មនុស្សពីរនាក់ត្រូវបានចាប់ខ្លួនសង្ស័យឆបោកប្រាក់ពលរដ្ឋជាង៥ម៉ឺននាក់

យ៉ាងហោចណាស់ មនុស្សពីរនាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការកាលពីថ្ងៃទី១៥មិថុនាម្សិលម៉ិញ ដោយសង្ស័យថា ជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន អ៊ីប៉ីស៊ី (EBC) ក្នុងករណីរឿងឆបោកប្រាក់ពលរដ្ឋប្រមាណ៥ម៉ឺននាក់ និងមានទឹកប្រាក់ជាង៦០លានដុល្លារ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា ប្រាប់អ្នកសារព័ត៌មានតាម ប្រពន្ធសារអេឡិចត្រូនិចតេឡេក្រាមយ៉ាងខ្លីថា តុលាការកំពុងតែពិនិត្យនិងចាត់ការលើរណីនេះ។

កាលពីថ្ងៃទី៣០ឧសភាឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ ក្រួសួងយុត្តិធម៌ រួមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត បានធ្វើសន្និសីទសារព័ត៌មានមួយ ដោយបង្ហាញមុខមេខ្លោងមួយចំនួនដែលបោកយកប្រាក់ពីពលរដ្ឋ និងប្រកា​សតាមចាប់ខ្លួនជនទាំងនោះ បន្ទាប់ពីទទួលបានពាក្យបណ្តឹង ប្រមាណ៧ ៤៣០បណ្តឹង ក្នុងចំណោមជនរងគ្រោះ៥ម៉ឺននាក់ និងទឹកប្រាក់ប្រមាណជាង៦០លានដុល្លារ ប៉ុន្តែបើតាមមន្រ្តីក្រសួងមហាផ្ទៃឲ្យដឹងថា ទិន្នន័យពិតប្រាកដអាចមានច្រើនជាងនេះ។

បើតាមញត្តិពលរដ្ឋពេលកន្លងមកឲ្យដឹង ពួកគេជាង៥ម៉ឺននាក់មកពី២៥ខេត្តក្រុងបានចាញ់បោកប្រាក់ក្រុមហ៊ុន អ៊ីប៉ីស៊ី​ ​(EBC) ​ម្នាក់ចន្លោះពី១ម៉ឺនដល់១០ម៉ឺនដុល្លារ ដោយកាលនោះក្រុមហ៊ុនបានសន្យាផ្តល់អត្រាការប្រាក់ខ្ពស់។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ប្រសាសន៍ថា ការចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ គឺគ្រាន់តែការអនុវត្តច្បាប់មួយក្រោយទទួលបានពាក្យបណ្តឹងពីពលរដ្ឋប៉ុណ្ណោះ ប៉ុន្តែវាមិនអាចផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះឡើយ។

លោក សន ជ័យ ស្នើឲ្យរដ្ឋាភិបាលត្រូវស៊ើបអង្កេត ដោយចាប់មេក្លោងមកដាក់ទោស និងត្រូវផ្តល់ដំណោះស្រាយជូនជនរងគ្រោះផងដែរ។

លោកបន្ថែមថា៖ «ខ្ញុំយល់ថា ការចាប់ខ្លួននៅពេលនេះ គ្រាន់តែជាការអនុវត្តច្បាប់មួយដែលទាក់ទងនិងបទល្មើស ដែលបានប្រព្រឹត្តរួចហើយទេ ក៏ប៉ុន្តែអ្វីជាបញ្ហានៅឡើយនោះ គឺប្រជាពលរដ្ឋ នៅតែរងការខាតបង់នូវឡើយ អញ្ចឹង ជាបទពិសោធន៏រដ្ឋាភិបាលគួរតែមានការត្រួតពិនិត្យនូវប្រភេទជំនួញណាមួយ ដែលគួរឲ្យសង្ស័យនៅលើទឹកដីកម្ពុជាហ្នឹង ជៀសវាងទុកយូរអញ្ចឹងទៅ ធ្វើឲ្យពលរដ្ឋខាតបង់កាន់តែច្រើន ហើយវាចំបាច់ណាស់ត្រូវតែធ្វើការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ចាប់មេក្លោង ដែលនៅពីក្រោយបើមិនចាប់មេក្លោងទេ ប្រជាពលរដ្ឋនៅតែខាតបង់ដដែល អញ្ចឹងអាហ្នឹងគេហៅថា ចាប់យកតែម៉ារួចខ្លួន»។

កន្លងមកក្រសួងមហាផ្ទៃ បានបង្ហាញមុខមេក្លោងឆបោកប្រាក់ពលរដ្ឋនោះមួយចំនួនមាន ឈ្មោះ លោក ស៊ាន តាន់ ជាក្រុមហ៊ុនអ៊ីប៉ីស៊ី (EBC) ឈ្មោះ ហួត សុវណ្ណ ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ និងឈ្មោះលោក ជីហ្គោ សាលី ជាប្រធានសមាគមប្រឹក្សាយោបល់វិនិយោគ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ