រដ្ឋាភិបាលបដិសេថា មិនបានបង្ខំម្ចាស់កាសែត ឌឹ ខេមបូឌា ដេលី ឲ្យសុំទោសនាយករដ្ឋមន្ត្រី

រដ្ឋាភិបាល​កម្ពុជា បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ម្ចាស់​កាសែត The Cambodia Daily អ្នកស្រី Deborah Krisher Steele ដែល​បាន​និយាយ​ថា ស្វាមី​របស់​អ្នកស្រី​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ហត្ថលេខា​សុំ​ទោស ជា​ថ្នូរ​ទៅ​នឹង​ការ​រួច​ផុត​ពី​ការ​ចាប់​ខ្លួន​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា។

ស្វាមី​អ្នកស្រី Deborah Krisher Steele គឺ​លោក Douglas Eric Steele មិន​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​នេះ​នោះ​ទេ កាល​ពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញា​កន្លង​មក មួយ​ថ្ងៃ​ក្រោយ​​ពី​កាសែត The Cambodia Daily បាន​សម្រេច​ផ្អាក​ដំណើរការ​របស់​ខ្លួន ដោយ​ពុំ​បាន​បង់​ពន្ធ​​ជាង ៦​លាន​ដុល្លារ ដូច​ទៅ​នឹង​ការ​បង្គាប់​ពី​រដ្ឋាភិបាល​នោះ។

អ្នកស្រី Deborah Krisher Steele ត្រូវ​បាន​វិទ្យុ​អាស៊ី​សេរី​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា ស្វាមី​របស់​អ្នកស្រី ទទួល​រង​ការ​បង្ខិត​បង្ខំ និង​ត្រូវ​បង្ខំ​ចិត្ត​ចុះ​ហត្ថលេខា​លើ​លិខិត​សុំ​ទោស​ទៅ​កាន់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ថ្នូរ​ទៅ​នឹង​ការ​រួច​ផុត​ពី​ការ​ចាប់​ខ្លួន។

​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្លឹប​អ្នក​កាសែត​បរទេស​នា​​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពីថ្ងៃទី​១២ ខែ​កញ្ញា អ្នកស្រី Deborah Krisher Steele បាននិយាយ​ថា ជំនួយ​ការ​អ្នកស្រី​​បាន​ទូរស័ព្ទ​យ៉ាង​ប្រញាប់​ប្រញាល់​ទៅ​ប្រាប់​អ្នកស្រី​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា នោះ​ថា​ មាន​គេ​គំរាម​ឲ្យ​អ្នកស្រី​ចុះ​ហត្ថលេខា​លើ​លិខិត​សុំ​ទោស​លោក ហ៊ុន សែន ជា​បន្ទាន់​ បើ​មិន​ដូច្នេះ​ទេ គេ​នឹង​ចាត់​ការ​ស្វាមី​អ្នកស្រី។

ប៉ុន្តែ ក្នុង​លិខិត​បំភ្លឺ​កកាល​ពី​ថ្ងៃទី​១៥ ខែ​កញ្ញា​ម្សិល​មិញ​នេះ អគ្គ​នាយកដ្ឋាន​ពន្ធដារ បាន​បដិសេធ​ថា មិន​បាន​បង្ខំ​ម្ចាស់​កាសែត​លោក Douglas Eric Steele ឲ្យ​សរសេរលិខិតសុំទោស​លោក ហ៊ុន សែន នោះ​ឡើយ ដោយថា ស្ថាប័ននេះ មិនដែលបាន​សរសេរ ឬបញ្ជាឲ្យចាប់ខ្លួន ឬបង្ខំឲ្យចុះហត្ថលេខាលើលិខិតសុំទោសណាមួយនោះទេ។

អគ្គ​នាយកដ្ឋាន​ពន្ធដារ លើកឡើងថា ម្ចាស់កាសែត The Cambodia Daily និងជំនួយការរបស់ខ្លួនគួរតែបង្ហាញ​អត្តសញ្ញាណជនដែលគំរាមនោះ ដើម្បីឲ្យសមត្ថកិច្ចមានអំណាចចាត់ការតាមផ្លូវច្បាប់។

សេចក្ដីបំភ្លឺបន្តថា ការដាក់លិខិតទៅកាន់​លោក ហ៊ុន សែន ជារឿងបុគ្គលរបស់ម្ចាស់​កាសែត The Cambodia Daily មិនពាក់ព័ន្ធនឹងការជាប់ពន្ធនោះទេ ហើយបញ្ហាវិវាទសារពើពន្ធ​ត្រូវតែ​ដោះស្រាយ​ជាមួយ​នឹង​អគ្គនាយកដ្ឋាន​ពន្ធដារ មិនមែនជាការសម្របសម្រួលតាមរយៈលិខិតសុំទោស លោក ហ៊ុន សែន ឬស្នើរអន្តរាគមន៍ពី​ស្ថានទូត ឬអង្គការ​សហប្រជាជាតិទេ។

វិវាទ​ដ៏​ចម្រូង​ចម្រាស់​រវាង​កាសែត​ The Cambodia Daily និង​រដ្ឋាភិបាល​កម្ពុជា បាន​កើត​ឡើង​ជុំ​វិញ​បញ្ហា​ពន្ធ​តម្លៃ​ជាង ៦​លាន​ដុល្លារ ដែល​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា កាសែត​ភាសា​អង់គ្លេស​មួយ​នេះ បាន​ជំពាក់​រដ្ឋ​នៅ​ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។

ជុំ​វិញ​បញ្ហា​ពន្ធ​ដ៏​ចម្រូង​ចម្រាស់​នេះ កាសែត​ The Cambodia Daily បាន​សម្រេច​ផ្អាក​ដំណើរការ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ចំ​ថ្ងៃ​ឱសាន​វាទ​ដែល​ត្រូវ​បាន​កំណត់​ដោយ​អគ្គ​នាយកដ្ឋាន​ពន្ធដារ សម្រាប់​ការ​បង់​ពន្ធ ឬ​ក៏​ប្រឈម​នឹង​ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ ហើយ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ