មនុស្សពីរនាក់ដែលបាត់ខ្លួនក្នុង​ហេតុការណ៍លិចទូកនៅខេត្តកំពតត្រូវ​បានសមត្ថកិច្ច​រកឃើញ

សមត្ថកិច្ចឲ្យដឹងថា មនុស្សពីរនាក់ដែលបាត់ខ្លួន ក្នុងហេតុការណ៍លិចទូកទេសចរណ៍នៅខេត្តកំពត ត្រូវបានក្រុមការងាររកឃើញហើយ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ខណៈសពបានអណ្តែតលើផ្ទៃទឹក។

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា វេលាម៉ោងប្រមាណ៩.២០នាទីយប់ ទូកទេសចរណ៍នៅខេត្តកំពតបានដឹកភ្ញៀវប្រមាណជា៧០ទៅ៨០នាក់ទៅមើលអំពិលអំពែក បណ្តាលឲ្យលិចម្តុំស្ពានថ្មី ធ្វើឲ្យមនុស្ស២នាក់ស្លាប់ និង២នាក់ទៀតបាត់ខ្លួន។

ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់VODនៅថ្ងៃពុធនេះថា សពជនរងគ្រោះទាំង៤នាក់ មាន៣នាក់ ជាម្តាយក្មេក ប្រពន្ធ និងកូនប្រុសរបស់ ប្រធានការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត លោក សាន យ៉េត ហើយស្រ្តីវ័យចំណាស់ម្នាក់ទៀត ជាអ្នករស់នៅភ្នំពេញពេញ។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ឲ្យដឹងថា សពទំាង៤នាក់នោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

លើសពីនេះទៀត ប្រភពដដែលបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទូកឈ្មោះ សុខ លីម ដែលជាជនជាតិខ្មែរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការច្បាប់ផងដែរ។

សូមរំឮកផងដែរ មុនពិធីបុណ្យអុំទូកពីរថ្ងៃ កីឡាករប្រណាំងទូក ង ចំនួនពីរនាក់ បានបាត់ខ្លួនក្រោយពេលដែលសណ្តោងទូក ង មកត្រៀមប្រណាំង ខណៈមកដល់ចំណុចមុខវាំង បានបុកជាមួយទូកវៀតណាមដឹកភ្ញៀវទេសចរណ៍កំសាន្ត។ សពបុរសទាំងពីរនាក់ទើបអណ្តែតឡើងពីរថ្ងៃក្រោយហេតុការណ៍នោះ។ យ៉ាងណាក៏ដោយ គេមិនទាន់ឃើញសមត្ថកិច្ចចាប់ម្ចាស់ទូកដែលជាជនជាតិវៀតណាមមកចាត់វិធានការច្បាប់នៅឡើយ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ