យន្តហោះ AirAsia មួយ​គ្រឿង​បាត់​បង់​លំនឹង​កំពុង​ហោះ​ហើរ ​បង្ក​ភាព​ភ័យ​ខ្លាច​លើ​អាកាស

សារព័ត៌មាន​អូស្ត្រាលី​បាន​រាយការណ៍​ថា យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន AirAsia ដែល​ហោះ​ហើរ​ពី​ទីក្រុង​ Perth ប្រទេស​អូស្ត្រាលី ឆ្ពោះ​ទៅ​​កាន់​ទីក្រុង​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​នោះ បាន​ធ្លាក់​ចុះ​ពី​គន្លង​ហោះ​ហើរ​របស់​ខ្លួន​ដល់​ទៅ​ជាង ៦​គីឡូម៉ែត្រ​ភ្លាមៗ ក្រោយ​ពី​វា​ហោះ​ឡើង កាល​ពី​ព្រឹក​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បណ្ដាល​ឲ្យ​អ្នក​ដំណើរ​ភ័យ​តក់​ស្លុត។

សារព័ត៌មាន The Sydney Morning Herald បាន​ផ្សាយ​ថា យន្តហោះ AirAsia ជើង​ហោះ​ហើរ​ QZ ៥៣៥ ដែល​ផ្ទុក​មនុស្ស ១៤៥​នាក់​នោះ ត្រូវ​បង្ខំ​ចិត្ត​បើក​ត្រឡប់​ក្រោយ​វិញ តែ ២៥​នាទី​ប៉ុណ្ណោះ​ក្រោយ​ពី​យន្តហោះ​នោះ​​ស្ថិត​ក្នុង​គន្លង​ហោះ​ហើរ​របស់​ខ្លួន បន្ទាប់​ពី​អាកាស​យានិក​របស់​យន្តហោះ​នេះ បាន​ផ្ដល់​សញ្ញា​អំពី​ការ​ធ្លាក់​ចុះ​នៃ​សម្ពាធ​នៅ​ក្នុង​តួ​យន្តហោះ។

សារព័ត៌មាន​នេះ​បន្ថែម​ថា បញ្ហា​បច្ចេកទេស​មួយ បាន​បង្ក​ឲ្យ​យន្តហោះ​នោះ​បាត់​បង់​លំនឹង​របស់​វា ដោយ​បាន​ធ្លាក់​ចុះ​ពី​កម្ពស់​ជាង ៩​គីឡូ​ម៉ែត្រ មក​នៅ​កម្ពស់​ជាង ៣​គីឡូម៉ែត្រ​ពី​ផែនដី ដោយ​ពុំ​មាន​សញ្ញា​ព្រមាន​ណា​មួយ​នោះ​ឡើយ។

ក្រុម​អ្នក​ដំណើរ​នៅ​លើ​យន្តហោះ​នោះ បាន​ថត​វីដេអូ​តាម​ទូរស័ព្ទដៃ​របស់​ពួកគេ​អំពី​ហេតុការណ៍​នោះ​ដែល​ត្រូវ​បាន​គេ​ទម្លាយ​ចេញ ខណៈ​ដែល​ម៉ាស់​ដក​ដង្ហើម បាន​ធ្លាក់​ចុះ ហើយ​អ្នក​ដំណើរ​ខ្លះ​​បាន​ឱប​មនុស្ស​ជា​ទីស្រឡាញ់​របស់​ពួកគេ​ទាំង​ភ័យ​រន្ធត់។

អ្នក​ដំណើរ​​​ដទៃ​ទៀត​នៅ​លើ​យន្តហោះ​នោះ បាន​ប្រាប់​ថា ពួកគេ​បាន​ផ្ញើ​សារ​ប្រាប់​ទៅ​សាច់​ញាតិ​របស់​ពួកគេ ដោយ​ព្រួយ​បារម្ភ​ថា ពួកគេ​អាច​នឹង​បាត់​បង់​ជីវិត។

​ទូរទស្សន៍ ABC របស់​អូស្ត្រាលី បាន​ផ្សាយ​ថា អាកាស​យានិក​ បាន​បញ្ជា​យន្តហោះ​នោះ​ត្រឡប់​ក្រោយ​វិញ ហើយ​ក្រុម​ជួយ​សង្គ្រោះ​បន្ទាន់ ត្រូវ​បាន​ដាក់​ឲ្យ​ត្រៀម​ខ្លួន នៅ​ឯ​ព្រលាន​យន្តហោះ​ទីក្រុង Perth។

ទូរទស្សន៍​នេះ រាយការណ៍​បន្ថែម​ថា ភាព​ច្រួល​ច្របល់​នៅ​លើ​យន្តហោះ​នោះ កាន់​តែ​អាក្រក់​ថែម​ទៀត​សម្រាប់​អ្នក​ដំណើរ​មួយ​ចំនួន ខណៈ​ដែល​សេចក្ដី​ប្រកាស​នៅ​លើ​យន្តហោះ​នោះ មិន​ត្រូវ​បាន​ធ្វើ​ឡើ​ជា​ភាសា​អង់គ្លេស​នោះ​ទេ។

ក្រុមហ៊ុន AirAsia បាន​ថ្លែង​សុំ​ទោស​សម្រាប​ហេតុការណ៍​ដ៏​ភ័យ​តក់​ស្លុត​នោះ ហើយ​ថា យន្តហោះ​នោះ បាន​ចុះ​ចត​ដោយ​សុវត្ថិភាព​នៅ​ឯ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ Perth នៅ​ម៉ោង ១២ និង ៤០​នាទី​រសៀល ម៉ោង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ