លោក ហ៊ុន សែន ណែនាំសិស្សថាកុំ​ឲ្យបោះឆ្នោតឲ្យអ្នកមិនបានធ្វើអ្វីសោះ

លោក ហ៊ុន សែន ចុះ​សួរសុខទុក្ខសិស្សានុសិស្ស​កាល​ពី​ពេល​កន្លង​មក (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំសិស្សវិទ្យាល័យមួយក្នុងខេត្តតាកែវនៅព្រឹកថ្ងៃអង្គារនេះឲ្យបោះឆ្នោតគាំទ្រលោក ហើយកុំឲ្យបោះឆ្នោតគាំទ្រអ្នកផ្សេងដែល លោកថាមិនបានធ្វើអ្វីសោះ។

នៅព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរទៅកាន់ខេត្តតាកែវក្នុងយុទ្ធនាការ២៥រាជធានីខេត្ត ដែលលោកថាដើម្បីស្វែងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ក្នុងដំណើរនេះ លោកបានជួបជាមួយសិស្សានុសិស្សនៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ប៉ាទី ហើយលោកបានផ្តល់សាលារៀនមួយខ្នងសម្រាប់វិទ្យាល័យនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសួរសិស្សថាបោះឆ្នោតឲ្យអ្នកណា? ហើយលោកក៏បានណែនាំសិស្សកុំឲ្យបោះឆ្នោតឲ្យអ្នកណា ដែលលោកថាមិនបានធ្វើអ្វីសោះនោះ៖ «ដល់អាយុបោះឆ្នោតនៅហ្នឹង? ដល់ហើយ តើបោះឆ្នោតឲ្យអ្នកណា? បោះឲ្យសម្តេច។ អើនិយាយត្រង់ៗ គេមិនធ្វើអ្វីសោះទៅបោះឆ្នោតគេ! ហើយគេធ្វើចង់ងាប់(មិនបោះឲ្យ) ហើយដល់សុំសាលា គេអត់ឲ្យ ធ្វើម៉េចទៅ? ប្រាប់ឪម៉ែផង»។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែលលោក គល់ បញ្ញា មានប្រសាសន៍ថា លោកនាយកដ្ឋមន្ត្រី ហ៊ុន សែន កំពុងប្រើប្រាស់ធនធានគៀងគររកសំឡេងឆ្នោតដោយប្រើប្រាស់ធនធានរដ្ឋ នាំឲ្យការបោះឆ្នោតមិនមានតម្លាភាព។ លោកបន្តថា៖ “គណបក្សនយោបាយ អ្នកនយោបាយ គេអាចបញ្ចុះបញ្ចូលឲ្យពលរដ្ឋឲ្យគាំទ្រគោលនយោបាយគេបានមិនចាំបាច់ដល់ពេលឃោសនាទេ។ ប៉ុន្តែបញ្ហាគាត់គឺក្នុងតួនាទីជាអ្នកនយោបាយផង ជានាយករដ្ឋមន្ត្រីផង និងប្រើប្រាស់ធនធានរដ្ឋ នាំឲ្យការបោះឆ្នោតមិនមានតម្លាភាព“។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះយុទ្ធនាការ២៥ខេត្តរាជធានីតាំងពីថ្ងៃទី២០ខែកក្កដាមកដោយលោក អះអាងថាដើម្បីស្វែងយល់ពីទុកលំបាករបស់ពលរដ្ឋនិងជំរុញឲ្យមន្ត្រីខិតខំធ្វើការងារ។ ក្នុងអាណត្តិទី៥នេះ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាត់បង់សំឡេងគាំទ្រអស់២២អាសនៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ