​ទូតអាមេរិកប្រាប់​ពលរដ្ឋខ្លួន​​ឲ្យ​ប្រយ័ត្នសុវត្ថិភាព ខណៈតុលាការបើកសវនការរំលាយបក្សប្រឆាំង

(Courtesy of U.S. Embassy)

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានជូនដំណឹងដល់ពលរដ្ឋខ្លួន ដែលកំពុងរស់នៅកម្ពុជា ឲ្យបង្កើនការប្រុងប្រយ័ត្នបញ្ហាសុវត្ថិភាព ខណៈដែល​តុលាការដំណើរ​ការ​សវនាការ​សម្រេចលើបណ្ដឹងរំលាយគណបក្សប្រឆាំង​នៅ​ថ្ងៃ​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ប្ដឹង​ទៅ​តុលាការ​កំពូល ដោយ​ស្នើ​ឲ្យ​រំលាយ​បក្ស​នេះ ហើយ​សវនាការ​សម្រេច​ក្ដី​រំលាយ​បក្ស​នេះ កំពុង​ដំណើរ​នៅ​ព្រឹក​ថ្ងៃ​នេះ។

ខណៈ​ដែល​ស្ថានភាព​នយោបាយ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ភាព​តាន​តឹង​នោះ ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​បង្ហាញ​ក្ដី​បារម្ភ​​នៅ​ក្នុង​សេចក្ដី​ដំណឹង​មួយ​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​ថា ការដាក់កម្លាំងការពារច្រើន ដើម្បីទប់ស្កាត់បាតុកម្ម ឬការតវ៉ា​ទៅនឹងសេចក្ដីសម្រេចរបស់តុលាការកំពូល​លើបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ អាចនឹងធ្វើឲ្យមានការប្រឈមមុខដាក់គ្នា ដែលឈានទៅរកការប្រើហិង្សាជាយថាហេតុ។​

បើតាមសេចក្ដីជូនដំណឹង ស្ថានទូតអាមេរិក ប្រាប់ឲ្យពលរដ្ឋរបស់​ខ្លួន ឲ្យ​ប្រយ័ត្នសុវត្ថិភាពផ្ទាល់ខ្លួន ដោយថា ត្រូវគេចចេញពីកន្លែង ដែលមានការប្រមូលផ្ដុំមនុស្សច្រើន ជាពិសេស តាមដាន​ព័ត៌មានក្នុងស្រុក​អំពីស្ថានការណ៍ ដែលអាចនឹងកើតមានឡើង។

តុលាការ​កំពូល កំពុង​ដំណើរការ​សវនាការ​ក្ដី​រំលាយ​បក្ស​ប្រឆាំង​នៅ​ព្រឹក​ថ្ងៃ​នេះ ខណៈ​ដែល​កម្លាំង​សន្តិសុខ​ចម្រុះ​រាប់​សិប​នាក់ និង​របាំង​ដែកជា​ច្រើន​ផ្ទាំង ត្រូវ​បាន​ដាក់​ពង្រាយ ផ្លូវ​នានា​ភ្ជាប់​ទៅ​ព្រះ​បរម​រាជ​វាំង និង​ហាង​អាជីវកម្ម​នានា​នៅ​ជុំ​វិញ​បរិវេណ​តុលាការ​កំពូល ត្រូវ​បាន​បិទ​៕

សហគមន៍អន្តរជាតិ បានថ្កោលទោសជាបន្តបន្ទាប់ ជុំវិញការឃុំខ្លួនមេបក្សប្រឆាំង និងការប៉ុនប៉ងរំលាយគណបក្សមួយនេះ ដោយ​ពួកគេព្រមានពីហានិភ័យនានា​នៃការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែ ភាគីរដ្ឋាភិបាល ជាញឹកញាប់ ហៅសកម្មភាពទាំងនោះ​ថា ជាការអនុវត្តច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ