មនុស្ស​រាប់​រយ​ពាន់​នាក់​គេច​ពី​មុខ​ព្យុះ​សារិកា​បោក​បក់​លើ​ហ្វីលីពីន

ទិដ្ឋភាពទូទៅក្នុងទីក្រុងនៃប្រទេស​ហ្វីលីពីន(រូបភាពពីទីភ្នាក់ងារសារព័ត៌មាន​Channel News Asia)

ក្រុមមន្ត្រីហ្វីលីពីន និយាយថា ព្យុះទីហ្វុងសារិកា បានបោកបក់ទៅលើដែនកោះ Luzon របស់ប្រទេសនេះ នៅព្រឹកថ្ងៃអាទិត្យនេះ ដោយបានបំប៉ើងដំបូលផ្ទះ ផ្តួលរំលំបណ្ដាញអគ្គិសនី និងបង្ខំឲ្យមនុស្សជាង ១២ម៉ឺននាក់ គេចចេញទៅរកកន្លែងមានសុវត្ថិភាព។

ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា ការរអិលបាក់ដីតិចតួច និងទឹកជំនន់ ក៏ត្រូវបានគេរាយការណ៍ផងដែរ មួយថ្ងៃក្រោយពីព្យុះនេះបានបោកបក់ទៅលើកោះដាច់ស្រយាលមួយ និងបណ្ដាលឲ្យមនុស្សម្នាក់លង់ទឹកស្លាប់ និង ៣នាក់ទៀតកំពុងបាត់ខ្លួន។

អ្នកនាំពាក្យក្រុមប្រឹក្សាជាតិគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយ បានប្រាប់ AFP ថា ដំបូងផ្ទះមួយចំនួន បានប៉ើងរប៉ាតរប៉ាយ ហើយអគ្គិសនីបានដាច់នៅតំបន់មួយចំនួន។

មន្ត្រីឧតុនិយមថា ព្យុះសារិកា បានថមថយឥទ្ធិពលរបស់វា បន្ទាប់ពីបោកបក់ដល់ឆ្នេរភាគខាងកើតនៃទីប្រជុំជន Baler មុនព្រឹកថ្ងៃអាទិត្យនេះ ជាមួយល្បឿនខ្យល់ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះនេះបានបោកបក់កាត់តំបន់ភ្នំ និងតំបន់មានប្រជាពលរដ្ឋច្រើននៅព្រឹកថ្ងៃនេះ ហើយនឹងឆ្ពោះទៅសមុទ្រចិនខាងត្បូងនៅរសៀលថ្ងៃនេះ៕

អាជ្ញាធរហ្វីលីពីន ប្រាប់ថា មនុស្សជិត ១២ម៉ឺននាក់ បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេស្ថិតនៅចំមុខព្យុះនេះ ដោយបានគេចទៅជ្រកកោនក្រោមជម្រករៀបចំដោយរដ្ឋាភិបាល និងផ្ទះសម្បែងសាច់ញាតិរបស់ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ