បក្សប្រឆាំងថាវៀតណាមខុសច្បាប់ជាង៤០០នាក់បានចុះឈ្មោះបោះឆ្នោត​

ការចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​ពលរដ្ឋ (រូបភាពពីហ្វេសប៊ុក គ.ជ.ប)

គណបក្សប្រឆាំងអះអាងថាដំណើការចុះឈ្មោះបោះឆ្នោតជាង១០ថ្ងៃមកនេះមានជនជាតិវៀតណាមជាង៤០០នាក់បានចុះឈ្មោះបោះឆ្នោតនៅរាជធានីភ្នំពេញដោយគ្មានឯកសារស្របច្បាប់។

ការចុះឈ្មោះបោះឆ្នោតមានរយៈពេល៩០ថ្ងៃគឺចាប់ពីថ្ងៃទី១ខែកញ្ញារហូតដល់ថ្ងៃទី២៩វិច្ឆិកាឆ្នាំ២០១៦ ចំនួននេះបូកទាំងថ្ងៃឈប់សម្រាក ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

មេធាវីរបស់គណក្សសង្គ្រោះជាតិ លោកស្រី ម៉េង សុភារី ប្រាប់អ្នកសារព័ត៌មាននិងអ្នកគាំទ្រនៅស្នាក់ការកណ្តាលគណបក្សនាថ្ងៃទី១៦ខែកញ្ញានេះថា ដំណើការចុះឈ្មោះបោះឆ្នោត១៦ថ្ងៃមកនេះ លោកស្រីថាអ្នកសង្កេតការណ៍របស់គណបក្សបានរកឃើញថាមានជនជាតិវៀតណាម៤២១នាក់បានមកចុះឈ្មោះបោះឆ្នោតនៅភ្នំពេញ។

លោកស្រី ម៉េង សុធារី អះអាងទៀតថាជនជាតិវៀតណាមដែលចុះឈ្មោះរួចហើយទាំងនោះគ្មានឯកសារបញ្ជាក់ពីការចូលសញ្ជាតិខ្មែរត្រឹមត្រូវទេ ហើយថាគណបក្សសង្គ្រោះជាតិនឹងប្តឹងករណីនេះឲ្យ គ.ជ.ប លុបឈ្មោះពួកគេទាំងនោះចេញពីបញ្ជីបោះឆ្នោតវិញ។

លោកស្រីថា៖ «បញ្ជីឈ្មោះនេះគឺជាភស្តុតាងដែលបង្ហាញថា អ្នកដែលបានចុះឈ្មោះហ្នឹងហើយដែលមាននៅក្នុងបញ្ជីហ្នឹង គឺជនអន្តោប្រវេសន៍ កាន់ឯកសារមិនស្របច្បាប់ហើយ។ ហើយយើងនឹងប្តឹងពួកគាត់ទាំងអស់នោះ។ហើយយើងដឹងហើយថា បើកាលណាយើងប្តឹង មិនមែនគ្រាន់តែគេលប់ឈ្មោះអត់ឲ្យគាត់បោះឆ្នោតទេ បើនៅតុលាការវិញ បើគេរកឃើញថាអ្នកហ្នឹងកាន់អត្តសញ្ញាណប័ណ្ណខ្មែរខុសច្បាប់វិញ ត្រូវមានទោសពី៥ឆ្នាំទៅ១០ឆ្នាំ»។

អ្នកសង្កេតការណ៍របស់គណបក្សសង្គ្រោះជាតិមួយរូប គឺ លោក ប៉ែន សាន់ និយាយក្នុងវេទិកានោះដែរថា ការដែលសកម្មជនជួយគ្នាឃ្លាំមើលនិងប្រមូលឯកសារនានា ប្តឹងទៅស្ថាប័នមានសមត្ថកិច្ចឲ្យជួយទប់ស្កាត់មិនឲ្យជនបរទេសខុសច្បាប់មានសិទ្ធិបោះឆ្នោតជ្រើសរើសមេដឹកនាំខ្មែរ ដែលខ្មែរភាគច្រើនមិនពេញចិត្ត លោកថា បានជួយជំរុញឲ្យមានយុត្តិធម៌សង្គម។

លោកបន្តថា៖ «គេបាញ់ កែម ឡី ពីរគ្រាប់ បាញ់ចំបេះដូងយើងនេះ យើងឈឺទេ? បើសិនជាឈឺ នាំគ្នាទៅអាការិយាល័យហ្នឹង [ការិយាល័យចុះឈ្មោះបោះឆ្នោត] ទៅមើលយួនៗ វាបោះឆ្នោត រកមុខឲ្យឃើញថ្ងៃក្រោយរកឃើញហើយ។ ហើយបើថាមិនទៅចាប់ទេ អ្នកបាញ់ កែម ឡី បាញ់អ្នកផ្សេងទៀតក៏រកអត់ឃើញដែរ ព្រោះយុត្តិធម៌វានៅកន្លែងហ្នឹង»។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឆ្លើយតបថាស្ថាប័នជាតិរៀបចំការបោះឆ្នោតមួយនេះ នឹងចាត់មន្ត្រីរបស់ខ្លួនចុះទៅប្រមូលព័ត៌មាននៅកន្លែងដែលអះអាងមកថាមានភាពមិនប្រក្រតីនេះនៅពេលដែលទទួលបានពាក្យបណ្តឹង។

លោកបន្ថែមថា៖ «គ.ជ.ប នឹងធ្វើការភ្លាម នៅពេលដែលទទួលបានបណ្តឹងនេះ ដូចជាបច្ចុប្បន្ន គ.ជ.ប កំពុងរៀបចំបញ្ជូនមន្ត្រីរបស់ខ្លួនទៅដោះស្រាយបណ្តឹងនៅកន្លែងផ្សេងៗ បាទ»។

បើតាមមន្ត្រីគណបក្សសង្គ្រោះជាតិ ភាពមិនប្រក្រតីមួយទៀតគឺការធ្វើលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោត។

គណបក្សនេះបានករណីនៅស្រុកមួយក្នុងខេត្តសៀមរាបដែលថាអាជ្ញាធរចេញលិខិតបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតតែ២០នាក់ ចំណែកអ្នកកាន់លិខិតនោះមកចុះឈ្មោះបោះឆ្នោតវិញឡើងដល់ជាង១០០នាក់។

ទោះជាយ៉ាងណាមន្ត្រីគណបក្សប្រឆាំងអះអាងថា ករណីរកឃើញនោះ គេបានប្តឹងទៅ គ.ជ.ប ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ