នាយករដ្ឋមន្រ្តីឲ្យនិស្សិតធ្លាក់ថ្នាក់វេជ្ជបណ្ឌិតឯកទេសក្នុងវគ្គសម្ភាសន៍ជិត១០០នាក់បានបន្តរៀននៅសាលាពេទ្យ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែមិថុនា នេះប្រកាសថា លោកអនុញ្ញាតឲ្យនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសជិត១០០នាក់ដែលដែលជាប់ក្នុងវិញ្ញាសាទ្រឹស្តីតែធ្លាក់វិញ្ញាសាផ្ទាល់មាត់ចូលរៀននៅសាកលវិទ្យាល័យសុខាភិបាលនោះ បានបន្តចូលរៀននៅសាលាពេទ្យមួយនេះទៀត។

នៅក្នុងពិធីសម្ភោធអគារសិក្សានិងខួបទី៧០របស់សាកសវិទ្យាល័យសុខាភិបាល លោកនាយករដ្ឋមន្ត្រីបានប្រកាសឲ្យនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសចំនួន៩៩នាក់ ដែលបានធ្លាក់នៅវគ្គសម្ភាសន៍បានចូលរៀននៅសកលវិទ្យាល័យនោះជាផ្លូវការ។ លោក ហ៊ុន សែន បន្តថាការធ្វើនេះគឺដោយសារនិសិ្សតមួយចំនួនតែងតែត្អូញត្អែរពីការចូលរៀននេះទៅកាន់ទំព័រហេ្វសប៊ុករបស់លោកជារៀងរាល់ថ្ងៃ។

លោកមានប្រសាសន៍ថា៖ «ថ្ងៃណាក៏ចូលក្នុងហេ្វសប៊ុករបស់ខ្ញុំដែរ នេះជាសិទ្ធិគាត់ព្រោះផេក(page)ខ្ញុំជាផេក(page)ប្រជាធិបតេយ្យខ្លាំងណាស់»។

គួរបញ្ជាក់ផងដែរថានៅឆ្នាំសិក្សាថ្មីនេះសាកលវិទ្យាល័យសុខាភិបាលមាននិស្សិតប្រលងថ្នាក់វេជ្ជបណ្ឌិតឯកទេសជាប់ជាស្ថាពរ១៣៨នាក់ ជាប់បម្រុង៦៧នាក់ និងធ្លាក់វគ្គសម្ភាសន៍៩៩នាក់។

លោក ហ៊ុន សែន ក៏បានឲ្យសាកលវិទ្យាល័យសុខាភិបាលលុបចោលការជ្រើសរើសសិស្សបម្រុងដោយឲ្យជ្រើសយកសិស្សជាប់ស្ថាពរទាំងអស់តែម្តង។ លោកមានប្រសាសន៍ថា៖ «ចាប់ពីពេលនេះទៅយើងមិនមាននិសិ្សតបម្រុងទៀតទេ ប្រលងឲ្យវាពេញសិទ្ធិប៉ុន្មាន អ្នកឯកទេសប៉ុន្មានគឺយកប៉ុណ្ណោះតែម្តងទៅ»។

សាកលវិទ្យាល័យសុខាភិបាលមានអាយុកាល៧០ឆ្នាំហើយបើគិតមកដល់ពេលនេះពោលគឺត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៦។ ចំណែកអគារសិក្សាដែលលោកនាយករដ្ឋមន្ត្រីបានទៅចូលរួមសម្ភោធនៅថ្ងៃនេះគឺជាអគារទី៣ហើយរបស់សាកលវិទ្យាល័យនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ