លោក ហ៊ុន សែន ច្រានចោលសំណើច្បាប់ការពារនាយករដ្ឋមន្ត្រី ចាត់ទុកថា “ស្មោគគ្រោក”

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 11:04 AM | នយោបាយ | 0 | 9685 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ប្រតិកម្ម​ទៅ​នឹង​ លោក លឺ ឡាយស្រេង បន្ទាប់​ពី​អ្នក​នយោបាយ​ជើង​ចាស់បាន​ស្នើឲ្យ​បង្កើត​ច្បាប់​ការពារ​នាយករដ្ឋ​មន្ត្រី ក្រោយ​ចាក​ចេញ​ពី​តំណែង ដោយ​ចាត់​ទុក​ជា​សំណើ “ស្មោគ​គ្រោក”។

ធ្លាប់​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះ លោក លឺ ឡាយស្រេង កាល​ពីថ្ងៃ​ម្សិល​មិញ​នេះ បាន​​ផ្ញើ​លិខិត​ចំហរ​មួយ​ទៅ​លោក ហ៊ុន សែន ដោយ​ស្នើ​ឲ្យ​បង្កើត​ច្បាប់​ការពារ​នាយករដ្ឋ​មន្ត្រី​ក្រោយ​បញ្ចប់​អាណត្តិ និង​ផ្ដល់​គោរព​ងារ​ជា “វីរៈបុរស​ជាតិ”។

មិន​មែន​តែ​លោក ហ៊ុន សែន ប៉ុន្តែ លោក លឺ ឡាយស្រេង បាន​ផ្ញើ​លិខិត​ចំហ​បែប​នេះ​ទៅ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ផង​ដែរ ក្នុង​ន័យ​ដូច​គ្នា។

​តាម​សារព័ត៌មាន Fresh News ដែល​អះ​អាង​ថា បាន​សម្ភាស​ផ្ដាច់​មុខ​ជាមួយ​លោក ហ៊ុន សែន នោះ បាន​ចុះ​ផ្សាយ​ថា លោក​នាយករដ្ឋ​មន្ត្រី​បាន​ច្រាន​ចោល​សំណើ​បែប​នេះ ដោយ​ចាត់​ទុក​ជា​សំណើ​ស្មោគ​គ្រោក និង​ជា​ការ​ប្រមាថ​ “ដ៏​ធ្ងន់​ធ្ងរ”​ដល់​បក្ស​កាន់​អំណាច។

យោង​តាម​ការ​ផ្សាយ​របស់​ Fresh News ដដែល​នេះ លោក ហ៊ុន សែន សំណើ​ច្បាប់​នេះ នឹង​ធ្វើ​ឲ្យ​ប្រជាជន​យល់​ច្រឡំ​ថា នាយករដ្ឋ​មន្ត្រី​កំពុង​ស្ថិត​ក្នុង​តំណែង​បច្ចុប្បន្ន​នេះ បាន​ធ្វើ​អ្វី​មួយ​ខុស​យ៉ាង​ធ្ងន់​ធ្ងរ។

លោក​ ហ៊ុន សែន ក៏​បាន​តប​ទៅ​វិញ​ថា កុំ​ឲ្យ​លោក លឺ ឡាយស្រេង តាំង​ខ្លួន​ជា​ព្រឹទ្ធាចារ្យ និង​អ្នក​នយោបាយ​ជើង​ចាស់​ត​ទៅ​ទៀត បន្ទាប់​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ បាន​បាត់​បង់​សំឡេង​គាំ​ទ្រ​រហូត​គ្មាន​អាសនៈ​មួយ​សោះ​នៅ​ក្នុង​សភា​នោះ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required