អង្គការចំនួន២ចេញផ្សាយឯកសារមគ្គុទេសក៍គាំទ្រកុមារនៅក្នុងប្រព័ន្ធយុត្តិធម៌

ឯកសារមគ្គុទេសក៍គាំទ្រកុមារនៅក្នុងប្រព័ន្ធយុត្តិធម៌

អង្គការហាហ្ការ ដែលធ្វើការទាក់ទងនឹងសិទ្ធិស្ត្រីនិងកុមារ និងអង្គការយូនីសេហ្វ នៅថ្ងៃទី១៦ ខែសីហានេះបានចេញផ្សាយ ឯកសារមគ្គុទេសក៍សម្រាប់គាំទ្រកុមាររងគ្រោះនិងកុមារសាក្សីនៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា ដើម្បីជួយឲ្យពលរដ្ឋយល់ដឹងពីដំណើរការតុលាការនិងជំហាននានាក្នុងការពារកុមារនៅក្នុងតុលាការ។

ឯកសារមគ្គុទេសក៍នេះគឺជាឯកសារដំបូងគេក្នុងប្រទេសកម្ពុជាដែលបង្ហាញពីការណែនាំជាជំហានៗដល់មេធាវី អ្នកតស៊ូមតិគាំពារកុមារនិងអាណាព្យាបាល ដែលគាំទ្រដល់កុមាររងគ្រោះនិងកុមារសាក្សីនៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូនីសេហ្វ សរសេរថាឯកសារមគ្គុទេសក៍នេះមានវិធីសាស្រ្តសម្រាប់អនុវត្តកម្មវិធី ត្រៀមលក្ខណៈសម្រាប់ការរៀបចំសវនការក្នុងតុលាការ ការផ្តល់ជាវិធីសាស្រ្តដើម្បីជួយកុមារនិងអាណាព្យាបាលឲ្យយល់ពីដំណើរការតុលាការ និងជំហាននានាដើម្បីការពារកុមារនៅក្នុងតុលាការ។

នាយិកាប្រតិបត្តិអង្គការហាហ្ការអន្តរជាតិ លោកស្រី មីខាអេលទ្បា ក្រូនីន ថាការចេញផ្សាយនូវឯកសារណែនាំនេះគឺមានសារៈសំខាន់សម្រាប់អ្នកធ្វើការអាជីពដែលពាក់ព័ន្ធនឹងកុមារ។

លោកស្រីមានប្រសាសន៍ថា៖នៅរៀងរាល់ឆ្នាំ មានកុមារកាន់តែច្រើនទ្បើងបានឆ្លងកាត់ដំណើរការនៃប្រព័ន្ធតុលាការ ហើយដែលជាដំណើរការពួកមិនយល់និងមានការភ័យខ្លាច។ យើងជឿជាក់ថាឯកសារនេះនឹងជួយរួមចំណែកឲ្យមានប្រព័ន្ធយុត្តិធម៌មានលក្ខណៈកុមារមេត្រីនិងបង្ការកុំឲ្យមានការប៉ះពាល់ដល់ផ្លូវចិត្តកុមារបន្ថែមទៀតនៅក្នុងដំណើរការនៃនីតិវិធីនានា  

នាយកប្រតិបត្តិអង្គការហាហ្ការប្រចាំកម្ពុជាលោក ម៉ៃ ណូវលីន រំពឹងទុកថាឯកសារមគ្គុទេសនេះនឹងមានអត្ថប្រយោជន៍សំខាន់ក្នុងការផ្តល់សិទ្ធិអំណាចដល់កុមាររងគ្រោះ គ្រួសាររបស់ពួកគេ និងអ្នកមានអាជីពគាំទ្រពួកគេ ដើម្បីធានាឲ្យកាន់តែច្បាស់នូវដំណើរការច្បាប់ដែលប្រកបដោយសុវត្ថិភាពខាងផ្លូវចិត្តនិងភាពវិជ្ជមានសម្រាប់កុមារ។

អង្គការយូនីសេហ្វនិងអង្គការហាហ្ការ កាលពីដើមឆ្នាំ២០១៥បានបោះពុម្ពផ្សាយរបាយការណ៍មួយដែលបានបង្ហាញថា កុមាររងគ្រោះភាគច្រើនមានអារម្មណ៍ភ័យខ្លាចនៅក្នុងដំណាក់កាលខុសៗគ្នានៃដំណើរការស្វែងរកយុត្តិធម៌។

របាយការណ៍ដដែលនេះបានឲ្យដឹងទៀតថា ក្នុងតុលាការពុំមានការផ្តល់វិធានការកុមារមេត្រីឡើយ កុមារពុំបានត្រៀមខ្លួនគ្រប់គ្រាន់សម្រាប់ការចូលបំភ្លឺក្នុងតុលាការនិងពុំបានទទួលព័ត៌មានពីអ្នកណាឡើយនៅក្រោយការកាត់ក្តី ហើយជាញឹកញាប់ពួកគេបានរងការប៉ះទង្គិចផ្លូវចិត្តឡើងវិញនៅក្នុងដំណើរការស្វែងរកយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ