បទយកការណ៍៖ ផលប្រយោជន៍នៃការបើកទូលាយជជែកពីបញ្ហសុខភាពផ្លូវភេទ

បញ្ហាសុខភាពផ្លូវភេទនិងបន្តពូជត្រូវបានចាត់ទុកជាប្រធានបទមួយដែលមិនអាចនិយាយដោយបើកចំហបាននៅក្នុងចំណោមប្រជាជនខ្មែរមួយចំនួន។ បរិបទនៃសង្គមខ្មែរត្រូវបានមើលឃើញថានៅតែប្រកាន់ប្រពៃណីទំនៀមទម្លាប់ ដែលច្រើនតែយល់ថារឿងផ្លូវភេទនិងបន្តពូជជារឿងមិនល្អ ជារឿងអៀនខ្មាស់ដែលត្រូវលាក់បាំង។ មនុស្សមួយចំនួនទៀតបារម្ភថា បើសិនជាឲ្យយុវវ័យដឹងពីរឿងទាំងនេះ វាអាចនឹងជំរុញឲ្យពួកគេទាំងនោះជ្រួលជ្រើមចង់ប្រឡូកក្នុងរឿងរួមភេទកាន់តែឆាប់។

គំនាបទាំងនេះហើយ ដែលធ្វើឲ្យយុវវ័យខ្មែរមួយចំនួនធំ នៅតែមិនបានយល់ដឹងច្បាស់អំពីអ្វីទៅជាចំណេះដឹងសុខភាពផ្លូវភេទនិងបន្តពូជ ហើយអ្នកខ្លះទៀតក៏ខ្មាស់អៀនមិនហ៊ាននិយាយចេញទៅ ដែលអាចនាំឲ្យពួកគេប្រឈមនូវហានិភ័យជាច្រើនក្នុងជីវិត ជាពិសេសទៅលើក្មេងស្រីដូចជាការមានផ្ទៃពោះទាំងមិនបានដឹងខ្លួនឬទាំងមិនចង់បាន ការចាប់រំលោភ ការចាប់បង្ខំឲ្យរួមភេទ ការបង្ខំឲ្យមានកូនទាំងមិនចង់បាន ការមិនហ៊ានសម្រេចចិត្តក្នុងរឿងរួមភេទ ។ល។

ទោះយ៉ាងណានៅក្នុងវេទិកាយុវជនជជែកពីបញ្ហាសុខភាពបន្តពូជក្រោមប្រធានបទ «បង្កើនចំណេះដឹងផ្នែកសុខភាពផ្លូវភេទនិងបន្តពូជ គឺផ្តល់ភាពអង់អាចដល់យុវជន» គឺមានការជជែកយ៉ាងទូលំទូលាយលើបញ្ហាទាំងនេះ។ វេទិកានេះរៀបចំដោយ UNFPA នៅក្នុងរាជធានីភ្នំពេញកាលពីចុងខែកក្កដាមានយុវជនជាង២០០នាក់ចូលរួម។

តំណាងមូលនីធិសហប្រជាជាតិសម្រាប់ប្រជាជនកម្ពុជា UNFPA លោកវេជ្ជបណ្ឌិត ម៉ាក ដេវីវ លើកឡើងថា៖ បញ្ហាសុខភាពផ្លូវភេទនិងបន្តពូជ ជួនកាលត្រូវបានចាត់ទុកជាប្រធានបទដែលមិនអាចនិយាយដោយបើកចំហក្នុងចំណោមប្រជាជនកម្ពុជាមួយចំនួន។ ផ្ទុយទៅវិញប្រសិនបើយុវជនមិនអាចទទួលបានព័ត៌មាន និងចំណេះដឹងត្រឹមត្រូវពីបញ្ហានេះទេ សក្តានុពលភាពរបស់យុវជននឹងត្រូវបាត់បង់ ហើយមិនអាចឲ្យពួកគាត់ធ្វើសេចក្តីសម្រេចបានត្រឹមត្រូវ សម្រាប់អនាគតរបស់ខ្លួនទេ

យោងតាមរបាយការណ៍របស់មូលនីធិសហប្រជាជាតិសម្រាប់ប្រជាជនកម្ពុជា UNFPA អត្រាមានកូនរបស់មនុស្សវ័យជំទង់ (១៥ឆ្នាំដល់១៩ឆ្នាំ) មានការកើនឡើងពីចំនួន៤៤កំណើតក្នុងចំណោម១០០០នាក់ នៅឆ្នាំ២០០០ ដល់៥៧កំណើត ក្នុងចំណោម១០០០នាក់ដូចគ្នានៅឆ្នាំ២០១៥។

ស្របពេលដែលសង្គមខ្មែរនៅតែមិនទាន់បើកទូលាយឲ្យនិយាយពីរឿងបញ្ហាសុខភាពផ្លូវភេទនិងបន្តពូជនៅឡើយ យុវវ័យមួយចំនួននៅក្នុងសង្គមបច្ចុប្បន្ននេះក៏បានចាប់ផ្តើមបង្ហាញនូវការតស៊ូមតិជជែកវែកញែក ដើម្បីបង្ហាញពីការចង់យល់ដឹងរបស់ខ្លួនទៅលើរឿងនេះ។

និយាយដោយសំឡេងច្បាស់ៗនិងបង្ហាញពីភាពស្វាហាប់របស់ខ្លួន និស្សិតផ្នែកឆ្មបនៃសាកល វិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល កញ្ញា រ៉ី ម៉ារីណា មិនគិតថាការនិយាយអំពីរឿងផ្លូវភេទនិងបន្តពូជ គឺជារឿងគួរឲ្យខ្មាស់អៀននោះទេ។

កញ្ញាប្រាប់ថា៖ ដោយសារបរិបទរបស់ខ្ញុំ ខ្ញុំរៀនខាងផ្នែកពេទ្យ អញ្ចឹងហើយការនិយាយអំពីរឿងសុខភាពផ្លូវភេទ សុខភាពបន្តពូជ ខ្ញុំគិតថាមិនមែនជារឿងគួរឲ្យខ្មាស់អៀននោះទេ ព្រោះកាលណាបើយើងបានទទួលព័ត៌មានពិតប្រាកដទាក់ទងនឹងរឿងផ្លូវភេទ រឿងបន្តពូជ គឺអាចថាយើងអាចរៀបចំផែនការជីវិតរបស់យើងបានល្អ យើងមានអំណាចអាចសម្រេចចិត្តបានអ្វីមួយ

យល់ឃើញស្រដៀងគ្នានេះ និស្សិតផ្នែកឆ្មបម្នាក់ទៀតដែលមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដូចគ្នា ឆ្លើយតបដោយញញឹមតិចៗថាពីមុនកញ្ញាធ្លាប់ខ្មាស់អៀនក្នុងការនិយាយពីរឿងផ្លូវភេទនិងបន្តពូជនេះ ប៉ុន្តែដោយសារសង្គមបច្ចុប្បន្នហាក់បើកទូលាយជាងមុន ហើយគ្រួសាររបស់កញ្ញាក៏មិនបានហាមឃាត់ ទើបកញ្ញាមិនសូវជាមានភាពខ្មាស់អៀនច្រើន។ ថ្វីបើបែបនេះក្តី កញ្ញាសំបុរស្រអែមសម្តីស្រទន់រូបនេះគិតថាបរិបទសង្គមខ្មែរនៅតែប្រកាន់ផ្នត់គំនិតបុរាណច្រើន។

កញ្ញានិយាយថា៖ បើតាមខ្ញុំគិតទៅ ខ្មែរយើងមានប្រពៃណីតឹងរឹង អញ្ចឹងហើយកាលណាយើងនិយាយទាក់ទងនឹងរឿងផ្លូវភេទឬរឿងសុខភាពផ្សេងៗ ចាស់បុរាណតែងតែមានគំនិតថា យើងហ្នឹងអត់ល្អ អាសអាភាសអីអញ្ចឹង

និស្សិតឆ្នាំទី៣នៃសាកលវិទ្យាល័យមេគង្គកម្ពុជា លោក ផាវ ផានិត ប្រាប់ថាលោកធ្លាប់ទទួលបានការស្តីបន្ទោសពីមិត្តភក្តិមួយចំនួនអំពីការដែលលោកធ្វើជាសកម្មជនធ្វើការទាក់ទងនឹងសុខភាពបន្តពូជ សុខភាពផ្លូវភេទ អ្នកស្រលាញ់ភេទដូចគ្នា និងអ្នករកស៊ីផ្លូវភេទ។ យ៉ាងណាមិញ លោកនៅតែរក្សាជំហររបស់ខ្លួន ព្រោះលោកថាសម្រាប់លោក ការយល់ដឹងអំពីរឿងទាំងអស់នោះនឹងជួយឲ្យលោកអាចរៀបចំផែនការជីវិតបានល្អ។

លោកបង្ហាញការជឿជាក់ថា៖ សម្រាប់ខ្ញុំ ខ្ញុំគិតថាយុវវ័យគឺត្រូវការជាចំាបាច់នូវចំណេះដឹងទាក់ទងជាមួយនឹងសុខភាពបន្តពូជនិងសុខភាពផ្លូវភេទ ពីព្រោះថាបើសិនជាយើងជាយុវជនឬក៏យើងរៀបការ យើងក៏មិនអាចចៀសវាងពីការរួមភេទទេ អញ្ចឹងដើម្បីសុវត្ថិភាព ដើម្បីឲ្យមានសុភមង្គលក្នុងគ្រួសារ យើងត្រូវការយល់ដឹងអំពីបញ្ហាហ្នឹង

ថ្វីត្បិតតែបច្ចុប្បន្ននេះ យុវវ័យចាប់ផ្តើមមានការជជែកជាសាធារណៈនូវបញ្ហាផ្លូវភេទនិងបន្តពូជក៏ពិតមែន ប៉ុន្តែតាមការសិក្សាស្រាវជ្រាវ នៅតែបង្ហាញឲ្យឃើញពីក្តីកង្វល់នូវកង្វះចំណេះដឹងមួយនេះក្នុងចំណោមយុវវ័យនៅតំបន់ជនបទ។

របាយការណ៍របស់ UNFPA បានបង្ហាញថាអត្រាមានកូនរបស់ក្មេងជំទង់នៅទីក្រុងបានធ្លាក់ចុះពី៣៤កំណើតនៅឆ្នាំ២០០០ទៅ២១កំណើតនៅឆ្នាំ២០១៤ ក្នុងចំណោម១០០០នាក់ ប៉ុន្តែបញ្ហាដែលនៅតែគួរឲ្យព្រួយបារម្ភគឺ អត្រាមានកូនរបស់ក្មេងជំទង់នៅតំបន់ជនបទនៅឆ្នាំដូចគ្នាបានកើនឡើងពី៤៦កំណើតទៅ៦៦កំណើតក្នុងចំណោម១០០០នាក់ក្នុងរយៈពេលដូចគ្នានេះ។

និស្សិតបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ កញ្ញា ភឹង សោភ័ណ សព្វថ្ងៃនេះជាយុវជនស្ម័គ្រចិត្តអនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN) ដែលធ្វើការផ្តោតទៅលើបញ្ហាសុខភាពផ្លូវភេទនិងបន្តពូជ ប្រាប់អំពីការយល់ឃើញរបស់ខ្លួនថាការយល់ដឹងអំពីប្រធានបទមួយនេះនៅក្នុងបណ្តាយុវវ័យដែលនៅជនបទហាក់ដូចជានៅស្តួចស្តើងណាស់។

កញ្ញាបង្ហាញពីក្តីកង្វល់ថា៖ ខ្ញុំគិតថា បើសិនជាយុជននៅទីក្រុង គាត់អាចទទួលព័ត៌មានហ្នឹងបាន ប្រសិនបើគាត់ប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុកឬក៏គាត់មានស្មាតហ្វូនប្រើប្រាស់ ប៉ុន្តែបើក្រឡេកទៅលើយុវជននៅជនបទឬក៏តំបន់ដាច់ស្រយាល ខ្ញុំគិតថាពួកគាត់ប្រហែលជាពិបាកក្នុងការទទួលបានព័ត៌មាន ធ្វើការសម្រេចចិត្ត ដោយសារតែទោះបីជាមានកម្មវិធី ខ្ញុំមិនដឹងថាគាត់អាចមានពេលក្នុងការចូលរួមបានទេ បើសិនជាគាត់ធ្វើការងារឬគាត់គិតថាជីវភាពទើសទាល់

ខណៈពេលដែលយុវជនកំពុងស្វះស្វែងរកចំណេះដឹងអំពីសុខភាពផ្លូវភេទនិងបន្តពូជ កង្វះព័ត៌មានល្អៗអំពីការអប់រំដែលត្រឹមត្រូវ ត្រូវបានឲ្យដឹងថាជាបញ្ហាចម្បងមួយដែលធ្វើឲ្យរាំងស្ទះដល់ដំណើរការស្វែងយល់និងបញ្ចេញចំណេះដឹងទៅកាន់អ្នកដទៃនៅក្នុងសង្គមរបស់ពួកគេ។

អ្នកមានបទពិសោធន៍លើការងារទាក់ទងនឹងសុខភាពផ្លូវភេទនិងបន្តពូជជាង១០ឆ្នាំ ស្ថាបនិកក្រុមអនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN) និងជាសកម្មជនការពារសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា លោក ស្រ៊ុន ស្រ៊ន សង្កេតឃើញថាបច្ចុប្បន្ននេះ យុវវ័យហាក់ទទួលបានការអប់រំចំណេះដឹងសុខភាពផ្លូវភេទនិងបន្តពូជបានច្រើនជាងមុន ប៉ុន្តែបញ្ហាដែលនៅតែគួរឲ្យព្រួយបារម្ភគឺ លោកសង្កេតឃើញអំពីកង្វះព័ត៌មានដែលល្អសម្រាប់បញ្រ្ជាបការយល់ដឹងពិតប្រាកដទៅលើរឿងនេះ។

លោកសង្កត់ធ្ងន់ថា៖ ព័ត៌មានដែលអាក្រក់សំបូរជាងព័ត៌មានល្អ ព័ត៌មានដែលត្រឹមត្រូវវាតិចណាស់ ឧទាហរណ៍ថាព័ត៌មានត្រឹមត្រូវអំពីអីគេ ការរួមភេទដោយសុវត្ថិភាពធ្វើយ៉ាងម៉េចខ្លះ ការចរចារគ្នា ការរស់នៅជាមួយគ្នា ការធ្វើឲ្យមានការចុះសម្រុងគ្នា ទៅរកព័ត៌មាននៅកន្លែងណា បើយើងឆែកក្នុង google អំពីសុខភាពផ្លូវភេទអីមើល មិនសុទ្ធតែរឿងផន (Porn វីឌីអូអាសអាភាស) ទាំងអស់ ឃើញអត់អញ្ចឹងអីគេ សម្រាប់បងគឺជាហានិភ័យខ្ពស់នៅពេលដែលឧបករណ៍រដ្ឋាភិបាលគឺគាត់អត់បានអង្គុយរួមចំណែក មួយថ្ងៃៗអង្គុយតែផលិតព័ត៌មានទៅបានហើយ ហើយទូរទស្សន៍ឯកជន ទូរទស្សន៍រដ្ឋ ថាមួយថ្ងៃៗ គាត់និយាយអំពីសុខភាពផ្លូវភេទបានប៉ុន្មានម៉ោងក្នុងមួយសប្តាហ៍ កុំថាដល់ប៉ុន្មានម៉ោងក្នុងមួយថ្ងៃអី

ជាអ្នកស្រាវជ្រាវសុខភាពសាធារណៈនិងជាអ្នកសរសេរអត្ថបទវិភាគបញ្ហាសុខភាពនិងយេនឌ័រមួយរូប លោក តុង សុប្រាជ្ញ លើកយកបញ្ហាជាក់ស្តែងអំពីហានិភ័យនៃការមិនបានយល់ដឹងអំពីសុខភាពបន្តពូជដោយយោងតាមការស្រាវជ្រាវរបស់អង្គការម៉ារីស្តូត ដែលបង្ហាញថាយុវនារីមួយចំនួនដែលប្រឡូកក្នុងការរួមភេទនៅថ្ងៃ១៤ កុម្ភៈ (ទិវានៃក្តីស្រឡាញ់) ដោយមិនបានការពារ បានប្រឈមនឹងការមានផ្ទៃពោះ ហើយក៏ទៅរកសេវារំលូត ក្នុងចំណោមនោះអ្នកខ្លះបានទៅរកសេវាដែលមិនត្រឹមត្រូវបណ្តាលឲ្យប៉ះពាល់ដល់សុខភាពបន្តពូជមួយជីវិត។

លោកបន្ថែមថា៖ អញ្ចឹងកន្លែងហ្នឹងយើងត្រូវតែប្រឹងជំរុញឲ្យគាត់ផ្តល់ចំណេះដឹង ហើយផ្តល់អំណាចដល់គាត់តាមរយៈចំណេះដឹង ហើយឲ្យការសម្រេចរបស់គាត់ឲ្យត្រឹមត្រូវ ធម្មតាយុវវ័យជាធម្មជាតិ គឺថាគាត់ត្រូវចង់ដឹង ចង់លឺ ចង់សាក ចង់អីហើយ ប៉ុន្តែថាការចង់របស់គាត់ហ្នឹងថាគាត់គិតបានពីអនាគតដល់កម្រិតណា ចំណុចកន្លែងហ្នឹងគឺត្រូវថាឲ្យគាត់មានការស្វែងយល់បានកម្រិតចំណេះដឹងខ្ពស់ ហើយវប្បធម៌យើងគួរណាស់តែបង្កើននូវការទូលំទូលាយ

ការអប់រំនៅសាលានៅតែជាចលករមួយយ៉ាងសំខាន់ក្នុងការបញ្រ្ជាបចំណេះដឹងនានា ប៉ុន្តែមហាជនភាគច្រើន ហាក់សង្កេតឃើញពីការមិនទាន់បើកទូលាយក្នុងការបញ្ចូលចំណេះដឹងសុខភាពផ្លូវភេទនិងបន្តពូជនេះទៅកាន់សិស្សានុសិស្សពេញលេញនៅឡើយ។

របាយការណ៍របស់ UNFPA បង្ហាញថាកម្រិតនៃការបង្កកំណើតរបស់ក្មេងជំទង់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការអប់រំ ក្នុងនោះក្មេងជំទង់ដែលមិនបានចូលសាលារៀនប្រឈមនឹងអត្រានៃការមានផ្ទៃពោះ៣៧% ចំណែកឯក្មេងជំទង់ដែលបានចូលសាលាប្រឈមតែ៨%ប៉ុណ្ណោះ។

បញ្ហានេះត្រូវបានទីប្រឹក្សានៃក្រសួងអប់រំ យុវជន និងកីឡា លោក គឹម សាញ់ ឆ្លើយតបថាក្រសួងបានសម្រេចដាក់បញ្ចូលការអប់រំសុខភាពផ្លូវភេទនិងបន្តពូជទៅក្នុងកម្មវិធីសិក្សារបស់សិស្សពីថ្នាក់បឋមដល់វិទ្យាល័យនៅឆ្នាំ២០១៨នេះ។

ជំនួសមុខឲ្យក្រសួងអប់រំ លោកបង្ហាញពីក្តីរំពឹងថា៖ ក្រោយពីនេះ យើងរំពឹងថានឹងមាននិរន្តរភាពចូលដោយ ស្វ័យប្រវត្តិ មានម៉ោងគ្រូចូលបង្រៀនតែម្តង កន្លងមកនេះបើសិនជាឲ្យគាត់បង្រៀនច្រើនតែទារលុយថែមម៉ោង តែបើមានក្នុងម៉ោងហើយគឺទៅដោយស្វ័យប្រវត្តិ ហើយសិស្សនឹងទទួលបានចំណេះដឹងគ្រប់គ្រាន់

ទោះជាយ៉ាងណា លោក គឹម សាញ់ យល់ឃើញថាការអប់រំពីសាលារៀនគ្រាន់តែជាចំណែកមួយប៉ុណ្ណោះ ចំណែកឯលទ្ធផលបានកម្រិតណានោះគឺផ្អែកទៅលើការអនុវត្តជាក់ស្តែងរបស់បុគ្គលខ្លួនឯង ហើយបញ្ហារាំងស្ទះដែលលោកឃើញថានៅតែមាននោះគឺសម្ពាធសង្គមដែលមិនទាន់បានបើកទូលាយនៅឡើយទេ ក្នុងការឲ្យតម្លៃទៅលើចំណេះដឹងទាំងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ