ក្រោយបុណ្យ​អុំ​ទូក បានបន្សល់ទុកសំរាមពាលវាលពាសកាល

ក្រោយបុណ្យអុំទូកបានបញ្ចប់ សំរាមបានបន្សល់ទុកនៅរាយប៉ាយនៅតាមទីធ្លានានានៃបរិវេណប្រារព្ធពិធីបុណ្យអុំទូក ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួនបានចូលរួមសំអាតបរិស្ថាន។

មន្ទីរសាធារណការរាជធានីភ្នំពេញបានសរសេរនៅលើទំព័រហ្វេសរបស់ខ្លួនថា នៅថ្ងៃទី៣នៃការប្រារព្ធពិធីបុណ្យនេះសំរាមគឺកើនឡើងលើសពីពីរថ្ងៃមុនទៅទៀត ដែលទាំងបីថ្ងៃនេះបុគ្គលិកប្រមូលសំរាមត្រូវធ្វើការទាំងយប់គឺចាប់ពីម៉ោង ១១យប់ ដល់ម៉ោង ៦ទៅ៧ព្រឹកទើបអាចសម្អាតអស់មួយភាគធំ។

នៅព្រឹកថ្ងៃទី១៦ វិច្ឆិកានេះម៉ោងប្រមាណជា៨និង៣០នាទីព្រឹកក៏មានក្រុមព្រះសង្ឃ និងយុវជនមួយចំនួនបាននាំគ្នាមករើសសំរាមដែលនៅសេសសល់ពីការប្រមូលរបស់ក្រុមហ៊ុនប្រមូលសំរាមបន្ថែមទៀត ក្រោមហេតុបំផុសគំនិតឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមរក្សាបរិស្ថាន។

ព្រះតេជគុណ ញ៉ាញ ចំរើន មានសង្ឃដីការថាមូលហេតុដែលជម្រុញឲ្យក្រុមព្រះសង្ឃ និងយុវជនដែលមកពីសកលវិទ្យាល័យនានាមកចូលរួមនេះព្រោះព្រះអង្គចង់ឲ្យប្រជាជនឃើញនូវគំរូ និងចង់បំផុសឲ្យប្រជាជនទាំងអស់ចូលរួមក្នុងថែរក្សាបរិស្ថានរបស់ខ្លួន។ ព្រះអង្គយល់ថា មូលហេតុដែលធ្វើឲ្យប្រជាជនខ្មែរមួយចំនួននៅតែមិនអាចកែទំលាប់នៃការចោលសំរាមពាសវាលពាសកាលនោះ គឺបណ្តាលមកពីការអប់រំ ខ្វះនូវទំលាប់ និងការខ្វះការគិតពិចារណាថាប្រទេសនេះគឺជាផ្ទះរបស់ខ្លួន។

ព្រះអង្គមានសង្ឃដីកាថា៖ « បើយើងចង់ដើរទៅតាមមាត់ទន្លេប្រាកដណាស់ ប្រាកដជាចង់បាននូវបរិស្ថានល្អ ដើម្បីស្រូខ្យល់អាកាលល្អក៏ប៉ុន្តែបើយើងមកហើយយើងនៅមានធំក្លិនអាក្រក់សំរាមពាសវាលពាសកាលអីធ្វើឲ្យយើងស្មុគវិញ ធ្វើឲ្យផ្លូវចិត្តយើងវាទៅតាមហ្នឹងដែរដូចថាវាអត់ស្រស់ស្រាយវាអីអញ្ចឹងទៅតាមហ្នឹងដែរ។ ចំណុចទីពីរមុខមាត់របស់ប្រទេសយើង មុខមាត់ត្រង់ថាពេលដែលទេសចរណ៍បរទេសគេមកគេវាយតម្លៃមកថាហេតុអីបានសំរាមច្រើម្លេះ! គាត់មិនឲ្យតម្លៃប្រទេសយើងទេ»

ព្រះអង្គមានថិរដីការបន្ថែមថា រដ្ឋាភិបាលគួរតែបណ្តុះគំនិតស្រលាញ់បរិស្ថាននេះក្នុងការអប់រំពីការកុមារតូចដល់ធំ ជាពិសេសគួរតែបង្កើនការផ្សព្វផ្សាយបណ្តុំគំនិតស្រលាញ់បរិស្ថានឲ្យបានច្រើនបន្ថែមទៀត។

ព្រះសង្ឃ និងយុវជនមួយក្រុមទៀតដែលមានគ្នាជាង២០នាក់កំពុងដើររើសសំរាមនៅមាត់ទន្លេមុខព្រះបរមរាជវាំង ក្នុងនោះយុវជន ហ៊ត់ សោម តំណាងក្រុមនេះបានឲ្យដឹងថាការប្រមូលគ្នាមករើសនេះគឺកើតចេញពីចិត្តចង់ជួយសម្អាតបរិស្ថាន និងចង់ឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាដូចក្រុមលោកដែរ។ លោកយល់ថា ចំណុចដែលសំខាន់ដែលធ្វើឲ្យប្រជាជននៅតែមិនអាចកែទំលាប់បោះចោលសំរាមពាលវាលពាលកាលនេះគឺទាក់ទងធំបំផុតទៅនឹងចំណេះដឹងរបស់ប្រជាពលរដ្ឋ។

លោកថា៖ « យើងគ្រាន់តែរើសមកតាមផ្លូវបណ្តើរ ក្រោយពីការសម្អាតរបស់ខាងស៊ិនទ្រី ដែលបានសម្អាតដែលមានសល់បន្តិចៗ គ្រាន់តែយើងរើសបានមួយថង់អញ្ចឹងយើងចងទុកកន្លែងមួយដែលបណ្តុំសំរាមអញ្ចឹង។ បើសិនជាខាងស៊ិនទ្រីអត់បានរើសស្រាប់តែយើងរើសមុនស៊ិនទ្រីវិញប្រហែលជាគរតែម្តងច្រើនមែនទែនព្រោះតាមសង្កេតមើលថាក្រុមស៊ិនទ្រីមកតាំងពីម៉ោង១២ណោះ »

មិនត្រឹមតែពិធីបុណ្យអុំទូកតែប៉ុណ្ណោះទេ ទំលាប់នៃការចោលសំរាមរបស់ប្រជាជនខ្មែរនៅតែមិនទាន់អាចកែប្រែបានទាំងស្រុងនៅឡើយ ពោលគឺរាល់មានពិធីធំៗ ឬប្រមូលផ្តុំមនុស្សម្តងៗ សំរាមគឺតែងតែមានវត្តមានជានិច្ចរាល់ពេលបញ្ចប់នៅពិធីទាំងនេះ។

តាមបើតាមតារាងទិន្និន័យរបស់ក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រីដែលប្រមូលទូទាំងរាជធានីក្នុងកំឡុងពេលបុណ្យអុំទូក៣ថ្ងៃនេះបង្ហាញថាក្រុមហ៊ុននេះប្រមូលសំរាមបានជាង៦ពាន់តោន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ