សមាជិកសភាបក្សកាន់អំណាចអនុម័តកែប្រែច្បាប់៤ ដើម្បីដកហូតអាសនៈបក្សប្រឆាំង

លោក ហ៊ុន សែន និងមន្ត្រីតំណាងរាស្ត្របក្សប្រជាជន នៅសភាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ (រូបភាព៖ ហ្វេសប៊ុករដ្ឋសភា)

ក្រុមតំណាងរាស្ត្រ គណបក្សកាន់អំណាចចំនួន៦៧រូប នៅព្រឹកថ្ងៃចន្ទនេះ បានលើកដៃអនុម័តទាំងស្រុង លើសេចក្តីស្នើកែច្បាប់ចំនួន៤ ដោយ​ថា ​ដើម្បីឈានទៅដកហូតអាសនៈ​គណបក្ស ​ដែល​ត្រូវ​រំលាយដោយតុលាការ​ ចែកឲ្យបក្សផ្សេង​​ ចំពេលតុលាការកំពូល កំពុងពិនិត្យលើបណ្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ និងខណៈមេបក្សរូបនេះ កំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១១ខែតុលា បានព្រមានរំលាយចោលគណបក្សសង្គ្រោះជាតិ ក្រោយពីមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៣ខែកញ្ញា ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលបក្សកាន់អំណាចថា «ក្បត់ជាតិ» ប៉ុន្តែ ការចោទប្រកាន់នេះ ត្រូវបានបក្សប្រឆាំងច្រានចោលទៅវិញ។

បន្ទាប់ពីលោក ហ៊ុន សែន បង្ហាញពីបំណងរំលាយបក្សប្រឆាំដ៏ធំមួយនេះចោល ក្រុមសមាជិកសភាគណបក្សប្រជាជនកម្ពុជាបានសម្រេចបញ្ជូនសំណើវិសោធនកម្មច្បាប់ចំនួន៤ ពាក់ព័ន្ធនឹងការបោះឆ្នោត រាប់ចាប់តាំងពីច្បាប់បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្នាក់មូលដ្ឋាន រហូតដល់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍សភា ដើម្បីពិភាក្សា និងអនុម័ត។

ក្រុមសមាជិកសភាគណបក្សកាន់អំណាចនៅព្រឹកថ្ងៃទី១៦តុលាឆ្នាំ២០១៧នេះ បានការកិច្ចប្រជុំរបស់ខ្លួនដើម្បីកែប្រែច្បាប់ទាំងនោះ ដោយមិនមានវត្តមានក្រុមសមាជិកសភាមកពីគណបក្សប្រឆាំងឡើយ ដែលនេះ ជាកិច្ចខិតខំប្រឹងប្រែងមួយត្រូវបានគេចាត់ទុកថា ជាការប៉ុនប៉ងរំលាយគណបក្សប្រឆាំង។

ក្នុងកិច្ចប្រជុំសភានៅថ្ងៃនេះ សមាជិកសភាគណបក្សកាន់អំណាច លោក ជៀម យៀប បានថ្លែងថា ការសម្រេចឈានទៅធ្វើវិសោធនកម្មច្បាប់ទាំង៤នេះ ដោយសារតែ «អំពើក្បត់ជាតិ» របស់លោក កឹម សុខា ដែលនាំឲ្យគណបក្សប្រជាជនកម្ពុជា មិនអាចអត់ឱនឲ្យបាននោះឡើយ។

លោកបន្ថែមថា៖ «ដោយមើលឃើញសកម្មភាពក្បត់ជាតិ ក្បត់ប្រជាជនរបស់មេដឹកនាំគណបក្សសង្រោះជាតិ កឹម សុខា ដែលភស្តុតាងជាក់ស្តែង និងគម្រោងបន្តទៅអនាគត របៀបនេះ ទើបក្រុងតំណាងរាស្រ្តហត្ថលេខី ស្នើធ្វើសេចក្តីស្នើច្បាប់ ស្តីពីការធ្វើវិសោធនកម្មច្បាប់ទាំងបួននេះ គឺដើម្បីឲ្យមានសង្គតភាព ជាមួយនឹងច្បាប់ស្តីពីគណបក្សនយោបាយ និងវិសោធនកម្មច្បាប់ នៅច្បាប់នៅជាធរមាន ជាបន្តបន្ទាប់មកនេះ»

ទោះយ៉ាងណាងណា មេដឹកនាំជនខ្ពស់បក្សប្រឆាំង អះអាងថា ការព្យាយាមធ្វើវិសោធនកម្មច្បាប់ ដើម្បីរំលាយគណបក្សសង្រ្គោះជាតិ ពីសំណាក់គណបក្សកាន់អំណាចពេលនេះ «គឺជាការប្លន់ឆន្ទៈប្រជាពលរដ្ឋទាំងកំរោល»។

បើតាមទំព័រហ្វេសប៊ុកផ្លូវការ ផ្សាយនៅថ្ងៃទី១៦ខែតុលានេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដែលកំពុងស្ថិតនៅឯក្រៅប្រទេសនោះ បានចាត់ទុកការប៉ុនប៉ងកែប្រែច្បាប់ទាំង៤នេះ ថា ជាការធ្វើឡើងផ្ទុយពីឆន្ទៈប្រជាពលរដ្ឋ។

លោកសរសរថា៖ «[…]ប្រសិនបើ អ្នកណាយកច្បាប់វិសោធនកម្មច្បាប់ ខាងលើនេះ ទៅអនុវត្តក្នុងបែងចែកអាសនៈរដ្ឋសភា និងអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សនយោបាយមួយ ដែលត្រូវរំលាយ ទៅចែកឲ្យគណបក្សនយោបាយដទៃ គឺជាការ “ប្លន់ឆន្ទៈប្រជាពលរដ្ឋ” យ៉ាងកម្រោល ហើយ អ្នកទទួលយកអាសនៈ ពីអំពើប្លន់នេះ មានឈ្មោះ ថា “ទទួលផលចោរកម្ម”»

ម​ន្ត្រីផ្នែកច្បាប់នៃអង្គការខុមហ្វ្រែល លោក យឿង សុធារ៉ា មានប្រសាសន៍ថា ប្រសិនបើ ច្បាប់ទាំងនោះត្រូវកែប្រែ ហើយចូលជាធរមាន និងគណបក្សសង្រោ្គះជាតិត្រូវរំលាយមែននោះ និងធ្វើឲ្យភាពអយុត្តិធម៌ បាត់ភាពជាតំណាង និងប៉ះពាល់ដល់ពលរដ្ឋរាប់លាននាក់ ដែលបានបោះឆ្នោតជូនគណបក្សប្រឆាំងមួយនេះ។

លោកបន្ថែមថា៖ «ប្រសិនបើ ដំណើរការរំលាយគណបក្សមួយ ដោយគ្មានយុត្តិធម៌ ដែលលាយឡំជាមួយបញ្ហានយោបាយជ្រៀតជ្រែកចូលទៅក្នុងដំណើរការនៃការកាត់ក្តី […] វាជាការប៉ះពាល់ធ្ងន់ធ្ងរដល់ឆន្ទៈ និងការចង់បានរបស់ប្រជាពលរដ្ឋកាលពីឆ្នាំ២០១៣ […] ដូច្នេះតំណាងរាស្រ្តទាំង៥៥រូបនោះ តំណាងឲ្យផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទាំងជាង៣លាននាក់នោះ ហើយបើកយកអាសនៈរបស់គាត់ទៅបែងចែកឲ្យគណបក្សផ្សេង ដែលជាគណបក្សមិនបានជាប់ឆ្នោតផងនោះ វាមិនស្របតាមឆន្ទៈ វាគ្មានភាពតំណាងឲ្យពលរដ្ឋ»។

ដោយឡែក ក្នុងសេចក្តីថ្លែងការណ៍ ចុះផ្សាយកាលថ្ងៃទី១២ខែតុលា តំណាងពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត បានហៅចេតនា ចង់រំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេសនោះថា ជាការប៉ះពាល់សិទ្ធិនយោបាយ និង សិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និងថា ជាការដើរថយក្រោយ នៃអនាគតលទ្ធិប្រជាធិបតេយ្យ របស់កម្ពុជា។

កន្លងមកសហ​គ​ម​ន៍​​​​​អន្តរជាតិ រួមមាន រដ្ឋាភិបាលប្រទេសអូស្ដ្រាលី ស​ហគមន៍​អឺរុប បារាំង អាល្លឺម៉ង់ សហ​រដ្ឋអាមេរិក និងអង្គការសិទ្ធិមនុស្សមួយចំនួនទៀត បាន​ហៅ​​ការចាប់​ខ្លួនលោក កឹម សុខា ​ថា ជា​​ការ​គំរាមកំហែង​ផ្នែកន​យោ​​បា​​​យ និងទទូចឲ្យដោះ​លែង​ លោក កឹម សុខា ជា​បន្ទាន់​ ដោយថា ដើម្បីធានាដំ​ណើ​​​រការ​បោះ​​​ឆ្នោ​​​ត ដែលត្រូវតែមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

រាយការណ៍បន្ថែម ដោយលោក ណាត សុភាព

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ