អ្នកវិភាគថាសារនយោបាយ​លោក ហ៊ុន សែន និងលោក​ សម រង្ស៊ី មិនចំបញ្ហាពលរដ្ឋ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

អ្នកវិភាគមួយចំនួនបង្ហាញការយល់ឃើញប្រហាក់ប្រហែលគ្នាថាសារនយោបាយរបស់មេដឹកនាំបក្សកាន់អំណាចនិងមេដឹកនាំបក្សប្រឆាំង ហាក់មិនធ្វើឲ្យពលរដ្ឋជាម្ចាស់ឆ្នោតចាប់អារម្មណ៍ខ្លាំងទេ ដោយអះអាងថាបញ្ហាជាច្រើនទៀតនូវមិនទាន់ដោះស្រាយ។

ការបង្ហាញទស្សនៈរបស់អ្នកវិភាគនេះ ក្រោយពីមេដឹកនាំបក្សកាន់អំណាចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានផ្ញើសារនយោបាយថ្មីទៀតទៅកាន់ម្ចាស់ឆ្នោតដែលគេយល់ថាជាការស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ជិតចូលមកដល់។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានប្រកាសផ្តល់កម្មសិទ្ធិឲ្យអាជីវករផ្សារនៅទូទាំងប្រទេសទទួលបានសិទ្ធិកាន់កាប់តូបលក់ដូររបស់ខ្លួនអស់មួយជីវិត ដោយមិនចាំបាច់សុំពន្យារពេលធ្វើកិច្ចសន្យាជួលតូបជាមួយភាគីពាក់ព័ន្ធ។

លោក ហ៊ុន សែន ហៅវិធានការនោះថា «ជាយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង»។ នេះបើតាមខ្លឹមសារនៅលើបណ្តាញសង្គមផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។

ចំណែកមេបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសវិញ បានសរសេនៅលើបណ្តាញសង្គមផ្ទាល់នាថ្ងៃទី១៦ខែសីហានេះ បង្ហាញសារនយោបាយ៥ចំនុចថា «គណបក្សសង្គ្រោះជាតិនឹងប្រគល់សងប្រទេសកម្ពុជាជូនប្រជារាស្ត្រខ្មែរវិញ»។

«ប្រគល់សងទ្រព្យសម្បត្តិជាតិ ជូនប្រទេសជាតិ មានព្រៃឈើ រ៉ែ ភ្នំ បឹងបួរ ស្ទឹង ទន្លេឆ្នេរ សមុទ្រ និងកោះជាដើម» ដែលលោកថាដើម្បីទុកជាប្រយោជន៍សាធារណៈនិងលើកស្ទួយជីវភាពរស់នៅរបស់ប្រជារាស្ត្រ។

មួយវិញទៀតលោក សម រង្ស៊ី ថា «នឹងប្រគល់សងទ្រព្យសម្បត្តិជូនប្រជារាស្ត្រវិញ មានផ្ទះសម្បែង ដីធ្លី ស្រែ ចំការ និងថាបញ្ឈប់ការអភិវឌ្ឍក្លែងក្លាយដូចសព្វថ្ងៃ ដែលលោកថាបានបម្រើតែផលប្រយោជន៍ក្រុមគ្រួសារមេដឹកនាំពុករលួយនិងបក្សពួកមួយក្តាប់តូច»។

ទោះជាយ៉ាងណាមេបក្សប្រឆាំងរូបនោះមិនបានប្រាប់ពីយន្តការថានឹងធ្វើបែបណាធានាផលប៉ះពាល់ដល់ប្រយោជន៍ភាគីម្ខាងទៀតដែលត្រូវរឹបអូសនោះទេ។

ប៉ុន្តែកន្លងទៅលោក សម រង្ស៊ី ធ្លាប់អះអាងថា បើគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតបានឡើងកាន់អំណាច លោកថាគណបក្សប្រឆាំងនឹងធ្វើកំណែទម្រង់ប្រព័ន្ធតុលាការមុនគេ ក្រោយមកពិនិត្យលើកិច្ចព្រមព្រៀងផ្តល់ដីសម្បទានឲ្យទៅក្រុមហ៊ុនឡើងវិញ ដែលលោកថាក្រុមហ៊ុនណាដែលរំលោភយកដីពលរដ្ឋនិងយកដីនោះឲ្យពលរដ្ឋវិញ តំបន់ណាដែលបំផ្លាញធនធានធម្មជាតិ នឹងដកមកធ្វើជាសម្បត្តិរដ្ឋវិញ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា អ្នករកស៊ីលក់ដូរឬអាជីវករផ្សារ ភាគច្រើនគាំទ្រគោលនយោបាយបក្សប្រឆាំង។

លោក ឯម សុវណ្ណារ៉ា វិភាគថាយុទ្ធសាស្ត្រផ្តល់កម្មសិទ្ធិដល់គ្រប់គ្រងតូបដល់អាជីវករនេះ លោកថាហាក់គ្មានការទាក់ទាញបានច្រើនទេ ដោយលោកអះអាងថាអាជីវករច្រើនលើសលប់មានកម្មសិទ្ធិរួចហើយ រហូតគេលក់តូបនោះតៗគ្នាទៀតផង។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយរូបនោះវិភាគទៀតថា ចំណែកសាររបស់មេដឹកនាំបក្សប្រឆាំងវិញ លោកថា គ្រាន់តែជាការជំរុញឲ្យម្ចាស់ឆ្នោតមើលឃើញថា អ្វីដែលបក្សកាន់អំណាចមិនអាចធ្វើបាន ខ្លួនសន្យាធ្វើឲ្យបានប៉ុណ្ណោះដូចជាការបាត់បង់ធនធានធម្មជាតិ ជម្លោះដីធ្លី អភិបាលកិច្ច និងភាពអសកម្មមួយចំនួនទៀត។

ប៉ុន្តែលោក ឯម សុវណ្ណារ៉ា វិភាគថាយុទ្ធសាស្ត្រថ្មីនេះ មិនអាចទាក់ទាញសំឡេងគាំទ្របានច្រើនទេ ដោយលោក អះអាងថាការគេចខ្លួនទៅរស់នៅក្រៅប្រទេសរបស់មេបក្សប្រឆាំង មិនបានចុះជួបពលរដ្ឋញឹមញាប់នៅថ្នាក់មូលដ្ឋាន រួមផ្សំការរក្សាជំហរស្ងាត់ស្ងៀមរបស់បក្សប្រឆាំងនេះ។

លោកថា៖ «ទី១គាត់នៅឆ្ងាយពីប្រជាពលរដ្ឋ គាត់នៅខាងក្រៅ។ អញ្ចឹងធ្វើឲ្យពលរដ្ឋមិនសូវមានភាពកក់ក្តៅប៉ុន្មានទេ អាកន្លែងហ្នឹងជាភាពអវិជ្ជមានមួយរបស់គណបក្សប្រឆាំងហើយ។ ហើយមួយទៀតមេបក្សប្រឆាំងស្តីទី របស់សង្គ្រោះជាតិហ្នឹង នៅក្នុងស្នាក់ការអត់ហ៊ានចេញទៅណាទេ ខ្លាចគេចាប់ខ្លាចគេអី អាហ្នឹងជាចំនុចខ្សោយ[មួយទៀត]ដែលបក្សប្រឆាំងកំពុងជួបប្រទះបច្ចុប្បន្ននេះឯង ហើយចំនុចបក្សកាន់អំណាចហ្នឹងខ្សោយមួយដែរគឺនៅត្រង់ថាសារដែលគាត់ដាក់ហ្នឹង វាអត់មានអីថ្មីសម្រាប់អាជីវករទេ ដែលគាត់ចង់ប្រមូលសំឡេងគាំទ្រពីអាជីវករហ្នឹង វានៅទើរកន្លែងហ្នឹងវាអត់ទាន់មានអ្វីដែលថ្មី»

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបទៀតគឺលោក សូ ចន្ថា លើកឡើងប្រហាក់ប្រហែលដែរថា សារបស់មេបក្សប្រឆាំងលោក សម រង្ស៊ី អាចទាក់ទាញជាងមេបក្សកំពុងគ្រប់គ្រងអំណាច។

លោកវិភាគថា៖ «បញ្ហាដែលកំពុងតែកើតមាន មិនមែនមានតែផ្សារមួយទេ ប៉ុន្តែរឿងដែលត្រូវដោះស្រាយដើម្បីទាក់ទាញដើម្បីប្រជាប្រិយភាពនោះ គឺបញ្ហាពាក់ព័ន្ធទៅនឹងការរស់នៅរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងកសិករ ពាក់ព័ន្ធរឿងកសិកម្ម រឿងតម្លៃទំនិញ រឿងទីផ្សារ រឿងអយុត្តិធម៌សង្គម រឿងបាត់បង់ដីធ្លីជាដើមដែលត្រូវដោះស្រាយជាបន្ទាន់នោះបាទ»

លោក សូ ចន្ថា វិភាគដែរថាវត្តមានមេបក្សប្រឆាំងនៅក្នុងប្រទេសជារឿងមួយសំខាន់ ប៉ុន្តែលោកថាអ្វីដែលសំខាន់ជាងនេះនៅរដូវបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខ លោកថាគឺការពង្រឹកអំណាចសកម្មជនថ្នាក់ក្រោមជាតិ បង្កើតយន្តការឆ្លើយតបនឹងតម្រូវការចាំបាច់របស់ពលរដ្ឋនៅថ្នាក់មូលដ្ឋាន នោះទើបអាចជំរុញឲ្យមានកំណើនគាំទ្រ។

យុទ្ធនាការឃោសនារកសំឡងឆ្នោតកន្លងទៅ គណបក្សប្រសង្គ្រោះជាតិបានជ្រើសរើសយកគោលនយោបាយ ៧ចំនុចសម្រាប់ទាក់ទាញម្ចាស់ឆ្នោត ដូចជាការសន្យាឧបត្តម្ភដល់ចាស់ៗអាយុ៦០ឆ្នាំឡើង នឹងទទួលបានប្រាក់ ៦ម៉ឺនរៀលក្នុង១ខែ បញ្ហាបូរណភាពទឹកដី បញ្ហាអន្តោប្រវេសខុសច្បាប់ហូរចូលកម្ពុជា ប្រឆាំងអំពើពុករលួយ ធានាតម្លៃកសិផលរបស់កសិករជាដើម។

បំណែកបក្សប្រជាជនកម្ពុជាវិញគោលនយោបាយទាក់ទាញគឺការអភិវឌ្ឍបំបាត់ភាពក្រីក្រ សន្តិភាព ការពារបូរភាពទឹកដី ប្រឆាំងនឹងអំពើពុករលួយ និងគោលការណ៍មួយចំនួនទៀត។

ទោះជាយ៉ាងណាមកដល់ពេលនេះមេបក្សប្រឆាំងលោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេស ប្រធានស្តីទីលោក គឹម សុខា បន្តស្នាក់នៅក្នុងស្នាក់ការបក្ស ចំណែកមេបក្សកំពុងគ្រប់គ្រងអំណាចវិញកំពុងចុះជួបពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនស្វែងរកការគាំទ្រពីម្ចាស់ឆ្នោតមុនយុទ្ធនាការបោះឆ្នោតមកដល់។

ចំណែកមេបក្សប្រឆាំងលោក សម រង្ស៊ី វិញគិតត្រឹមថ្ងៃអង្គារនេះគេនៅមិនទាន់ដឹងថា តើមេបក្សរូបនោះអាចមានវត្តមានក្នុងប្រទេស ដើម្បីបានចូលរួមធ្វើយុទ្ធនាការបោះឆ្នោតបានឬក៏យ៉ាងណានៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ