លោក ទៀ បាញ់ ជូនពរកងទ័ពសុខភាពល្អ ខណៈទៅពិនិត្យសុខភាពនៅចិន

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 10:30 AM | សុខភាព | 0 | 6199 រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ (FB: លោក ទៀ បាញ់)

រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ញើសារជូនពរដល់កងទ័ពឲ្យមានសុខភាពល្អ ក្នុងឱកាសដែលលោកធ្វើដំណើរទៅពិនិត្យសុខភាពប្រចាំឆ្នាំ​នៅទីក្រុងប៉េកាំងប្រទេសចិន។​

នៅលើហ្វេសប៊ុក របស់លោក ទៀ បាញ់ នៅថ្ងៃនេះបានបង្ហោះរូបភាពមួយចំនួន រួមទាំងខ្លឹមសារជូនពរដល់កងទ័ពនិងប្រជាពលរដ្ឋឲ្យមានសុខភាពល្អ។ លោក​បន្តថា ការដែលពលរដ្ឋនិងកងទ័ពមានសុខភាពល្អ គឺជាផ្នែកសំខាន់ក្នុងការចូលរួម​អភិវឌ្ឍប្រទេស។​

​លោកសរសេរថា៖ «ខ្ញុំ​បាន​ឆ្លៀត​ឱកាស​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដើម្បី​ចូល​ពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ​…បងប្អូន​កងទ័ព​ និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​សូម​អោយ​មាន​សុខភាព​ល្អមាំមួន​គ្រប់​ៗ​គ្នា​…​ ប្រជាជន​មានសុខភាព​ល្អ​ ជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​»

ទាក់ទងទៅនឹងការទៅពិនិត្យសុខភាពប្រចាំឆ្នាំរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិនៅប្រទេសចិននេះ​ អ្នកវិភាគបញ្ហាសង្គមមួយរូបគឺ​ លោក អ៊ូ វីរៈ បានផ្តល់យោបល់ជាសំនួរលើរូបថតលោក ទៀ បាញ់ នោះថា «សុខភាព ជារឿងសំខាន់។ ចុះពេទ្យស្រុកខ្មែរ?»។

លោក អ៊ូ វីរៈ មិនបានអត្ថាធិប្បាយអ្វីបន្ថែមទេ គ្រាន់តែសួរថា «ចុះពេទ្យស្រុកខ្មែរ?»។ ទោះយ៉ាងណាកន្លងទៅមានការរិះគន់ថា ប្រព័ន្ធសុខាភិបាលនៅក្នុងស្រុក មិនអាចធ្វើពលរដ្ឋទុកចិត្តបានទេ ទាំងផ្នែកសីលធម៌ និង ចំណេះដឹងជំនាញពេទ្យ​ ជាហេតុនាំឲ្យអ្នកមានលុយច្រើន និង មធ្យមស្វែងរកការថែទាំសុខភាព​ និង ព្យាបាលជំងឺនៅក្រៅប្រទេស៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required