អាមេរិកបន្តលើកកម្ពស់ការព្យាបាលដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជាលោក William A. Heidt នាពេល​កន្លង​ទៅ

រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឃន៍អន្តរជាតិ ហៅកាត់ថា USAID បានប្រកាសគម្រោងថ្មីមួយដល់អង្គការចិត្តសាស្រ្តសង្គមអន្តរវប្បធម៌ (TPO) នៅកម្ពុជា។ គម្រោងថ្មីនេះនឹងផ្តល់ការព្យាបាលសុខភាពផ្លូវចិត្តតាមបែបថ្មី រួមទាំងការផ្សះផ្សាឡើងវិញ សម្រាប់បុគ្គលនិងសហគមន៍នៅក្នុងខេត្តចំនួន១៥ដែលនៅតែប្រឈមមុខនឹងការប៉ះទង្គិចផ្លូវចិត្ត ដោយសារការឆ្លងកាត់របបខ្មែរក្រហម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិចចុះថ្ងៃទី១៦សីហា។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William A. Heidt មានប្រសាសន៍ថា៖ ផលវិបាកនៃរបបខ្មែរក្រហមនៅតែញាំញីដល់ប្រជាជនកម្ពុជាជាច្រើនដែលបានឆ្លងកាត់សម័យកាលដ៏អាក្រក់មួយនេះ។ គម្រោងនេះនឹងជួយប្រជាជនកម្ពុជារាប់ពាន់អ្នកដែលកំពុងរងគ្រោះពីការចងចាំនៃសម័យកាលនោះ អោយទទួលបានសេវាកម្មសុខភាពផ្លូវចិត្តសំខាន់ៗដែលនឹងជួយពួកគេអោយរស់ដោយសុភមង្គលនិងអាចបំពេញការងារបានល្អ

ក្នុងសេចក្ដីប្រកាសបញ្ចាក់ថាគម្រោងថ្មីនេះបញ្ជាក់ពីការប្តេជ្ញាចិត្តជាបន្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការគាំទ្រដល់ការធ្វើអន្តរកាលយុត្តិធម៌ សេរីភាព និងការផ្សះផ្សានៅកម្ពុជា។

គួរបញ្ចាក់ថាទីភ្នាក់ងារ USAID ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៦១ ដោយលោកប្រធានាធិបតេយ្យ John F. Kennedy និងជាទីភ្នាក់ងារឈានមុខគេរបស់រដ្ឋាភិបាលអាមេរិកក្នុងការផ្តល់ជំនួយបរទេស។ ចាប់តាំងពីឆ្នាំ១៩៩២ USAID បានផ្តល់ថវិកាប្រមាណជា១ពាន់លានដុល្លាសំរាប់ការអភិវឌ្ឍប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ