គណៈមេធាវីចាប់​ផ្តើម​ដាក់​ការិយាល័យ​ជំនួយ​ផ្នែក​ច្បាប់នៅ​ទូ​ទាំង​ប្រទេស​

គណៈមេធាវី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​​បើក​ការិយាល័យ​ជំនួយ​ផ្នែក​ច្បាប់​ ​ដល់​ជន​ក្រី​ក្រ ដែល​មិន​មាន​លទ្ធភាព​ស្វែងរក​មេធាវី ​ក្នុង​ការ​តតាំងក្តី​នៅ​តុលាការ។

ជំនួយ​ផ្នែក​ច្បាប់ ជា​ជំនួយ​មួយ ​ដែល​ជួយ​ផ្នែក​ច្បាប់​​ជូនដល់​​ជន​ក្រី​ក្រ និង​ជន​ងាយ​រង​គ្រោះដែល​ទាម​ទារ​ឲ្យ​មាន​ការ​ជ្រោម​ជ្រែង​ដោយ​មេធាវី ការ​ប្រឹក្សា​យោបល់ផ្នែក​ច្បាប់ ជួយ​ភ្ជាប់​បញ្ហា​របស់​ពល​រដ្ឋ​ជា​មួយអ្នក​ដែល​អាច​ជួយ​ពួកគេ​បាន និង​ការ​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍​ជាដើម ដែលជំនួយទាំង​នេះ ​​ជា​កាតាព្វកិច្ច​របស់​រដ្ឋាភិបាល។

ប្រធាន​គណៈមេធាវីកម្ពុជាលោក សួន វិសាល បាន​ថ្លែង​ក្នុងមហាសន្និបាត​គណៈមេធាវីប្រចាំ​ឆ្នាំ២០១៧ នៅព្រឹក​នេះ​ថា រហូត​មក​ដល់ពេល​នេះ មាន​មេធាវីចុះ​ឈ្មោះ​​​ក្នុង​បញ្ជី​ ដើម្បី​​ជួយ​ការ​ពារ​ដល់​ជន​ក្រី​ក្រនៅ​ទូទាំង​ប្រទេស​មាន ​ចំនួន​២០០នាក់​ហើយ នឹង​ត្រូវ​ដាក់​ឲ្យ​មាន​នៅ​តាម​ការិយា​ល័យ​នៅ​ទូ​ទាំ​ងប្រទេស​។ នេះ ​បើ​តាម​ទីភ្នាក់​ងារសារព័ត៌មាន​កម្ពុជា AKP។

​លោក សួន វិសាល​ថា ការិយាល័យ​មេធាវី​ទាំង​នេះ ​នឹង​ត្រូវ​ដាក់​នៅ​តាម​សាលា​ដំបូង​ខេត្ត​រាជ​ធានី​ទាំង​អស់ ដើម្បី​ផ្តល់​សេវា​ជូន​ពល​រដ្ឋ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិ​ធម៌​លោក ជិន ម៉ាលីន ធ្លាប់​បាន​លើក​ឡើង​ថា ការ​បង្កើត​មណ្ឌលសេវា​យុត្តិ​ធម៌​នេះ ​នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​វិវាទ​នៅ​តុលាការ​បាន​ច្រើន និងជួយ​បន្ថូរ​បន្ទុក​របស់​តុលាការ​ផង​ដែរ។

លោក​ថា៖ «ហើយ​មណ្ឌល​ សេវា​យុត្តិ​ធម៌​របស់​យើង​ផ្តល់​ប្រឹក្សាផ្នែក​ច្បាប់​ហ្នឹង​ដែរ ធ្វើ​ការ​សម្រុះ​សម្រួល​​រឿង​ក្តី​ហ្នឹង​ដែរ​ដោយ​មិន​ចាំ​បាច់​ឲ្យ​គាត់​ទៅ​តុលាការ​។ អា​ហ្នឹង ​ជា​ការ​សម្រុះ​សម្រួល​ជួយដោះ​ស្រាយ​វិវាទ​នៅ​តុលាការ​បាន​ច្រើន ជួយ​ដោះ​ស្រាយ​ទំនាស់ និងដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ក្នុង​សង្គម​ហ្នឹង ក៏​ប៉ុន្តែ​មណ្ឌល​យើង​នៅ​មាន​កម្រិត​ទេ។ នៅ​ទូ​ទាំ​ងប្រទេស ​យើង​មាន​តែ​៤០​ទេ អញ្ចឹង​វា​ មិន​ទាន់​ឆ្លើយ​តបទៅ​នឹងតម្រូវ​ការ​ជាក់​ស្តែង​របស់​ប្រជា​ពល​រដ្ឋ តែ​នៅ​ថ្ងៃ​មុខ​ យើង​ពង្រីក​មណ្ឌល​សេវា​យុត្តិ​ធម៌​នេះ​ឲ្យ​គ្រប់ក្រុង គ្រប់ស្រុក​ គ្រប់​ខណ្ឌ​ ក្នុង​រាជធានី​ខេត្ត​ទាំង​អស់ រួម​ទាំង​ខេត្ត​ដាច់​ស្រយាល​អញ្ចឹង​ពលរដ្ឋ​គាត់​អាច​ទទួល​បាន​ព័ត៌មាន ទទួល​បាន​ប្រឹក្សា ទទួល​បាន​ការ​សម្រុះ​សម្រួលដោយ​ប្រសិទ្ធ​ភាព​ខ្ពស់»។

ទោះ​ជាយ៉ាង​ណា​ ប្រធាន​ផ្នែក​ស៊ើប​អង្កេតអង្គការ​លីការ​ដូ លោក អំ សំអាត ធ្លាប់​បាន​លើក​ឡើងថា ប្រសិន​ជាប្រព័ន្ធ​តុលាការ​នៅ​កម្ពុ​ជា នៅ​តែ​គ្មាន​ភាព​ឯក​រាជ្យ​នោះ​ទេ ការ​រៀប​ចំ​នេះ​នៅ​តែ​មិន​អាច​គ្រប់​ស្តង់​ដារ​យុត្តិ​ធម៌​មួយ ​ដែល​អាច​ផ្តល់​យុត្តិ​ធម៌​ជូន​ប្រជា​ពល​រដ្ឋ​បា​ននៅឡើយ។

លោក​ថា៖ «យើង​និយាយ​ថ្ងៃ​នេះ​ ក្នុង​គោល​នយោបាយ​នោះ ​គឺ​ចង់​បាន​ជា ​ប្រព័ន្ធ​យុត្តិ​ធម៌​ដែល​មាន​ស្តង់​ដារ។ អញ្ចឹង​វា​ទាល់​តែ​ប្រព័ន្ធ​យុត្តិ​ធម៌ ​ឬ​ ក៏​ប្រព័ន្ធ​តុលាការ​យើង​ហ្នឹង មាន​ការ​កែទម្រង់ ឲ្យ​ទៅ​ជា​ប្រព័ន្ធ​ដែល​មាន​ទំនុក​ចិត្ត​ពីប្រជា​ពល​រដ្ឋ ហើយ​គួប​ផ្សំ​ជា​មួ​យ​ការ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់ ប្រជា​ពល​រដ្ឋ​ផង​ អាហ្នឹង​បាន​ប្រព័ន្ធ​យុត្តិ​ធម៌ យើង​ហ្នឹង​វា​មាន​ស្តង់​ដារ​បាន​ហើយ​ប្រជា​ពល​រដ្ឋ​មាន​ទំនុក​ចិត្ត»។

បើ​តាម ​AKP អគ្គលេខាធិការ​គណៈ​មេធាវី ​នៃព្រះរាជា​ណា​ចក្រកម្ពុជាលោកមេធាវី ព្រហ្ម វិចិត្រអក្ខរា បានឱ្យដឹងថា រហូត​មក​ដល់​ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះ មានសំណុំរឿងជន ក្រីក្រ​ប្រមាណ​ជាង ២ ០០០ករណី ត្រូវបានគណៈមេធាវីដោះស្រាយ និងការពារក្ដី​ ខណៈ​ថវិការ ​៩០០លានរៀល ​នឹង​ត្រូវរដ្ឋាភិបាល​​ផ្តល់​ជូនគណៈមេធាវីសម្រាប់​ការពារក្តី​ដល់​ជន​ក្រី​ក្រ​ ក្នុងឆ្នាំ២០១៨ ខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ