ក្រុមហ៊ុន​អាកាសចរណ៍​កាន់​តែ​ច្រើន​ហាម​អ្នក​ដំណើរ​យក​ទូរស័ព្ទ Galaxy Note 7 តាម​ខ្លួន

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានចេញបម្រាមដល់អ្នកដំណើរទាំងអស់ជិះនៅលើយន្តហោះរបស់ពួកគេ មិនឲ្យយកតាមខ្លួននូវទូរស័ព្ទ Samsung Galaxy Note 7 ចាប់ពីម៉ោង១២យប់នេះតទៅ។ នេះដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។

សារព័ត៌មានសិង្ហបុរីមួយនេះ បានចុះផ្សាយដូច្នេះ ដោយផ្អែកទៅតាមសេចក្ដីប្រកាសមួយដែលផ្សព្វផ្សាយដោយក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី នៅលើទំព័រហ្វេសប៊ុក។ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានចាត់វិធានការបែបនេះ បន្ទាប់ពីក្រសួងដឹកជញ្ជូនអាមេរិក បានហាមឃាត់ការនាំយកទូរស័ព្ទស្មាតហ្វូនម៉ូឌែលនេះ ឡើងទៅលើយន្តហោះនៅអាមេរិក ក្រោមបទបញ្ជាអាសន្ន។

បើតាម Channel News Asia មិនមែនមានតែក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីមួយទេ ប៉ុន្តែ ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Qantas និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Jetstar ក៏បានប្រកាសផងដែរកាលពីថ្ងៃម្សិលមិញថា ពួកគេនឹងហាមឃាត់មិនឲ្យនាំយកទូរស័ព្ទ Galaxy Note 7 ចូលយន្តហោះរបស់ពួកគេទាំងអស់ ចាប់ពីម៉ោង ១២យប់នេះតទៅ។

ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Virgin Australia និង TigerAir Australia ក៏បានចេញសេចក្ដីប្រកាសដូចគ្នានេះដែរ។

អតិថិជនមួយចំនួនរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ក៏បានបង្ហាញក្ដីបារម្ភនៅលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុននេះថា ពួកគេកំពុងស្ថិតនៅឯបរទេស ហើយមិនអាចកាន់ទូរស័ព្ទ Galaxy Note 7 ត្រឡប់ទៅប្រទេសកំណើតវិញឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ