វិភាគ៖ អ្នកនយោបាយវង្វេងផ្លូវ ពលរដ្ឋវង្វេងអ្នក​តំណាង

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

ថ្ងៃយប់ យប់ថ្ងៃ  ពេលវេលាចេះតែវិវត្តទៅមុខជានិច្ចពេល៥ឆ្នាំនៃអាណត្តិទី៥ក៏ជិតអស់ អ្នកនយោបាយត្រៀមខ្លួនឃោសនារកសំឡេងឆ្នោតនៅអាណត្តិក្រោយបន្ទាប់ ដើម្បីឲ្យប្រជាពលរដ្ឋបោះឆ្នោតគាំទ្រពួកគេឲ្យក្លាយជាអ្នកដឹកនាំ។

តើរយៈពេលនេះអ្នកនយោបាយដែលពលរដ្ឋបោះឆ្នោតឲ្យមានសំឡេងនៅក្នុងសភាបានសម្រេចសមិទ្ធផលសំខាន់ៗអី្វខ្លះ សម្រាប់ម្ចាស់ឆ្នោតក៏ដូចជាជាតិមាតុភូមិ?

ក្រោយការបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដែលមានអាសនៈនៅក្នុងសភាបានចំណាយពេល១ឆ្នាំក្នុងការដោះស្រាយទំនាស់នយោបាយដោយសារគណបក្សសង្គ្រោះជាតិចោទគណបក្សប្រជាជនកម្ពុជាថាលួចបន្លំសន្លឹកឆ្នោត ហើយគណបក្សប្រជាជនកម្ពុជាចោទគណបក្សសង្គ្រោះជាតិថាដឹកនាំបាតុកម្មចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ រហូតដល់ខែកក្កដាឆ្នាំ២០១៤ ទើបគណបក្សទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់ភាពជាប់គាំងនយោបាយ។

ប្រជាពលរដ្ឋសង្ឃឹមថាកិច្ចព្រមព្រៀងនយោបាយថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤គណបក្សប្រជាជនកម្ពុជានឹងយកគោលនយោបាយគ្រឹះ១១ចំណុចរបស់ខ្លួនមកអនុវត្តដើម្បីអភិវឌ្ឍជាតិក្នុងនាមជាគណបក្សដឹកនាំរដ្ឋាភិបាល ចំណែកគណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងនឹងឃ្លាំមើលការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយបន្តផ្សព្វផ្សាយគោលនយោបាយ៧ចំណុចរបស់ខ្លួន។

ប៉ុន្តែអ្នកតាមដានស្ថានការណ៍នយោបាយមួយចំនួនលើកឡើងថាអ្នកនយោបាយហាក់កំពុងដើរខុសផ្លូវ អនុវត្តខុសគោលការណ៍ ឬភ្លេចសន្យាចំពោះពលរដ្ឋមុនការបោះឆ្នោត។

បញ្ហាជជែកតានតឹងរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជានៅមួយរយៈចុងក្រោយនេះមិនសូវពាក់ព័ន្ធបញ្ហាខ្វះការងាររបស់យុវជន តម្លៃកសិផលរបស់កសិករ ពលរដ្ឋខ្មែរចំណាកស្រុកទៅក្រៅប្រទេស អំពើពុករលួយ ចាក់ស្រេះ ឬការបំផ្លាញធនធានធម្មជាតិនោះទេ។

បញ្ហាដែលលោក ហ៊ុន សែន និងលោក សម រង្ស៊ី វាយប្រហារគ្នាធ្វើឲ្យសាធារណៈជនចាប់អារម្មណ៍ ហើយសារព័ត៌មានជាតិនិងអន្តរជាតិយកទៅចុះផ្សាយនោះគឺរឿងចំនួនអ្នកចុចចូលចិត្តឬចុចLikeទំព័រហ្វេសប៊ុក។ ករណីនេះក៏ត្រូវមន្ត្រីគណបក្សប្រជាជនកម្ពុជាប្តឹងលោក សម រង្ស៊ី ទៅតុលាការផងដែរ។ បច្ចុប្បន្នលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏កំពុងបង្ហាញប្រតិកម្មខ្លាំងៗលើគណបក្សប្រឆាំងថាប្រមាថភរិយារបស់លោកធ្លាប់មានប្តីវៀតណាមហើយកូនប្រុសច្បងរបស់លោកគឺលោក ហ៊ុន ម៉ាណែត ជាកូនរបស់មេដឹកនាំជនជាតិវៀតណាម។

ការវិវត្តនយោបាយចុងក្រោយដែលគណបក្សសង្គ្រោះជាតិព្រមានពីមហាបាតុកម្មអហិង្សា ហើយបានសុំឲ្យមានការអន្តរាគមន៍ពីអង្គការសហប្រជាជាតិនោះគឺបញ្ហាការតាមចាប់ខ្លួនលោក កឹម សុខា។ ករណីនេះលោក ហ៊ុន សែន ក៏បានព្រមានបង្ក្រាបលើបាតុកម្មរបស់គណបក្សប្រឆាំងដែរ ហើយបញ្ជាក់ថាលោកមិនខ្លាចញញើតពីសម្ពាធអន្តរជាតិទេ។

មូលហេតុដំបូងនៃការតាមចាប់ខ្លួនលោក កឹម សុខា គឺពាក់ព័ន្ធការចោទថាលោក កឹម សុខា មានស្នេហាលួចលាក់ជាមួយស្ត្រីម្នាក់ធ្វើការនៅហាងកាត់សក់មួយកន្លែងក្នុងរាជធានីភ្នំពេញ។ ករណីលោក កឹម សុខា នេះក៏បានរាលដាលដល់ការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់របស់សមាគមការពារសិទ្ធិអាដហុកបួនរូបនិងមន្ត្រីជាន់ខ្ពស់ គ.ជ.ប. ១រូប។

ទោះយ៉ាងពេលវេលាកន្លងទៅ៣ទៅ៤ឆ្នាំហើយក៏ដោយ តែភាពតានតឹងរវាងគណបក្សសង្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាហាក់មិនធូរថយទេ ប៉ុន្តែគេមិនដឹងថាជម្លោះរបស់គណបក្សទាំងពីរនេះប្រឹងប្រែងដើម្បីអ្នកណាទេ? ព្រោះជម្លោះរបស់ពួកគេភាគច្រើនជារឿងបុគ្គលនិងបុគ្គល។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី មានប្រសាសន៍ថាអ្នកនយោបាយបច្ចុប្បន្នកំពុងដើរជាន់ដានមេដឹកនាំក្នុងប្រវត្តិសាស្ត្រគឺដោយសារជម្លោះផ្ទៃក្នុងធ្វើឲ្យសង្គមធ្លាក់ចុះពីមហានគរដល់បច្ចុប្បន្ននេះ។ លោកបន្តថា៖‍‍ “លំនាំនៃប្រវត្តិសាស្ត្រហ្នឹងអត់ខុសគ្នាទេគឺអ្នកដឹកនាំទាស់គ្នាទាស់ទៅ ហើយអ្នកខាងក្រៅចេះតែឆ្លៀតយកចំនេញពីយើង  ហើយពិសេសកាលណាយើងឈ្លោះគ្នាធ្វើឲ្យសេដ្ឋកិច្ចយើងអត់រីកទៅណាបានទេ។ ចឹងទីបំផុតគេអត់ទាន់គ្រប់គ្រងយើងតាមផ្លូវនយោបាយតែគេគ្រប់គ្រងយើងតាមផ្លូវសេដ្ឋកិច្ចគឺអ្វីៗយើងរស់ដោយសារគេដូចជាការនាំចេញនាំចូលអញ្ចឹងគឺគេនាំចូល១០០យើងនាំចេញតែ១ឬ២អញ្ចឹង”។

ចំណែកពលរដ្ឋមួយចំនួនដែលរងគ្រោះដោយសារការរំលោភបំពានដីធ្លីនិងរងការប៉ះពាល់ដោយសារការបំផ្លាញធនធានធម្មជាតិត្អូញត្អែរថាពិបាករកអ្នកតំណាងឲ្យជួយគឺរក គណបក្សប្រឆាំងមិនមានឥទ្ធិពលជួយ ហើយបើរកគណបក្សកាន់អំណាចមិនមានការឆ្លើយតបទាន់ពេល។

អ្នកវិភាគខ្លះហៅអ្នកនយោបាយបច្ចុប្បន្នហាក់កំពុងវង្វេងផ្លូវវង្វេងគោលដៅដែលពួកគេត្រូវធ្វើនៅក្នុងតួនាទីបច្ចុប្បន្ន។ លក្ខណៈរបស់អ្នកវង្វេងផ្លូវពេលខ្លះដើរទៅមុខពេលខ្លះដើរថយក្រោយឬទៅចំហៀងគឺដើរដើម្បីដើរ ព្រោះពួកគេមិនប្រាកដថា គោលដៅត្រូវទៅណាទេ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សាមិន្ទ ចម្រើនជ័យ លើកឡើងថាអ្នកនយោបាយនៅក្នុងអាណត្តិទី៥នេះធ្វេសប្រហែសច្រើនក្នុងការបំពេញតួនាទីព្រោះរវល់តែជម្លោះផ្ទាល់ខ្លួនដោយសារខ្លាចបាត់អំណាចនិងចង់បានអំណាច។ លោកថា សកម្មភាពនេះកំពុងធ្វើឲ្យពលរដ្ឋនិងអ្នកវិនិយោគមិនមានសេចក្តីសុខផ្លូវចិត្ត ហើយក៏ធ្វើឲ្យខូចឈ្មោះប្រទេសលើឆាកអន្តរជាតិ។ លោកបន្ថែមទៀតថា៖ “ប៉ះពាល់ដល់ប្រទេសជាតិទាំងស្រុងធ្វើឲ្យជាតិអាប់ឱនកិត្យានុភាពលើឆាកអន្តរជាតិធ្វើឲ្យអ្នកជិតខាងគេមើលស្រាលគេកេងចំណេញ។ ទី២ធ្វើឲ្យប្រជាពលរដ្ឋខាងក្នុងហ្នឹងគាត់អត់មានសន្តិសុខផ្លូវចិត្តកាលណាអ្នកនយោបាយគាត់បង្កបញ្ហា បង្កជម្លោះច្រើន ធ្វើឲ្យពលរដ្ឋម្ចាស់ឆ្នោតហ្នឹងគាត់នៅអត់ស្ងប់ទេព្រួយបារម្ភពីសន្តិសុខ ព្រួយបារម្ភពីអនាគតកូនចៅអញ្ចឹងទៅ”។

តាមគម្រោងរបស់រដ្ឋាភិបាលមិនដល់១ឆ្នាំទៀតទេគឺនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ នឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ហើយមួយឆ្នាំក្រោយទៀតគឺនៅឆ្នាំ២០១៨នឹងមានការបោះឆ្នោតថ្នាក់ជាតិ ពេលនោះគ្រប់អ្នកនយោបាយនឹងដើរអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោតគាំទ្រពួកគេ។ នោះគឺជាឱកាសដែលប្រជាពលរដ្ឋត្រូវវាយតម្លៃថា តើអ្នកនយោបាយធ្វើការមួយអាណត្តិនេះបានបំពេញតម្រូវការរបស់ពួកគាត់បានកម្រិតណា? ហើយពលរដ្ឋពេញចិត្តនិងបន្តគាំទ្រទៀតទេចំពោះអ្នកនយោយដែលចេះតែបង្កបញ្ហាបុគ្គលឡើងភ្លេចបញ្ហាសំខាន់ៗរបស់ជាតិនោះ?

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ