វិភាគ៖ តើសហគមន៍អន្តរជាតិនឹងមានចំណាត់ការអ្វីទៀត បើកម្ពុជានៅតែថា “មិន​ខ្វល់​” ពី​រឿងនយោបាយសព្វថ្ងៃ?

សហគមន៍អន្តរជាតិដែលជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យបានបន្ថែមការព្រួយបារម្ភជាបន្តបន្ទាប់ពីស្ថានការណ៍នយោបាយនៅកម្ពុជាពេលនេះដោយជំរុញឲ្យរដ្ឋាភិបាលកម្ពុជាធានាឲ្យបានខ្ពស់បំផុតនៃការគោរពសិទ្ធិមនុស្សនិងសិទ្ធិនយោបាយរបស់គណបក្សប្រឆាំង។

ពីដើមឡើយមានតែប្រទេសមួយៗប៉ុណ្ណោះដែលបានសំដែងក្តីបារម្ភពីស្ថានការណ៍នយោបាយនៅកម្ពុជា ប៉ុន្តែនៅសប្តាហ៍នេះ ប្រទេសចំនួន៣៦ដែលជាមហាអំណាចសេដ្ឋកិច្ចនិងប្រជាធិបតេយ្យផងនោះបាននាំគ្នាចេញសេចក្តីថ្លែងការណ៍រួម ទទួចឲ្យមានដំណោះស្រាយស្ថានការណ៍នយោបាយនៅកម្ពុជា។

សហរដ្ឋអាមេរិក អាល់បានី អូស្រ្តាលី ជប៉ុន កាណាដា ម៉ាសេដូនី ណ័រវ៉េ ស្វីស អ៊ុយក្រែន និងប្រទេសចំនួន២៨ ជាសមាជិកនៃសហភាពអឺរ៉ុបបានបង្ហាញជំហររួមគ្នាថា ស្ថានការណ៍នយោបាយនៅកម្ពុជាបានគំរាមកំហែងសកម្មភាពស្របច្បាប់របស់គណបក្សប្រឆាំងនិងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការផ្នែកសិទ្ធិមនុស្ស។

ប្រទេសទាំង៣៦នោះបានជំរុញរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាធានាដំណើការបោះឆ្នោតឲ្យប្រព្រឹត្តិទៅដោយសេរីនិងយុត្តិធម៌ ធានាភាពស្របច្បាប់ដល់រដ្ឋាភិបាលកើតក្រោយការបោះឆ្នោត ធានាចំពោះមុខពលរដ្ឋរបស់ខ្លួននិងសហគមន៍អន្តរជាតិ។

ប៉ុន្តែជាការឆ្លើយតបវិញ តំណាងអចិន្ត្រៃយ៍របស់រដ្ឋាភិបាលកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិបានលើកឡើងថា អង្គការសង្គមស៊ីវិលនិងគណបក្សនយោបាយប្រឆាំងនៅកម្ពុជាកំពុងធ្វើសកម្មភាពដើម្បីតែកេងចំណេញនយោបាយខ្លួន ដោយថាបានញុះញង់និងបង្កឲ្យស្ថានភាពបច្ចុប្បន្នកាន់តែល្អក់កករឡើង ពិសេសធ្វើឲ្យមានអស្ថិរភាពក្នុងប្រទេសកម្ពុជាទៀតផង។ បន្ថែមពីនេះ មន្រ្តីគណបក្សប្រជាជនកម្ពុជានៅក្នុងប្រទេសអះអាងថា រដ្ឋាភិបាលមិនខ្វល់នឹងការជំរុញពីសហគមន៍អន្តរជាតិទាំងនោះឡើយ ដោយសំអាងថាចំណាត់ការទាំងឡាយលើបក្សប្រឆាំងនិងសង្គមស៊ីវិលគឺជាការអនុវត្តច្បាប់។

ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅតែថាមិនខ្វល់ពីអ្វីដែលសហគមន៍អន្តរជាតិជំរុញឲ្យមានដំណោះស្រាយនោះ តើប្រទេសមហាអំណាចទាំងនេះនឹងមានចំណាត់ការអ្វីបន្ថែម?

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថាកាលពីមុនប្រទេសទាំងនោះគេបានចេញសេចក្តីថ្លែងការណ៍បង្ហាញពីការព្រួយបារម្ភនេះ ដាច់ដោយឡែកពីគ្នា ប៉ុន្តែលោកថាពេលនេះប្រទេសទាំងនោះបានចេញសារការទូតរួមគ្នាចំនួន៣៦ប្រទេសដែលលោកថានេះជាសារព្រមានជាលើកទី២ដល់រដ្ឋាភិបាលកម្ពុជា។

បើតាមលោក មាស នី ការចល័តកងទ័ពក្នុងរាជធានីកន្លងទៅ លោកថាក៏ជាសញ្ញាភ័យខ្លាចរបស់រដ្ឋាភិបាលទៅលើកម្លាំងមហាជនដែរ។ តែលោកវិភាគថា សម្ពាធពីសហគមន៍អន្តរជាតិនឹងធ្ងន់ធ្ងរជាងនេះ បើមេដឹកនាំកម្ពុជា នូវតែធ្វើមិនដឹងមិនឮពីការជំរុញឲ្យគោរពសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ ពីសហគមន៍អន្តរជាតិនេះ។

លោកមានប្រសាសន៍ថា៖ “នេះវាមិនមែនជារឿងធម្មតាទេ។ វាអាចនឹងក្លាយជាវិធានការធំៗទៀត បើសិនជាយើងនៅតែចចេសមិនព្រមទទួលស្គាល់ ហើយបន្ដឈ្លោះគ្នាឯងឬក៏ធ្វើអំពើអីដែលកំពុងធ្វើរាល់ថ្ងៃតទៅទៀត។ ខ្ញុំគិតថាវាអាចមានការគាបសង្កត់ផ្សេងៗទៀត ហើយពិសេសយើងព្រួយបារម្ភបំផុតនោះគឺការគាបសង្កត់ផ្នែកសេដ្ឋកិច្ចនិងការថយចុះផ្នែកវិនិយោគទុន ហើយក្នុងលក្ខណៈបែបហ្នឹង វានឹងរុញឲ្យកម្ពុជាទៅតោងជើងចិន កាន់តែជ្រៅទៅៗ ហើយបើសិនជាវិបត្ដិសេដ្ឋកិច្ចនៅប្រទេសចិន ខ្ញុំគិតថាពេលនោះប្រទេសខ្មែរនឹងធ្លាក់ទៅចំណុចដដែល“។

នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា និចហ្វិច លោក សម គន្ធាមី វិភាគថាបើរដ្ឋាភិបាលកម្ពុជាមិនទទួលយោបល់ពីប្រទេសដែលសក្តានុពលទាំង៣៦នោះ លោកថាកម្ពុជានឹងជួបការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច។ លោកមានប្រសាសន៍ថា៖ “ចុះវាយនភណ្ឌស្អីៗ កសិករតាំងពីផលិតផលកសិកម្មអី យើងនាំទៅអឺរ៉ុបនោះ ហើយប្រទេសគេហ្នឹង បើសិនជាប្រទេសគេឈប់ទិញរបស់យើង យើងមិនជួបការលំបាកសេដ្ឋកិច្ចយ៉ាងម៉េចខ្លះ គឺផលវិបាកធ្ងន់ណាស់។ ហ្នឹងហើយបានថារដ្ឋាភិបាលត្រូវពិចារណាឡើងវិញ ហើយពិនិត្យមើលឡើយវិញទៅ។ ហើយកុំប្រតិកម្មលឿនពេកហើយបដិសេធអត់ទទួលស្គាលចឹង ដូចជាប៉ះពាល់ដល់សេដ្ឋកិច្ចរបស់យើង។ ផលិតផលយើងពឹងផ្អែកលើសហគមន៍អឺរ៉ុបច្រើន“។

លោក សម គន្ធាមី កត់សំគាលថាការដាក់សម្ពាធពីសហគមន៍អន្តរជាតិមកលើរដ្ឋាភិបាលកម្ពុជាលើកនេះ គឺធំជាងកាលពីក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដោយសារពេលនេះមានការកាត់ទោសមេដឹកនាំនិងឃុំខ្លួនមន្រ្តីគណបក្សប្រឆាំងរួមទាំងមន្រ្តីសិទ្ធិមនុស្ស។ រីឯកាលពីក្រោយឆ្នាំ២០១៣ គ្រាន់តែមានបាតុកម្មមិនទទួលស្គាល់លទ្ធផលបោះឆ្នោតប៉ុណ្ណោះ។

លោកថាបន្ត៖ “យើងលើកមុនអត់មានចង់និយាយថា អត់មានការគំរាមកំហែងច្រើនដូចលើកនេះទេ មិនទាន់បាតុកម្មអត់ទាន់អីទេ តែលើកនេះក្រោយមកវាមានការចាប់ខ្លួនមានការចាប់តំណាងរាស្ដ្រ ចាប់ខ្លួនសហគមន៍បឹងកក់កន្លងមក សិទ្ធិមនុស្សទៀត អីទាំងអស់ហ្នឹង ថ្មីៗបន្ដបន្ទាប់ទៀតមានការគំរាមកំហែងដល់សង្គមស៊ីវិលអីទាំងអស់ហ្នឹងហើយ បានជាសហគមន៍អន្តរជាតិ គេចាប់អារម្មណ៍ ចឹងហើយក៏សុំឲ្យរដ្ឋាភិបាលរៀបចំសារឡើងវិញ ដើម្បីធានាភាសាឲ្យដំណើរការរលូនទៅ ហើយដំណើរការប្រជាធិបតេយ្យនិងការបោះឆ្នោតនាពេលខាងមុខឲ្យវាសេរីនិងយុត្តិធម៌”។

មុនឈានដល់ការចេញសេចក្តីថ្លែងការណ៍រួមរហូតដល់៣៦ប្រទេសនោះ សហគមន៍អន្តរជាតិជាម្ចាស់ជំនួយធ្លាប់បានជំរុញឲ្យគណបក្សប្រជាជនកម្ពុជាបើកការចរចាជាមួយគណបក្សសង្រ្គោះជាតិ ប៉ុន្តែម្តងហើយម្តងទៀតលោក ហ៊ុន សែន បានប្រកាសបិទផ្លូវចរចា ដោយថាបើចរចានិយាយរឿងមន្រ្តីបក្សប្រឆាំងជាប់ពន្ធនាគារនោះ។

យ៉ាងណាក៏ដោយ អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវជាថ្មីឲ្យមានការគោរពសិទ្ធិមនុស្សឲ្យបានពេញលេញនៅកម្ពុជា រួមទាំងសិទ្ធិបញ្ចេញមតិ សិទ្ធិតវ៉ាដោយអហិង្សា ហើយនិងសិទ្ធិជួបជុំ ខណៈដែលសកម្មភាពតវ៉ាដោយអហិង្សារបស់សកម្មជនដីធ្លីច្រើនត្រូវបានបង្រ្កាបពីសំណាក់អាជ្ញាធរកម្ពុជា ក្រោមហេតុផលរក្សាសណ្តាប់ធ្នាប់។

ជាមួយគ្នានោះដែរសមាជិកសភាសហរដ្ឋអាមេរិកលោក Alan Lowenthal ត្រូវបាន VOA ដកស្រង់សំដីចុះផ្សាយថា វិធានការណ៍តឹងរឹងនានាអាចនឹងមានចំពោះប្រទេសកម្ពុជាទាក់ទងនឹងបញ្ហាសេដ្ឋកិច្ចជាដើម ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាផ្លាស់ប្តូរជំហរនិងបញ្ឈប់ការធ្វើទុក្ខបុក្ខម្នេញក្រុមជំទាស់ ហើយធ្វើឲ្យការបោះឆ្នោតសេរីនិងយុត្តិធម៌។

លោកថា៖ «យើងសង្ឃឹមថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើតាមអ្វីដែលជាកិច្ចព្រមព្រៀងរវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា។ តែបើលោក ហ៊ុន សែន មិនធ្វើតាមទេ ខ្ញុំអាចប្រាប់លោកថា នឹងមានផលវិបាកហើយ‍»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ