វិភាគ៖ លោក សម រង្ស៊ី គួរចូលស្រុកពេលជិតបោះឆ្នោត២០១៨

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (ហ្វេសប៊ុកលោក សម រង្សីុ)

បើទោះជារដ្ឋាភិបាលកម្ពុជាផាត់ លោក សម រង្ស៊ី ឲ្យចេញឆ្ងាយពីសង្វៀននយោបាយក៏ដោយ​ ប៉ុន្តែអតីតមេដឹកនាំគណបក្សជាង២០ឆ្នាំមកនេះ នៅតែធ្វើឲ្យមានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានទូទៅ។

សូមរំលឹកថា ថ្វីត្បិតតែមិនមានឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៣ក៏ដោយ តែទីបំផុតលោក សម រង្ស៊ី នៅតែជាប់ឈ្មោះជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម ក្រោយពីមានការ​ចរចាខាងនយោបាយ។ កាលណោះ លោក សម រង្ស៊ី បានជាប់ឈ្មោះក្នុងកំណត់​ត្រាមួយថាជាអ្នកន​យោបាយ​​ដែលមានប្រជាប្រិយភាព ដោយមានមនុស្សរាប់លាននាក់បានចេញទទួលស្វាគមន៍វត្តមានរបស់លោកដោយ​មិននឹក​ស្មានដល់ ខណៈលោក​បានវិលចូល​ប្រឡូកក្នុងឆាកនយោ​បាយ​វិញ។

បើទោះជាខកខានចូលរួមបោះឆ្នោតឃុំ សង្កាត់ឆ្នាំនេះក៏ពិតមែន ប៉ុន្តែលោក សម រង្ស៊ី នៅតែ​បង្ហាញមហិចតារបស់លោកចូល​ប្រឡូក​ក្នុង​សង្វៀនការបោះឆ្នោត​ឆ្នាំ២០១៨​ឲ្យខាងតែបាន។

ការ​ប្តេជ្ញាចិត្តដូចនេះ បានធ្វើឲ្យ លោក ហ៊ុន សែន រុញទូកបណ្តោយទឹកដោយ​ប្រកាស​លុប​បំរាម​ដែលហាមមិនឲ្យយន្តហោះដឹកលោក សម រង្ស៊ីមកកម្ពុជាកាលពីខែតុលាឆ្នាំ២០១៦។

បើមើលមួយជ្រុង ការប្រកាសលុបបំរាមនេះ អ្នកវិភាគ យល់ថា ហាក់ដូចជាសញ្ញាវិជ្ជមាន​សម្រាប់​ការ​វិលចូលស្រុកវិញរបស់ លោក សម រង្ស៊ី ប៉ុន្តែបើមើលឲ្យជ្រៅជាងនេះបន្តិច ការ​ប្រកាស​លុប​បំរាមនេះគឺរដ្ឋាភិបាលគ្រាន់តែជាការចង់​សាកល្បង​ភាពក្លាហាន​របស់​លោក សម រង្ស៊ី តែប៉ុណ្ណោះ។

មួយថ្ងៃក្រោយការលុបចោលបំរាមនោះ លោក ហ៊ុន សែន បានព្រមានថា បើលោក សម រង្ស៊ី ក្លាហានចូលស្រុកមែន លោកនឹងបញ្ជាឲ្យ​សមត្ថកិច្ចចាប់​ខ្លួន លោក សម រង្ស៊ី ទៅដាក់គុក ដោយ​សំអាងលើសាលក្រមរបស់តុលាការខ្មែរដែលបានកាត់ទោស ដោយមានភាព​ចម្រូងចម្រាស់នោះ។

ការគំរាមដូចនេះរបស់លោក ហ៊ុន សែន គឺជាឆ្លើយតប​ទៅនឹង​ការ​ដាក់​លក្ខខណ្ឌ​របស់លោក សម រង្ស៊ី ដែលថា «មុននឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញខ្ញុំត្រូវការឲ្យលោក ហ៊ុន សែន បញ្ជាក់ថា គាត់យល់ព្រមបោះបង់គម្រោងរបស់គាត់ ដែលចង់ “កំចាត់មនុស្សពី ១០០ ទៅ ២០០ នាក់” ដើម្បីរក្សាអំណាចរបស់គាត់។ គម្រោងនេះ ត្រូវបានគាត់ប្រកាសជាសាធារណៈ ថ្មីៗនេះ»។

លោក សូ ចន្ថា អ្នកវិភាគនយោបាយ យល់ថា បើលោក សម រង្ស៊ី ចូលស្រុកនៅពេលនេះ នឹង​មានផលវិជ្ជមានផងនិងអវិជ្ជមានផង។ លោកយល់ថា «បើសិនលោក សម រង្ស៊ី មកវិញ​ចំណេញ​គឺទី១ប្រជាប្រិយភាពលោកផ្ទាល់ បើសិនលោកចង់បន្តអាជីពជាអ្នកន​យោបាយ​នៅ​កម្ពុជា​។ ​ទី២ចំណេញប្រជាប្រិយភាពទៅគណបក្សប្រឆាំងដែលលោកធ្លាប់ដឹកនាំដែលអាចឈានទៅដល់ការឈ្នះ​ឆ្នោ​ត២០១៨។ បើគាត់អត់មកវិញ ខ្ញុំគិតថាអាជីពនយោបាយរបស់ គាត់អាច បាត់ បង់ ឬ​ថយឥទ្ធិពល …ហើយពលរដ្ឋបន្តភ្លេចនូវអ្វីដែលជាតម្លៃរបស់លោក»។

សម្រាប់ លោក សូ ចន្ថា ជម្រើសល្អបំផុតរបស់​លោក សម រង្ស៊ី ក្នុង​ការ​វិល​ចូល​ស្រុក​វិញគឺក្នុង​អំឡុងឃោសនាបោះឆ្នោត​ឆ្នាំ២០១៨។ លោកបន្តថា​ «ព្រោះចំណេញទាំង​ប្រជាប្រិយ​ភាព​ផ្ទាល់ខ្លួនរបស់លោក និងគណបក្សប្រឆាំងផង។ ​ប៉ុន្តែពេលនោះអាចថា​រដ្ឋាភិ​បាលប្រើ​សាល​ក្រមទៅចាប់ខ្លួនកើតទេ? ឬមិនអាចទេដោយសារមានអ្នកគាំ ទ្រច្រើន។ ខ្ញុំគិតថាពី ព្រោះ មានអ្នកគាំទ្រច្រើន ហើយ​អំឡុង​ពេល​ឃោសនាបោះឆ្នោតទៀត។​ អីចឹងបើមានការ​ចាប់ខ្លួន នោះហើយជាអ្វី​ដែល​ចំណេញ​ដល់បក្សប្រឆាំង»។

ដោយផ្អែកលើ​ហេតុផលនេះ អ្នកវិភាគយល់ថា កាលៈទេសៈនេះ មិនទាន់​ដល់​ពេល​ដែលលោក សម រង្ស៊ី ត្រូវវិលចូលកម្ពុជាវិញឡើយ ដោយហេតុថា ការវិលចូល​ស្រុក​នៅពេល​នេះ នឹង​មិនចំណេញដល់គណបក្សសង្រ្គោះជាតិឡើយ។ មួយវិញទៀតអ្នកវិភាគ យល់ថា បើ​លោក សម រង្ស៊ី វិលចូលស្រុកនៅពេលនេះ រដ្ឋាភិបាលទំនងជាមិនអាចជៀសផុត​ពីការចាប់​ខ្លួន​ទៅ​ដាក់​ពន្ធនាគារនោះទេ។ នេះបើផ្អែកលើវោហាសាសន៍របស់ លោក ហ៊ុន សែន ដែល​ប្រកាស​កាត់ដៃចោល បើសិនជាលោកចុះហត្ថលេខាលើសំណើ​សុំ​លើកលែងទោសឲ្យអតីត​មេបក្សប្រឆាំងរូបនេះម្តងទៀតនោះ។

កាលពីថ្ងៃព្រហស្បតិ៍ លោក ហ៊ុន សែន ក៏បានព្រលយពាក្យថា បើលោក សម រង្ស៊ី ចូល​មក​ដឹកនាំ​គណបក្សសង្រ្គោះជាតិវិញ នោះនឹងអាចប្តឹងឲ្យរំលាយគណបក្សនេះចោល ក្រោម​លេស​ច្បាប់ថ្មីដែលទើបកែប្រែដោយ​គណបក្សកាន់អំណាច។

អ្នកវិភាគ និយាយថា ភាពខ្លាំងរបស់គណបក្សសង្រ្គោះជាតិ មិនអាស្រ័យលើតែ​បុគ្គលម្នាក់​ឬពីរ​នាក់ជាមេដឹកនាំនោះទេ គឺវាអាស្រ័យលើ​រចនាសម្ព័ន្ធ​រឹងម៉ាំរបស់គណបក្សនេះ​ដែល​បាន​ចេះ​ស្រេះទៅដល់​ថ្នាក់​មូលដ្ឋាន។

បើផ្អែកលើ​លទ្ធផល​បោះឆ្នោត​បឋម បង្ហាញថា គណបក្សសង្រ្គោះជាតិមានសមាជិកក្រុមប្រឹក្សា​ឃុំ សង្កាត់ ជិតស្មើគ្នានឹងគណបក្សប្រជាជនកម្ពុជាដែល​ធ្លាប់តែ​ក្តោប​ក្តាប់​ការងារនេះស្ទើទាំងស្រុងចំនួន១៥ឆ្នាំមកហើយ។

អ្នកវិភាគខ្លះទៀត លើកឡើងថា ការវិលត្រឡប់របស់លោក សម រង្ស៊ី គួរមក​នៅ​កៀក​នឹងពេល​បោះ​ឆ្នោតនោះ​គឺជាការបង្កើតព្រឹត្តិការណ៍មួយឲ្យ​មានការចាប់​អារម្មណ៍ពី​សាធារ​ណៈជន ហើយអាចធ្វើឲ្យគណបក្សសង្រ្គោះជាតិចំណេញប្រជាប្រិយភាព។ ប៉ុន្តែកាល​ទេសៈពេលនោះ​ក៏អាចមាន​ហានិភ័យ​សម្រាប់គណបក្សប្រឆាំងធំជាងគេនេះដែរ ប្រសិនបើ​ពេល​នោះ​រដ្ឋាភិបាល​ចាប់​ខ្លួន​លោក សម រង្ស៊ី ហើយមានពលរដ្ឋធ្វើបាតុកម្ម អាចជា​លេស​មួយ​ដែលរដ្ឋាភិបាល​ ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បី​ពន្យារពេលបោះឆ្នោត​។

ក្រុមអ្នកវិភាគ លើកឡើងថា លោក សម រង្ស៊ី គួរតែបន្តរស់នៅក្រៅប្រទេសមួយ​រយៈទៀត ដើម្បីមានឱកាសរិះគន់ចំណុចខ្វះខាតរបស់គណបក្សកាន់អំណាច ខណៈដែលមន្រ្តី​គណបក្ស​ប្រឆាំង​​នៅក្នុងប្រទេសកម្ពុជាមួយចំនួនត្រូវបានឡោមព័ទ្ធដោយបណ្តឹង ហើយ​អាច​ជា​សម្ពាធ​មួយ​មិន​ឲ្យ​មានការ​រិះគន់​រដ្ឋាភិបាល។

អ្នកវិភាគ លើកជាយោបល់ថា ការចូលស្រុក​របស់ លោក សម រង្ស៊ី គឺទាល់តែ​មានការ​ចរចា​ជាមួយគណបក្សកាន់អំណាចក្នុង​លក្ខខណ្ឌណាមួយ នោះទើបអាចបញ្ជៀសការចាប់ខ្លួន។​ប៉ុន្តែ​ការចរចានោះ ក៏នាំឲ្យសាធារណៈមតិមានការសង្ស័យថា ភាគីទាំងពីរ​អាចមាន​អ្វី​ដោះ​ដូរ​គ្នា ហើយនាំឲ្យប៉ះពាល់ដល់​ប្រជាប្រិយភាពគណបក្សប្រឆាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ