានប្រសិទ្ធិភាពនោះទេដោយសារសត្វល្អិតបានរាតត្បាតស្ទើរតែគ្រប់ស្រែអស់ទៅហើយ។ លោកបន្ដថា៖ “ប្រធានការិយាល័យកសិកម្មស្រុកគាត់ណែនាំមិនចង់ឲ្យយើងប្រើថ្នាំឲ្យយើងប្រើជារណ្ដៅរួយជាផេះឲ្យយើងប្រើថ្នាំបុរាណយើង ឲ្យបុកស្ដៅពូតត្រងលាយជាមួយនឹងសាប៊ូនិងទឹកនោមយកទៅបាចវាអាចពុលដែរ ហើយខ្ញុំប្រាប់ប្រជាជនទៅថាធ្វើម៉េចកើត បើស្រូវខ្លះបួនប្រាំហិកតាបុកស្ដៅពូតយកលាភកើតទេ”។

មេភូមិរូបនោះបន្ដថាស្រូវវស្សាដែលរងការខូចខាតនោះមានប្រមាណ២០០ហិកតាក្នុងចំណោមស្រូវជាង៥០០ហិកតាក្នុងភូមិស្លែង។ លោកបន្ដថាស្រូវទាំងនោះអាចប្រឈមនឹងការខូចខាតបន្ថែមទៀត បើគ្មានអន្ដរាគមន៍ពីក្រសួងជំនាញនោះទេស្របពេលដែលស្រូវកំពុងខ្វះទឹក។ លោកបន្តថា៖ “គឺថាក្នុងមួយយប់ៗឬមួយថ្ងៃៗវាស់ច្រើនណាស់ពីល្ងាចខ្ញុំមើលទៅវាស៊ីមួយជ្រុងឬពាក់កណ្ដាលដល់ព្រឹកឡើងអស់ម៉ង បងអស់ទាំងស្រុងវាស៊ីវាស់ព្រឹកវាស់ល្ងាច”។

ក្រសួងកសិកម្មបានប្រកាសថាស្រូវរបស់ប្រជាកសិករនៅខេត្តចំនួន៥បានរងការបំផ្លាញដោយសារដង្កូវហ្វូង ព្រោះតែគ្រោះរាំងស្ងួតបានអូសបន្លាយយូរពេក។ ខេត្តដែលសត្វដង្កូវកំពុងរាលដាលបំផ្លាញដំណាំកសិកម្មនោះកើតឡើងដូចជានៅខេត្ដកំពង់ចាម ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ និងឧត្តរមានជ័យ។

មន្រ្តីជំនាញរបស់អង្គការសេដាកលោក គៀម មករាឌី មានប្រសាសន៍ថាប្រភេទដង្កូវហ្វូងនេះកើតនៅពេលអាកាសធាតុក្តៅខ្លាំងហើយសើម ដែលលោកពន្យល់ថា ប្រជាកសិករដែលជួបប្រទះដង្កូវហ្វូងនេះអាចប្រើវិធីសាស្រ្តមួយចំនួនដូចជាជីកកូនប្រឡាយនៅជុំវិញស្រែហើយបាចផេះ នោះដង្កូវហ្វូងនឹងងាប់ ខណៈដែលមិនទាន់មានថ្នាំសម្លាប់សត្វល្អិតណាអាចកំចាត់បាន។

ដោយឡែកក្រសួងកសិកម្មបានប្រាប់ពីវិធីសាស្ត្រមួយចំនួនក្នុងការកម្ចាត់ដង្កូវហ្វូងដោយត្រូវសាបសំណាបឱ្យឆ្ងាយពីវាលស្មៅដែលជាទីជម្រករបស់វា ហើយបោចស្មៅចេញពីក្នុងស្រែឬចម្ការ បូមទឹកដាក់ឲ្យច្រើនទៅក្នុងស្រែរួចហើយដើរកៀរប្រមូលយកដង្កូវទៅកម្ទេចចោលឬក៏ឲ្យសត្វទាទៅស៊ីដង្កូវទាំងនោះ។

ទោះជាយ៉ាងណាអ្នកភូមិបានអំពាវនាវដល់រដ្ឋាភិបាលឲ្យជួយអន្ដរាគមន៍ទាន់ពេល ដើម្បីសង្រ្គោះស្រូវពួកគាត់ដោយផ្ដល់មន្ដ្រីជំនាញនិងថ្នាំសម្លាប់សត្វដង្កូវដែលមិនប៉ះពាល់ដល់សុខភាព៖ “ជួយកូនចៅផងព្រោះកូនចៅនៅក្នុងភូមិស្លែងនេះកំពុជួបគ្រោះថ្នាក់នៅបញ្ហាដង្កូវស៊ីស្រូវនិងគ្រោះរាំងស្ងួតខ្លាំង អង្គការថ្នាក់លើជួយមានពូជអីព្រោះទៀតថ្នាំចាត់មន្ដ្រីជំនាញអីហ្នឹងចែកប្រជាពលរដ្ឋនៅភូមិនេះបើគ្មានអ្នកជួយ ហិនហោចអស់ម៉ាភូមិ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ