របាយការណ៍អង្គការសិទ្ធិមនុស្សអន្តរជាតិមួយ បានរកឃើញថា លំហូរសេរីភាពនៃប្រព័ន្ធអ៊ីនថឹណិតនៅក្នុងប្រទេសកម្ពុជា មានលក្ខណៈសេរីដោយអន្លើនៅក្នុងឆ្នាំ២០១៧ ប៉ុន្តែមានលក្ខណៈល្អប្រសើរជាងប្រទេសជាច្រើននៅក្នុងតំបន់។
អង្គការ Freedom House ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នៅដើមខែវិច្ឆិកានេះ បានចេញរបាយការណ៍ប្រចាំឆ្នាំស្ដីពីសេរីភាពអ៊ីនថឹណិត ក្រោមចំណងជើងថា «ការប្រើប្រាស់បណ្ដាញសង្គម ដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យ»។
អង្គការអាមេរិកមួយនេះ បានពិនិត្យមើលលើកម្រិតសេរីភាពនៃប្រព័ន្ធអ៊ីនថឹណិតនៅតាមបណ្ដាប្រទេសចំនួន ៦៥ នៅចន្លោះខែមិថុនា ឆ្នាំ២០១៦ ដល់ខែឧសភា ឆ្នាំ២០១៧នេះ តាមរយៈការវាស់វែងទៅលើឧបសគ្គទទួលបានព័ត៌មាន ការដាក់កម្រិតលើមាតិកាព័ត៌មាន និងការរំលោភបំពានលើសិទ្ធិអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនថឹណិត។
កម្រិតសេរីភាពនៃប្រព័ន្ធអ៊ីនថឹណិត ត្រូវបានដាក់ពិន្ទុពីសូន្យទៅដល់ ១០០ពិន្ទុ ដែលឆ្លុះបញ្ចាំងថា ប្រទេសមានពិន្ទុកាន់តែតិច គឺជាប្រទេសដែលប្រព័ន្ធអ៊ីនថឹណិតមានសេរីភាពល្អ។
អង្គការ Freedom House បានរកឃើញថា ប្រព័ន្ធអ៊ីនថឹណិតនៅប្រទេសចំនួន ១៥ ដែលសុទ្ធតែជាប្រទេសអភិវឌ្ឍន៍ មានសេរីភាពល្អ ខណៈដែលប្រទេសចំនួន ១៩ ការប្រើប្រាស់ប្រព័ន្ធអ៊ីនថឹណិតមានសេរីភាពដោយអន្លើ ហើយប្រទេសចំនួន ២៥ទៀត ពុំមានសេរីភាពនៃប្រព័ន្ធអ៊ីនថឹណិតទាល់តែសោះ។
សម្រាប់ប្រទេសកម្ពុជា របាយការណ៍អង្គការនេះ បានផ្ដល់ពិន្ទុចំនួន ៥២ ដែលមានន័យថា កម្រិតសេរីភាពនៃប្រព័ន្ធអ៊ីនថឹណិតនៅក្នុងប្រទេសនេះ ស្ថិតនៅក្នុងចំណោមប្រទេសមានសេរីភាពដោយអន្លើ ក្នុងនោះមានប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ប៉ុន្តែ ល្អប្រសើរជាងប្រទេសថៃ វៀតណាម ភូមា និងចិន ដែលត្រូវបានរកឃើញថា ស្ថិតក្នុងចំណោមប្រទេសជាច្រើនផ្សេងទៀតនៅតំបន់អាស៊ី ដែលលំហូរប្រព័ន្ធអ៊ីនថឹណិតពុំមានសេរីភាពទាល់តែសោះ។
អ្នកនាំពាក្យក្រសួងប្រៃសនីយ និងទូរគមនាគមន៍ លោក អ៊ឹម វត្ថា បានច្រានចោលរបាយការណ៍របស់ Freedom House ដោយថា ការវាយតម្លៃនេះ ពុំបានពិនិត្យមើលភាពជាក់ស្តែងរបស់កម្ពុជានោះទេ។ លោកអះអាងថា សេរីភាពនៃការប្រើប្រាស់អ៊ិនថឹណិតនៅកម្ពុជា មានយ៉ាងពេញលេញ ហើយថា រដ្ឋាភិបាលមិនបានហាមឃាត់នោះឡើយ។
លោកថា៖ «យើងអត់មានច្បាប់និយាយពីការគ្រប់គ្រងមាតិកាព័ត៌មានឯណា យើងអត់មានទេ! ក្រសួងប្រៃសនីយ៍ដូចអត់មានទេ តែបើក្រសួងព័ត៌មានខ្ញុំអត់ដឹង អត់ដឹងថា វាយ៉ាងម៉េចទេណា។ ក៏ប៉ុន្តែ វាអត់មាន! អត់មានហាមសោះ។ ឥឡូវយើងមើលអ្នកបញ្ចេញមតិក្នុងបណ្តាញសង្គមអី យើងមិនដែលបិទគេឯណា! មានសេរីភាពគ្រប់គ្រាន់»។
អ្នកស្រាវជ្រាវអំពីច្បាប់សុវត្ថិភាពប្រព័ន្ធអ៊ិនធើណែត កញ្ញា ងួន សុម៉ាលី ទទួលស្គាល់ថា សេរីភាពនៃការប្រើប្រាស់ប្រព័ន្ធអ៊ីនថឹណិតរបស់ប្រជាជនកម្ពុជា ពិតជាមានច្រើន ប៉ុន្តែ កញ្ញាថា ការបញ្ចេញមតិនៅបណ្ដាញអ៊ីនថឹណិត នៅមានកម្រិតនៅឡើយ ខណៈដែលការទទួលបានព័ត៌មានពិតនៅក្នុងប្រទេសកម្ពុជា នៅតែជាបញ្ហានៅឡើយ។
កញ្ញា សុម៉ាលី ប្រាប់ថា៖ «ដូចយើងឃើញជាហូរហែរ ដូចជាការរបិទខេមបូឌា ដេលី អញ្ចឹងទៅ វាអាចថា ជាការគំរាមកំហែងមួយដែរ ពាក់ព័ន្ធនឹងការទទួលបានព័ត៌មានពិតរបស់ប្រជាពលរដ្ឋ។ វាអាចជាការគំរាមកំហែងមួយដែរ នៅពេលដែលពលរដ្ឋគាត់ចាប់ផ្តើមភ័យខ្លាចក្នុងការបញ្ចេញយោបល់របស់គាត់ដោយគ្មានគំនាប»។
សេរីភាពនៃការប្រើប្រាស់អ៊ីនថឹណិតនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេចោទសួរ បន្ទាប់ពីអ្នកនយោបាយបក្សប្រឆាំងពីររូប ក្នុងនោះមានទាំងសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ផងដែរ ត្រូវបានចាប់ខ្លួន និងកាត់ទោស ក្រោយពីប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុករិះគន់រដ្ឋាភិបាលជុំវិញបញ្ហាព្រំដែន ហើយសារសន្ទនាតាមទូរសព្ទឯកជនរបស់ក្រុមតំណាងរាស្ត្របក្សប្រឆាំង ត្រូវបានទម្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ចាប់តាំងពីឆ្នាំ២០១៦មក។ ផ្ទុយទៅវិញ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ដែលគាំទ្ររដ្ឋាភិបាលនោះ បានបង្ហោះសារគំរាមដល់មេដឹកនាំបក្សប្រឆាំង ប៉ុន្តែ មិនត្រូវបានសមត្ថកិច្ចចាត់វិធានការនោះឡើយ។
ទោះជាយ៉ាងណា លោក អ៊ឹម វត្ថា ជឿជាក់ថា វិធានការកន្លងមករបស់រដ្ឋាភិបាល គឺជាអនុវត្តច្បាប់ទៅលើបុគ្គលទាំងឡាយណាដែលបានបញ្ចេញមតិបំពានលើច្បាប់អ្វីមួយ។
លោក វត្ថា បញ្ជាក់ថា៖ «តែការដែលមានការចាត់វិធានការមួយចំនួន អាចសួរទៅកាន់ក្រសួងមហាផ្ទៃ ក៏ដូចជាខាងច្បាប់ ដូចជាក្រសួងយុត្ថិធម៌ ព្រោះការចាត់វិធានការនោះ គឺជាវិធានការដែលអ្នកបញ្ចេញមតិទាំងឡាយណាដែលប៉ះពាល់ទៅនឹងច្បាប់អីមួយ»។
ផ្អែកតាមរបាយការណ៍ Freedom House ដដែល សេរីភាពនៃប្រព័ន្ធអ៊ីនថឹណិតនៅកម្ពុជាក្នុងឆ្នាំ២០១៧នេះ ស្ថិតនៅកម្រិតដដែល មិនខុសពីឆ្នាំ២០១៦នោះឡើយ ខណៈដែលប្រទេសអេស្តូនី អ៊ីសឡង់ និងកាណាដា មានចំណាត់ថ្នាក់ល្អបំផុតខាងសេរីភាពប្រព័ន្ធអ៊ីនថឹណិត ហើយប្រទេសអេត្យូពី ស៊ីរី និងចិន ស្ថិតនៅចំណាត់ទាបជាងគេបំផុត៕