អាមេរិ​ក​ចាប់​ផ្តើមពិនិត្យ​លើ​ប្រទេស​ដែលទទួល​ផល​ពី​ប្រព័ន្ធអនុគ្រោះ​ពន្ធ​របស់​ខ្លួន

​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​ ដូណាល់ ​ត្រាំ និង​ចាប់​ផ្តើ​ម​វាយ​តម្លៃ​ឡើង​វិញ ​នូវ​ការ​អនុវត្តរបស់​ប្រទេស​នាំចូល​ទៅ​សហរដ្ឋអាមេរិក​ ដែល​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ដើម្បី​ឲ្យ​ប្រាកដ​ថា​ប្រទេស​ទាំង​នោះ​បាន​បំពេញ​តាម​លក្ខខណ្ឌ​របស់​ខ្លួន។ នេះដោយ​យោ​ងតាមសេចក្តី​ប្រកាស​ព័ត៌មានរបស់​តំណាង​ការិយា​ល័យ​​​ពាណិជ្ជកម្មសហរដ្ឋអាមេរិក។

ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមរិក ឬ GSP គឺជាកម្មវិធីអនុគ្រោះ​ពន្ធពាណិជ្ជកម្ម ដោយ​មិនមាន​ការបង់​ពន្ធសម្រាប់ការនាំចូលទំនិញ ពីប្រទេសកំពុងអភិវឌ្ឍន៍ ​និងប្រទេសក្រីក្រ​ទៅកាន់​សហរដ្ឋ​​អាមេរិក​។ ប្រទេស​កម្ពុជា​បាន​ទទួល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធនេះតាំង​ពី​ឆ្នាំ​១៩៩៧។

​ក្នុង​សេចក្តីប្រកាសព័ត៌មាន​ចេញផ្សាយ​កាលពី​ខែតុលា ដែល​វី​អូ​ឌី​ទើប​ទទួល​បាន​ ឲ្យ​ដឹង​ថា ភ្នាក់​ងារ​តំណាង​​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក នឹងចាប់​ផ្តើម​ចុះ​វាយ​តម្លៃ និង​ពិនិត្យ​ឡើង​វិញទៅ​លើ​ប្រទេសទាំង​អស់​​ ដែល​​ទទួលបាន​ការ​អនុគ្រោះ​ព័ន្ធ ​GSP នេះ ក្នុង​រយៈពេល​៣ឆ្នាំ ដោយ​ចាប់​ផ្តើម​ពី​ប្រទេ​ស​នៅ​តំបន់​អាស៊ី​មុន​គេ។

អ្នក​តំណាង​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក លោក Robert Lighthizer ត្រូវ​បាន​គេ​ដក​ស្រង់​សំដី​ថា ប្រទេស ​ដែល​ទទួល​បាន​អត្ថប្រយោជន៍ពី​អាមេរិក ​ត្រូវ​តែ​បំពេញ​តាម​លក្ខណៈវិនិច្ឆ័យ​ដែល​បង្កើត​ឡើង​ដោយ​សភាអាមេរិក។

លោកថា៖ «តាមរយៈការបង្កើត​ដំណើរការកាន់​តែប្រសើរ​ឡើងដើម្បី​វាយតម្លៃ​លើប្រយោជន៍​របស់​ប្រទេស​ទទួលផល សហរដ្ឋអាមេរិកអាចធានាថា​បណ្តា​ប្រទេស​នោះ​មិនដើរ​តាមវិធានដែល​មិន​ទទួល​បាន​​ចំណាប់​អារម្មណ៍​ពាណិជ្ជកម្មអាមេរិក។ ការ​កំណត់​នេះ ជា​ការ​កំណត់តុល្យភាពត្រឹមត្រូវ​សម្រាប់​ប្រព័ន្ធ​មួយ​ដែល​ជួយ​លើក​កម្ពស់កំណែ​ទម្រង់សេដ្ឋកិច្ច​នៅក្នុងបណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​និងសម្រេច​​បាននូវយុទ្ធិការ​ស្មើគ្នា​សម្រាប់​អាជីវកម្មអាមេរិក»​។

អគ្គលេខាធិការ​រង​សមាគមរោងចក្រ​កាត់​ដេរ​ហៅ​កាត់​ថា GMAC លោក កាំ​ង ម៉ូលីកា មាន​ប្រសាសន៍​ថា វា​គឺ​ជា​ការ​វិវឌ្ឍន៍​ទៅ​លើ​ការ​រំពឹង​របស់ ​GMAC ​លើផលិត​ផល​ស្បែក​ជើង ដែល​សមាគម​បាន​ដាក់​ស្នើ​កាលពី​ពេល​ថ្មី​ៗ​នេះ។ លោក ​រំពឹង​ថា​ សហ​រដ្ឋ​អាមេរិ​ក​នឹង​នៅ​តែ​បន្ត​អនុគ្រោះ​ពន្ធ​ GSP សម្រាប់​កម្ពុជា​បន្ត​ទៀត។

លោក​ថា៖ «ការពិត​ទៅ ​វា​ជា​ឆន្ទៈ​ទាំងស្រុង​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក តែ​យ៉ាង​ណា​ក៏​ដោយ​បើ​យើងពិនិត្យ​មើល​ទៅ​លើ ចំណុចសំខាន់​ ដែល​អាច​យក​មក​ធ្វើ​ជា​លក្ខណៈវិនិច្ឆ័យក្នុង​ការ​ផ្តល់​ឲ្យ GSP នោះ​គឺ​ការ​គោរព​លក្ខខណ្ឌការ​ងារ​ និង​សិទ្ធិការងារ។ ហើយ​កន្លង​មក​ កម្ពុជា​យើងអនុវត្ត​បាន​ល្អ​នៅ​ក្នុង​ផ្នែកនេះ។ វា​ជា​ចំណុច​វិជ្ជមាន​មួយ​ ដែលគួរពិចារណា​របស់​រដ្ឋាភិបាលសហរដ្ឋ​អាមេរិក»។

បើ​តាម​សេចក្តី​ប្រកាសនោះ ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ ទទួល​បាននូវ​ការ​អនុគ្រោះ​ពន្ធ​GSP ប្រទេស​ទទួលផល​ប្រយោជន៍​នេះ​ត្រូវតែមានលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបាន ១៥ ដែល​បានបង្កើតឡើងដោយសភា រួមទាំង​ការ​គោរពសេចក្តីបង្គាប់អាជ្ញាកណ្តាល​ ឬសាជីវកម្ម​​អាមេរិក ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពលកម្ម​កុមារ ​ការគោរពសិទិ្ធកម្មករដែលត្រូវបាន​ទទួល​ស្គាល់​ជាអន្តរជាតិ​ ​ការ​ការ​ពារ​កម្មសិទ្ធិ​បញ្ញា និងផ្តល់ត្រលប់​មក​សហរដ្ឋអាមេរិកនូវ​លទ្ធភាព​ទទួល​បានពី​​ទីផ្សារ​សម​ធម៌​ និង​សមហេតុផល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ