គណកម្មការថាអ្នកចូលរួមហែរូបសំណាកលោក កែម ឡី ប្រហែល៣ម៉ឺននាក់

ចំនួនប្រជា​​ពលរដ្ឋ​ដែល​ចូលរួមហែរូបសំណាក​លោក កែម ឡី (រូបថត៖ លោក ប៉ា ងួនទៀង)

គណកម្មការរៀបចំបុណ្យ១០០ថ្ងៃលោក កែម ឡី បានប៉ាន់ប្រមាណថា អ្នកចូលរួមហែរូបសំណាកអ្នកវិភាគល្បីឈ្មោះរូបនេះ មានប្រហែល៣ម៉ឺននាក់ គឺកើនលើសពីការរំពឹងទុក។

លោក ប៉ា ងួនទៀង សមាជិកគណកម្មការរៀបចំបុណ្យ ឲ្យដឹងថា តាមការប៉ាន់ស្មានរបស់គណកម្មការបុណ្យ ចំនួនមនុស្សចូលរួមមានប្រហែល៣ម៉ឺននាក់គិតត្រឹមម៉ោង១០ព្រឹក ខណៈក្បួនហែចេញពីវត្តចាស់ទៅដល់រង្វង់មូលចោមចៅ។

ទោះជាយ៉ាងណា ចំនួនអ្នកចូលរួមហែរូបសំណាកលោក កែម ឡី ចំខួប១០០ថ្ងៃនេះ គឺមានចំនួនតិចជាង កាលពីពេលហែសពរបស់លោកកាលពីថ្ងៃទី២៤ ខែកក្កដា ដែលគណកម្មការប៉ាន់ស្មានថាអ្នកចូលរួមទាំងអស់ប្រហែល២លាននាក់។

ចំនួនប្រជាពលរដ្ឋដែលចូលរួមហែរូបសំណាកលោក កែម ឡី
ចំនួនប្រជាពលរដ្ឋដែលចូលរួមហែរូបសំណាកលោក កែម ឡី

បើតាមគណកម្មការបុណ្យ អាជ្ញាធររាជធានីភ្នំពេញបានសំណូមពរឲ្យអ្នកគាំទ្រលោក កែម ឡី ទៅរង់ចាំការហែរូបសំណាកនេះនៅរង្វង់មូលចោមចៅ ដោយថាដើម្បីបញ្ចៀសការស្ទះចរាចរណ៍។

គណកម្មការបុណ្យ បានឲ្យដឹងថា  ប្រជាពលរដ្ឋចន្លោះពី ៣ ទៅ ៤ម៉ឺននាក់ បានទៅចូលរួមពិធីបុណ្យនៅព្រឹកថ្ងៃសៅរ៍ ដែលជាថ្ងៃទីពីរនៃពិធីបុណ្យ។

ពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី ត្រូវបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលានេះ នៅឯវត្តពោធិយ៉ារាម ហៅវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ក្នុងរាជធានីភ្នំពេញ ។

លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ ខែកក្កដាកន្លងមក ក្នុងម៉ាតមួយកន្លែង នៅម្ដុំស្តុបបូកគោក ក្នុងរាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ