ក្រុមមេធាវីស្នើជាថ្មីទៅតុលាការ ខណៈចៅក្រមបដិសេធការសុំប្ដូរទីតាំងឃុំខ្លួនលោក កឹម សុខា

មេដឹកនាំ​អតីត​បក្សប្រឆាំង លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបភាព៖ សហការី)

ក្រុមមេធាវីការពារក្ដីឲ្យប្រធានគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ក្រុមមេធាវី នឹងដាក់លិខិតជាថ្មីទៅព្រះរាជអាជ្ញា ដើម្បីសុំប្ដូរទីតាំងឃុំខ្លួនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ មកនៅភ្នំពេញវិញ។

កាលពីថ្ងៃទី៦ខែតុលាឆ្នាំ២០១៧ ក្រុមមេធាវីការពារក្ដីឲ្យប្រធានគណបក្សសង្គ្រោះជាតិ បានដាក់លិខិតទៅចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំប្ដូរទីតាំងឃុំខ្លួនលោក កឹម សុខា។ ប៉ុន្តែការស្នើនេះ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី  បដិសេធ ដោយថា ពាក់ព័ន្ធការសុំប្ដូរទីតាំងឃុំខ្លួន លោក កឹម សុខា មិនមែនជាសមត្ថកិច្ចរបស់លោកទេ។

លោក សំ សុគង់ មេធាវីម្នាក់ ក្នុងចំណោមមេធាវីការពារក្ដីទាំង៧នាក់ ប្រាប់វីអូឌីថា ក្រុមមេធាវីនឹងដាក់លិខិតស្នើសុំប្តូរទីតាំងឃុំខ្លួនកូនក្ដីម្តងទៀត ទៅព្រះរាជអាជ្ញានៅក្នុងសប្ដាហ៍នេះ។

លោកថា៖ «ការដាក់ពាក្យរបស់ក្រុមមេធាវី ទៅខាងចៅក្រម គឺចៅក្រម មិនមានសមត្ថកិច្ចទេ​ ហើយនៅក្នុងលិខិតជូនដំណឹង គេណែនាំឲ្យដាក់ទៅខាងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញវិញ។ ក្រុមមេធាវី ក៏បានរៀបចំដាក់ខាងព្រះរាជអាជ្ញាអមសាលាដំបូង ដើម្បីឲ្យព្រះរាជអាជ្ញាធ្វើការសម្រេចផ្លាស់ប្ដូរកន្លែងឃុំខ្លួនឯកឧត្ដមពីត្រពាំងផ្លុង មកកាន់ពន្ធនាគារភ្នំពេញ»

ពាក់ព័ន្ធរឿងនេះ វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បាននៅ ឡើយទេ។

បើតាមលោកមេធាវី សំ សុគង់ ការស្នើសុំប្ដូរកន្លែងឃុំខ្លួននេះ ដើម្បីងាយស្រួយដល់ក្រុមមេធាវីក្នុងការជួបកូនក្ដី និងងាយស្រួលដល់តុលាការ ក្នុងការដំណើរការនីតិវិធីផងដែរ។

កាលពីថ្ងៃទី២៦ខែកញ្ញា​កន្លងមក ក្រុមមេធាវីការពារក្តីលោក កឹម សុខា ទាំង៦នាក់ បានដើរចេញពីបន្ទប់សវនាការ ក្រោ​​យពីចូលរួមតតាំងជាមួយចៅក្រមរយៈពេលជិត២ម៉ោង ដើម្បី​ទាមទារឲ្យលើកពេលសវនាការ ដោយសំអាងថា អវត្តមានកូនក្តី​ ប៉ុន្តែ​ចៅក្រមមិនព្រម។​

លោក កឹម​ សុខា ត្រូវតុលាការបង្កាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន ទៅពន្ធនា​គា​​រ​​​ត្រ​​​ពាំ​​ងផ្លុង​ ទាំងមានអភ័យឯកសិទ្ធិសភា ដោយចោទថា «ក្បត់ជាតិ»។ ប៉ុន្តែ ​ស​ហគមន៍ជាតិ និងអន្តរជា​តិ បានហៅចំណាត់ការចាប់ និងឃុំ​ខ្លួន​​​​​​​នោះ​ថា ជា​ការគំរាមកំហែងផ្នែកនយោបាយ និងទាមទារឲ្យដោះ​លែងជាបន្ទាន់ ដោយថា ដើម្បីឲ្យ​ដំ​ណើ​​​រការ​បោះ​​​ឆ្នោ​​​តខាងមុខ ដំណើរការទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ