តុលាការសម្រេចមិនឃុំខ្លួនសកម្មជនដីធ្លី៧នាក់ ខណៈរងបណ្តឹងជិត១០ឆ្នាំ

សកម្មជនដីធ្លីខេត្តពោធិ៍សាត់ (រូបភាពពីលោក ឡាច សារ៉ាន់)

តុលាការសម្រេចមិនឃុំខ្លួនសកម្មជនដីធ្លីចំនួន៧នាក់ដែលរងការចោទថា បានដុតគ្រឿងចក្ររបស់ក្រុមហ៊ុនមួយក្នុងខេត្តពោធិ៍សាត់ នៅ​ក្នុង​ជម្លោះ​ដីធ្លី​កាលពី​ជិត១០​ឆ្នាំមុន។

ក្នុងដីកាកោះចុះថ្ងៃទី២៥ ខែតុលា តំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ លោក ឆាយ ហុង បានកោះហៅពលរដ្ឋមានជម្លោះ​ចំនួន ៧នាក់ មានលោក ឡាច សារ៉ាន់ លោក ចែម ដារ៉ា និងពលរដ្ឋ ៥នាក់ទៀតរស់នៅស្រុកក្រគរ ឲ្យចូលបំភ្លឺនៅថ្ងៃនេះ តាមបណ្តឹងរបស់ក្រុមហ៊ុនភាពីម៉ិច ដែលបានប្តឹងតាំងពីឆ្នាំ២០១១  ដោយចោទថា ធ្វើឲ្យខូចខាតដោយចេតនា។

ពលរដ្ឋម្នាក់ក្នុងចំណោម៧នាក់ដែលរងបណ្តឹងដែរ លោក ឡាច សារ៉ាន ប្រាប់វីអូឌីក្រោយចេញពីសាលាដំបូងខេត្តពោធិ៍សាត់ថា តុលាការមិនបានឃាត់ខ្លួនគាត់នោះទេ បន្ទាប់ពីសាកសួររួច។

លោកបន្តថា តុលាការបានសាក់សួរគាត់ជុំវិញការដុតគ្រឿងចក្ររបស់ក្រុមហ៊ុនដែលបានកើតឡើងកាលពីឆ្នាំ២០១០ ហើយលោកបាន​ឆ្លើយបដិសេធថា គាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ក្រុមហ៊ុននោះទេ។

លោកបន្ថែមថា «គេសួរថា យើងបានទៅបានទៅដុតបំផ្លាញគ្រឿងចក្រក្រុមហ៊ុនមែនអត់? ហើយយើងមានដីនៅកន្លែងហ្នឹងអត់? មានដែលធ្លាប់ចូលតវ៉ាអត់? ហើយខ្ញុំឆ្លើយថា ខ្ញុំអត់មានដីផង ហើយខ្ញុំក៏អត់ទៅវាយបំផ្លាញគ្រឿងចក្រគេដែរ។ តុលាការគេឲ្យចេញ ហើយគេនឹងប្រកាសសាលក្រមនៅថ្ងៃ២៩ខាងមុខនេះ»។

សកម្មជនដីធ្លីដែលរងបណ្តឹងម្នាក់ទៀតលោក ចែម ដារ៉ា ឲ្យដឹងថា ក្រោយសាកសួរតុលាការមិនបានឃាត់ខ្លួន​ពលរដ្ឋណាម្នាក់នោះទេ ហើយថា រូបលោក និងពលរដ្ឋផ្សេងទៀតដែលរងបណ្តឹងនោះ បានសំណូមពរទៅ​តុលាការ​ឲ្យ​ទម្លាក់​ចោល​ការចោទប្រកាន់។

លោកបន្ថែមថា៖ «ពួកយើងទាំង៧នាក់ហ្នឹង បានសំណូមពរដូចៗ ឲ្យខាងតុលាការហ្នឹងទម្លាក់​ការចោទប្រកាន់ហ្នឹងចោលទៅ ព្រោះពួកខ្ញុំទាំង៧នាក់នេះមិនបានប្រព្រឹតខុសទេ ព្រោះយើងអត់បានខូចខាត់បោះគេ»។

វិអូឌីមិនអាចសុំភាគីក្រុមហ៊ុន និងតំណាងតំណាងយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់លោក ឆាយ ហុង ដើម្បីសុំបញ្ជាក់បន្ថែមលើរឿងនេះបានទេ។

មន្រ្តីអង្គការលីកាដូប្រចាំខេត្តពោធិ៍សាត់ លោក អេង ឈុនហាន ដែលតាមដានករណីនេះ មានប្រសាសន៍ថា តុលាការគួរតែបញ្ចប់សុំណុំរឿងនេះ កុំមានការចោទប្រកាន់ ដោយលោកថា តាមស្រាវជ្រាវ ពលរដ្ឋទាំង៧នាក់នោះមិនមានកំហុស​ដូចការចោទប្រកាន់របស់ដើមបណ្តឹងនោះទេ។

លោកបន្ថែមថា៖ «ពួកគាត់ទាំងអស់គ្នាហ្នឹងមិនមានពាក់ព័ន្ធក្នុងបទល្មើសដូចក្នុងការចោទប្រកាន់ទេ ដោយសារយើងបានទៅជួបសាក្សីៗ គាត់បានបញ្ជក់ពីពេលវេលា ពីអង្គហេតុដែលកើតឡើងហ្នឹង វាផ្ទុយពីការចោទប្រកាន់ ដោយពួកគាត់ហ្នឹង គាត់អត់បានដឹងទេ។ អញ្ចឹងជាទស្សនៈ យើងសុំទទូចឲ្យលោកចៅក្រម លោកមេត្តាពិចារណា និងជួយរកយុត្តិធម៌ដល់អ្នកដែលស្លូតត្រង់ បើសិនជាលោកអាចថ្លឹងថ្លែងអាចបិទករណីហ្នឹងបាន យើងសារទរនឹងរឿងហ្នឹង»។

កាលពីឆ្នាំ២០១០ ពលរដ្ឋចំនួន ៦ភូមិ នៅ​ក្នុងស្រុកគគរ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនភាពីម៉ិច ក្រោយពីក្រុមហ៊ុននេះទទួលបានគម្រោងដីសម្បទានសេដ្ឋកិច្ចនៅទីនោះ។ ពលរដ្ឋថា កាលណោះ ក្រុមហ៊ុមបានឈួសឆាយប៉ះពាល់ដីធ្លីពួកគាត់​រាប់​រយហិកតា ដែល​ធ្វើឲ្យក្រុមអ្នកភូមិផ្ទុះការ​តវ៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ